(សៀមរាប)៖ Barcamp នឹងរៀបចំវេទិកាបើកទូលាយដំបូងរបស់ខ្លួន ក្នុងចំណោមវេទិកាចំនួនបួន ទាក់ទងនឹងចំណេះដឹង បច្ចេកវិទ្យានៅក្នុងឆ្នាំនេះ នៅថ្ងៃទី២៧ និង២៨ ខែកុម្ភៈ នៅសាកល​វិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប ។

វេទិកាស្តីពី «ការចែករំលែកចំណេះដឹងជុំវិញបច្ចេកវិទ្យា ទេសចរណ៍ និងបដិសណ្ឋារកិច្ច» នេះ នឹងផ្តោតសំខាន់លើការផ្សារភ្ជាប់បច្ចេកវិទ្យា ទៅនឹងវិស័យបដិសណ្ឋារកិច្ច ដែលត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកចូលរាប់រយនាក់ មកពីបណ្តាក្រុមហ៊ុននានា ក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប។

កម្មវិធី Barcamp ចាប់ផ្តើមដំណើរការលើកដំបូងក្នុងឆ្នាំ ២០០៨ ។ កម្មវិធីនេះត្រូវបានរៀបចំ ធ្វើឡើងចំនួន២៧លើក ទូទាំងប្រទេសកម្ពុជា ដោយក្រុមសហគមន៍ អ្នកស្ម័គ្រចិត្តដែលចូលចិត្ត ចែករំលែកចំណេះដឹង និងសិក្សាស្វែងយល់អំពីបច្ចេកវិទ្យា និងសហគ្រិនភាព។

 ក្រុមហ៊ុនអ៊ីហ្ស៊ីខម ក៏បានឧបត្ថម្ភក្នុងកម្មវិធី Barcamp ។ ក្រុមហ៊ុនមានជំនឿថា ព្រឹត្តិការណ៍នៅក្នុងខែនេះ នឹងបង្កើតឱកាសឲ្យសិស្សនិស្សិត និងយុវជនក្នុង ខេត្តសៀមរាប បានមកជួបជុំគ្នា ដើម្បីបង្កើន​ចំណេះដឹង និងជំនាញ ដែលជាកត្តាចាំបាច់មួយ សម្រាប់ការអភិវឌ្ឍន៍ នៅក្នុងប្រទេសកម្ពុជា។

ដោយជាផ្នែកមួយ នៃការចូលរួមជាបន្តបន្ទាប់ របស់ក្រុមហ៊ុនអ៊ីហ្ស៊ីខម នៅក្នុងសហគមន៍កម្ពុជា ក្រុមហ៊ុនមានមោទនភាព​ដែលបានឧបត្ថម្ភ Gold Sponsor សម្រាប់រៀបចំព្រឹត្តិការណ៍ Barcamp ​ ចំនួន​បួននៅក្នុងឆ្នាំនេះ៕