(ព្រះវិហារ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខា ស្រុកជ័យសែន និងស្រុករវៀង ក្រុមការងារកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ ប្រចាំអនុសាខាកាកបាទក្រហមកម្ពុជាស្រុកទាំង២។

ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោក ពឹង ទ្រីដា អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក យ៉ុង គឹមហ៊ាន នាយកប្រតិបត្តិសាខា និងមន្ត្រីជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះដែរលោក ពឹង ទ្រីដា បានផ្តាំផ្ញើសាកសួរពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ប្រាក់ សុវណ្ណ ចំពោះសមាជិកគ្រប់ៗរូប។ លោកក៏បានកោតសរសើរលើកទឹកចិត្ត ចំពោះមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ដែលជានិច្ចកាលបានលះបង់ធនធាន លះបង់ពេលវេលាដ៏មានតម្លៃមកចូលរួមក្នុងសកម្មភាពមនុស្សធម៌ ក៏ដូចជាការងារសង្គមផ្សេងៗទៀត។

ក្នុងនាមលោក ប្រាក់ សុវណ្ណ, លោក ពឹង ទ្រីដា បានថ្លែងផ្តាំផ្ញើដល់សមាជិកសមាជិកា អនុសាខាទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តគោលការណ៍គ្រឹះមួយចំនួន៖

*បន្តរក្សាសាមគ្គីផ្ទៃក្នុងឲ្យបានកាន់តែជិតស្នទ្ធ និងសុខដុមរមណីកម្ម។
*បន្តពង្រឹងសមត្ថភាពមន្ត្រីអនុសាខា។
*បន្តពង្រឹងកិត្តិនាមរបស់កាកបាទក្រហមកម្ពុជា បំពេញ ការងារតាមគោលការណ៍ទាំង៧ របស់ចលនា ធ្វើសកម្មភាពដូចភ្លៀងរលឹម។
*បន្តពង្រឹង ពង្រីកកម្លាំងយុវជន អ្នកស្ម័គ្រចិត្តកាកបាទ ក្រហមកម្ពុជា ឲ្យនៅតែជាបណ្តាញដ៏រឹងមាំ និងជាកម្លាំងចលករនៃសេវាកម្មមនុស្សធម៌ មាននិរន្តរភាព និងប្រកបដោយប្រសិទ្ធភាព។
*បន្តការគាំទ្រ ពង្រឹង ពង្រីក សមាជិកភាព និងកៀរគរសប្បុរសជន។
*បន្តលើកកម្ពស់ចងក្រងឯកសារ ថែទាំសមិទ្ធផលរបស់កាកបាទ ក្រហមកម្ពុជា ដែលផ្តល់ជូនសហគមន៍។
*បន្តពង្រឹង និងលើកកម្ពស់របបរាយការណ៍ សកម្មភាព និងរបាយ ការណ៍វឌ្ឍនភាពរបស់អនុសាខា និងផ្តល់របាយការណ៍ ឲ្យបានទាន់ពេលមកសាខាអោយបានទាន់វេលា។
បន្ទាប់ពីបានធ្វើការផ្សព្វផ្សាយពីគោលការណ៍គ្រឹះរបស់កាកបាទក្រហមកម្ពុជា ជូនដល់សមាជិក សមាជិកា គណៈកិត្តិយស គណៈកម្មាធិការអនុសាខា ក្រុមយុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាប្រចាំភូមិរួចមក ក្រុមការងារបានប្រគល់លិខិតតែងតាំង និងបានថតរូបរួមគ្នាដោយភាពស្និតស្នាលទុកជាអនុស្សាវរីយ៍ផងដែរ៕