(បន្ទាយមានជ័យ)៖ ករណីជនសង្ស័យ២នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានធ្វើសកម្មភាពទៅភ្ជង់ប្លន់ យកថង់ដាក់គ្រឿងអលង្ការ និងលុយរបស់ស្រ្តីអាជីវករលក់មាស នៅផ្សារយួនក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ក្រោយការសួរនាំ ជនរងគ្រោះបានប្រាប់ថា បាត់បង់គ្រឿងអលង្ការមួយចំនួន និងលុយដុល្លារ លុយខ្មែរ លុយបាត សរុបជាង៦ពាន់ដុល្លារ ។

មន្រ្តីនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ Fresh News ថា ករណីនេះបានកើតឡើងនៅមុខផ្ទះជនរងគ្រោះមានឈ្មោះ សយ សុផាន់ណា ភេទស្រី អាយុ៤៥ឆ្នាំ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា មុនពេលកើតហេតុ ជនរងគ្រោះ២នាក់ម្តាយ និងកូនស្រីអាយុ១១ឆ្នាំ បានជិះម៉ូតូចេញពីផ្ទះ ទៅលក់ដូរនៅផ្សារយួន ស្រាប់តែចេញពីផ្ទះប្រមាណ៥០ម៉ែត្រ ក៏លេខមុខជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកសេ១២៥មួយគ្រឿង ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម មកភ្ជង់ហើយគំរាមបាញ់សម្លាប់ចោល ពេលនោះស្រ្តីរងគ្រោះបានបើកកែបម៉ូតូ យកថង់ដាក់គ្រឿងអលង្ការ និងលុយទៅឲ្យក្រុមចោរ មុនពេលពួកគេបើកម៉ូតូ គេចខ្លួនដោយសុវត្ថិភាព។

បើតាមការបញ្ជាក់ពីសមត្ថកិច្ច ជនរងគ្រោះបានបាត់
-ជញ្ជៀន ប្រហែល៨០វង់
-ខ្សែករ៨០ខ្សែ
-ខ្សែដៃ៤០ ខ្សែ
-ប្រាក់ ២,០០០,០០០រៀល
-ប្រាក់បាត ១០០,០០០ បាត
-ប្រាក់ដុល្លារ ៣,០០០។

យ៉ាងណាក៏ដោយ ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ បានចុះទៅដល់ចំណុចកើតហេតុ ជួយសួរនាំ ដើម្បីតាមស្រាវជ្រាវបង្ក្រាបក្រុមចោរទាំងនេះ៕