(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម និងជាអនុប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះទៅកាន់ភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាទីដែលនាវាមួយគ្រឿងលិចនៅក្នុងទន្លេកាលពីសម័យសង្គ្រាម ដោយមានផ្ទុកនូវយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រេីន។

រហូតមកដល់ពេលនេះ ក្រុមការងារជំនាញបានប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៧តោន គ្រោងឆ្អឹងមនុស្សចំនួន២ចំណែក កាំភ្លើង មួកទាហាន ស្លាកឈ្មោះ របស់របរមួយចំនួនទៀតជាដើម។

លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹកនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានបញ្ជាក់ថា គ្រាប់យុទ្ធភណ្ឌដែលបានរុករកឃើញនេះ គឺនៅនាវាម៉ារីនមួយគ្រឿងដែលបានលិចក្នុង បាតទន្លេមេគង្គ មានជម្រៅទឹកពី២៥ ទៅ៣០ម៉ែត្រ កាលពីសម័យសង្គ្រាមស៊ីវិលនោះ រួមមាន៖ ប្រភេទគ្រាប់កាំភ្លើងត្បាល់៦០មីលីម៉ែត្រ ៨១ មីលីម៉ែត្រ និងគ្រាប់កាំភ្លើងយន្ត ១២,៧មីលីម៉ែត្រ របស់អាមេរិក។

លោកឧត្តមសេនីយ៍ទោ ម៉ី សុភា បានឱ្យដឹងថា គ្រាប់យុទ្ធភណ្ឌ និងគ្រោងឆ្អឹងនោះ គឺត្រូវបានអ្នកជំនាញសិក្សាថាសល់តាំងពីសម័យស៊ីវិលនៅកម្ពុជាក្នុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ រវាងកងទ័ពសេនាប្រមុខលន់នល់ ជាមួយនឹងកងទ័ពរំដោះកម្ពុជាប្រជាធិបតេយ្យ។

លោកឧត្តមសេនីយ៍ទោ ម៉ី សុភា បានគូសបញ្ជាក់ថា ប្រតិបត្តិការរុករក និងប្រមូលគ្រឿងយុទ្ធភណ្ឌ ក្នុងបាតទន្លេមេគង្គ ក្នុងទំហំ ១៥០០ម៉ែត្រ ស្មើនឹង ១៥០ហិកតា គឺត្រូវបានអនុវត្តឡើងតាំងពីចុងខែតុលា ឆ្នាំ២០២០ និងបន្តរុករកទៀត រហូតដល់ខែឧសភា ឆ្នាំ២០២១ ដែលមានរយៈពេល៤ខែមកហើយ។

ពាក់ព័ន្ធនឹងប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចេញពីនាវាចម្បាំងដែលបានលិចកប់ក្នុងទន្លេនេះដែរ លោកឧត្តមសេនីយ៍ទោ ម៉ី សុភា បានលើកឡើងពីបញ្ហា និងឧបសគ្គមួយចំនួន ដែលតម្រូវឱ្យក្រុមការងារជំនាញសិក្សាបន្ថែមព្រោះថា មានគល់ឈើ គល់ឬស្សី ព្រមទាំងសំណល់ឧបករណ៍នេសាទចាស់ៗជាច្រើន បានដាច់ហើយមកតោងជាប់នឹងនាវា ដែលចំណុចនេះទាមទារឱ្យក្រុមជំនាញធ្វើការប្រមូលចេញ និងជាមូលហេតុធ្វើឱ្យមានការលំបាកលក្នុងការប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាក់សំណល់សង្គ្រាមចេញពីនាវាចម្បាំងជាដើម។

មេបញ្ជាការរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មិនត្រឹមតែគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង៦តោន ដែលស្ថិតនៅក្នុងចំណោមគ្រាប់យុទ្ធភណ្ឌជាច្រើននោះទេ គឺកម្លាំងជំនាញរបស់លោកបានប្រមូលវត្ថុតាងជាច្រើនរួមមាន៖ មួកដែក កាំបិតកងទ័ព ស្លាកឈ្មោះរបស់ទាហាន លន់ ណុល ជាដើម»

លោកឧត្តមសេនីយ៍ទោ ម៉ី សុភា បានឱ្យដឹងថា ចំពោះគ្រឿងយុទ្ធភណ្ឌ និងគ្រោងឆ្អឹងមនុស្ស ត្រូវបានអាជ្ញាធរមីនយកទៅរក្សាទុកនៅក្នុងឃ្លាំងសុវត្ថិភាព ដែលស្ថិតនៅក្បែរកន្លែងប្រតិបត្តិរុករកក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីរង់ចាំការសម្រេចរបស់រាជរដ្ឋា ភិបាលឱ្យកម្ទេចគ្រាប់យុទ្ធភណ្ឌទាំងអស់នេះ។

ពាក់ព័ន្ធនឹងការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ តែងដឹកនាំកម្លាំងជំនាញចុះត្រួតពិនិត្យដល់ទីតាំងដោយផ្ទាល់ និងបានលើកទឹកចិត្តដល់ក្រុមការងារជំនាញបន្តកិច្ចខិតខំប្រឹងលើការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមផ្ទៃទឹកនេះ ឱ្យកាន់តែឆាប់រហ័សទៅតាមផែនការដែលបានកំណត់។

សូមបញ្ជាក់ថា នាវាមួយគ្រឿង ដែលផ្ទុកដោយយុទ្ធភណ្ឌរាប់រយតោន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ចូលរួមជាមួយក្រុមស៊ីមាក់ ប្រទះឃើញកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីមុជទឹកពិនិត្យទីតាំងបូមខ្សាច់ ដែលបូមបានគ្រាប់ចំនួន០៣ ប្រភេទ មានដូចជាគ្រាប់ AK57 ចំនួន៣គីឡូ, គ្រាប់៦០មីលីម៉ែត្រចំនួន ១៦គ្រាប់ និងគ្រាប់៨០មីលីម៉ែត្រ ចំនួន១គ្រាប់ នៅចំណុចបូមខ្សាច់ ក្នុងទន្លេមេគង្គ ក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ។ ដេីម្បីដោះស្រាយករណីនេះ រាជរដ្ឋាភិបាល បានបង្កេីតក្រុមការងារអន្តរក្រសួងមួយ ដឹកនាំដោយ នាយឧត្តមសេនីយ៍ នាង ផាត ដេីម្បីពិនិត្យ និងដោះស្រាយបញ្ហានេះ។