(សៀមរាប)៖ ផ្ទះមនុស្សធម៌ទី៧៦ ដែលជាអំណោយរបស់លោក ឃឹម ប៉ូសាយ និងលោកស្រី ម៉ម វាសនា ដែលបានផ្តល់តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានប្រគល់ជូនដល់គ្រួសារលោកតា ក្រូច រឿន អាយុ ៧១ឆ្នាំ មានប្រពន្ធឈ្មោះ ឆន យ៉ាន អាយុ ៦៣ឆ្នាំ រស់នៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង។ ការប្រគល់ផ្ទះត្រូវបានធ្វើឡើងក្នុងវត្តមានរបស់លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី ព្រមទាំងវត្តមានពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ផងដែរ។

នាឱកាសនោះលោកស្រី ទាង អេង ទៀសីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»

លោកស្រី ក៏បានលើកទឹកចិត្តដល់បងប្អូនឲ្យបន្តការដាំដំណាំរួមផ្សំ នៅជិតៗផ្ទះ ដើមី្បទ្រទ្រង់ជីវភាពគ្រួសារ ហើយសូមបងប្អូនទាំងអស់គ្នា បន្តការប្រុងប្រយ័ត្ននារដូវក្តៅចូលមកដល់នេះ និងត្រូវចេះថែរក្សាសុខភាព ពិសេសកូនចៅតូចៗ បើឃើញថាកូនចៅមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។ ពិសេសសូមមានការប្រុងប្រយ័ត្នខ្ពស់ អំពីករណីជំងឺកូវីដ-១៩ ហើយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវចេះធ្វើអនាម័យឲ្យបានជាប្រចាំ ដោយលាងដៃជាមួយទឹកសាប៊ូ អាល់កុល ឬ ជែល និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ។

«យើងគ្រប់រូបក៏ត្រូវតែធ្វើការសម្របខ្លួន ខិតខំរៀនរស់នៅធម្មតា តាមគន្លងបែបថ្មី នៅតាមសហគមន៍ និងគ្រួសារទាំងអស់ផងដែរ»។ លោកស្រគូសបញ្ជាក់។

ម្យ៉ាងវិញទៀត លោកស្រីសំណូមពរថា សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ ហើយធ្វើការអប់រំកូនចៅ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវយកចិត្តទុកដាក់ខ្ពស់អំពីសុខភាពរបស់កុមារតូចៗ គឺត្រូវធ្វើអនាម័យនៅជុំវិញលំនៅដ្ឋាន បំបាត់ទីជម្រក់មូស។

សម្រាប់អំណោយមនុស្សធម៌បន្ថែមសម្រាប់គ្រួសារទទួលបានផ្ទះ មាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល២ អង្ករ៦០គីឡូក្រាម មី១កេស ត្រីខ១យួរ អាវយឺត៤ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា ៤សែនរៀល។ ក្នុងនោះ សមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប បានឧបត្ថម្ភផ្ទាំងសូឡា និងអំពូល១ឈុត និងថវិកា៤សែនរៀលបន្ថែមទៀត។

ជាមួយគ្នានេះដែរ សម្រាប់លោកតា លោកយាយ ចូលរួមក្នុងពិធីនោះចំនួន ២០នាក់ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ១០គីឡូក្រាម មី១កេស ត្រីខ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ និងថវិកា ៤ម៉ឺនរៀល។

សូមបញ្ជាក់ថា ផ្ទះមនុស្សធម៌នេះមានទំហំ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ មាន ២បន្ទប់ ដំបូលប្រក់ស័ង្គសីភ្លីក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី ០,៤មែត្រ។ ហើយជាសមិទ្ធផលថ្មីទី៤ សម្រាប់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងអាណត្តិទី៥ និងជាផ្ទះមនុស្សធម៌ទី៧៦ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងរយៈពេលកន្លងមក៕