(ភ្នំពេញ)៖ លោក សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូនាយករដ្ឋមន្រ្ដី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍ជនបទ (CDC) បានលើកឡើងថា កម្ពុជាប្រឈមនឹងការស្រកស្រុតវិនិយោគនៅឆ្នាំ២០២១នេះ ហើយអាចនឹងសាយភាយដល់ឆ្នាំបន្តបន្ទាប់ទៀត។

ការស្រកស្រុតវិនិយោគក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដោយសារតែជួបបញ្ហាវិបត្តិកូវីដ១៩ គ្មានអ្នកវិនិយោគណាមកសិក្សា ពីការវិនិយោគនោះឡើយ មានន័យថា ជាធម្មតាមុននឹងសម្រេចចិត្តវិនិយោគលើអ្វីមួយ វិនិយោគិនតែងតែមកសិក្សាសា្រវជ្រាវរយៈពេល២-៣ឆ្នាំជាមុន។

ការលើកឡើងបែបនេះ របស់លោក សុខ ចិន្ដាសោភា ធ្វើឡើងក្នុងកិច្ចសម្ភាសន៍កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News ក្នុងកម្មវិធីស្ដីពី «ច្បាប់វិនិយោគថ្មី និងទាក់ទាញវិនិយោគ ជំរុញស្ដារឡើងវិញ សេដ្ឋកិច្ចកម្ពុជា»

លោក សុខ ចិន្ដាសោភា បានឲ្យដឹងថា «យោងតាមសន្និសីទអង្គការសហប្រជាជាតិស្ដីពី ពាណិជ្ជកម្ម និងការវិនិយោគ ការអភិវឌ្ឍន៍បានផ្សព្វផ្សាយរបាយការណ៍មួយ ពាក់ព័ន្ធនឹងសកម្មភាពវិនិយោគលើសាកលលោក នៅគ្រប់តំបន់ និងគ្រប់ប្រទេសថា លើសាកលលោកជាមធ្យម ការវិនិយោគថយចុះ៤២ភាគរយ ចំណែកឯតំបន់ក្នុងអាស៊ានធ្លាក់ចុះ៣១ភាគរយ។ ចំណែកឯការវិនិយោគនៅកម្ពុជា ថយចុះតែ១២ភាគរយប៉ុណ្ណោះ»

លោក សុខ ចិន្ដាសោភា បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ ការវិនិយោគស្រកស្រុតតែ១២ភាគរយ ដោយសារតែមានការសិក្សាពីវិនិយោគិនតាំងពីឆ្នាំ២០១៧, ២០១៨ និង២០១៩ ដើម្បីសិក្សាសា្រវជ្រាវ និងសម្រេចវិនិយោគក្នុងឆ្នាំ២០២០។

លោកបានបន្ថែមថា ប៉ុន្ដែសម្រាប់ឆ្នាំ២០២០នេះ គ្មានវិនិយោគិនណា មកសិក្សាស្រាវជ្រាវវាយតម្លៃ ដើម្បីវិនិយោគក្នុងឆ្នាំ២០២១ឡើយ ដោយសារតែវិបត្តិកូវីដ១៩ មានន័យថា បើមានវិនិយោគិន មកវិនិយោគនៅកម្ពុជាមុននឹងចូលមកត្រូវ៖

* ត្រូវពិនិត្យសុខភាពពីប្រទេសខ្លួនជាមុនសិន។
* ចូលមកដល់កម្ពុជា ត្រូវធ្វើចត្តាស័ករយៈពេល១៤ថ្ងៃ មុននឹងចេញទៅបំពេញការងាររបស់ខ្លួន។
* បន្ទាប់ពីបញ្ចប់ការងារនៅកម្ពុជា ត្រូវត្រឡប់ទៅប្រទេសខ្លួនវិញ ក៏ត្រូវធ្វើចត្តាស័ក១៤ថ្ងៃដូចគ្នា។ កត្តាទាំងនេះដែលធ្វើឲ្យវិនិយោគិនមិនមកវិនិយោគ។

លោកបានបន្ថែមថា «ចំពោះខ្ញុំ ការវិនិយោគឆ្នាំ២០២០ អត់មានស្រកស្រុត នៃការវិនិយោគនោះឡើយ ព្រោះជារឿងដែលគេសម្រេចពីមុន ប៉ុន្ដែវិនិយោគក្នុងឆ្នាំ២០២១-២០២៣ ជាលទ្ធនៃការសិក្សារបស់អ្នកវិនិយោគ ដែលបានសិក្សាក្នុងឆ្នាំ២០២០ ទើបអាចមានការវិនិយោគក្នុងឆ្នាំ២០២១ ប៉ុន្ដែបើឆ្នាំ២០២០កន្លងទៅមិនមានវិនិយោគិនណា មកសិក្សាវិនិយោគផង ដូច្នេះឆ្នាំ២០២១នេះ នឹងស្រកស្រុតនៃការវិនិយោគ»

លោកបានបញ្ជាក់ថា ដោយសារតែបែបនេះធ្វើឲ្យ CDC កាន់តែខិតខំប្រឹងប្រឹងថែមទៀត ដើម្បីទាក់ទាញវិនិយោគគិន។ ជាក់ស្ដែង CDC បានទាក់ទងអគ្គរដ្ឋទូតមួយចំនួនដូចជា អគ្គរដ្ឋទូតចិន, កូរ៉េ ឥណ្ឌា សង្ហបុរី និងជប៉ុនជាដើម ដើម្បីពិភាក្សាពីការវិនិយោគនានា ហើយគ្រោងនឹងជួបទំនាក់ទំនងជាមួយអគ្គរដ្ឋទូតប្រទេសផ្សេងៗទៀតផងដែរ។

សូមជម្រាបថា ក្នុងឆ្នាំ២០២០ កម្ពុជាទទួលបានគម្រោងវិនិយោគ សរុបចំនួន២៣៨គម្រោង សរុបទុនវិនិយោគចំនួន ជាង ៨,២៥០លានដុល្លារ ធ្លាក់ចុះ១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលមាន៣១៥គម្រោង ទុនវិនិយោគ ៩,៣៩៧លានដុល្លារ៕