(កំពង់ឆ្នាំង)៖ ដោយមានការលេចឮ និងល្បីតៗគ្នាថា ទេវរូបមួយព្រះអង្គ ដែលផុសចេញពីដី ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ក៏យកមកតម្កល់ទុកនៅក្នុងវត្តប្រាសាទ ស្ថិតក្នុងភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទើប នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញ អង្គភាពព័ត៌មាន Fresh News បានចុះទៅដល់វត្តខាងលើនេះ និងបានជួបជាមួយលោកតាម្នាក់ឈ្មោះ ណឺប កុក អាយុ ៨៣ឆ្នាំ ដែលលោកតាជាអ្នកថែរក្សាទេវរូបនៅក្នុងវត្តខាងលើ។

លោកតាបានរៀបរាប់ប្រាប់ឲ្យដឹងថា ទេវរូបភេទស្រី១អង្គនេះ មានអាយុរាប់ពាន់ឆ្នាំ ហើយបានផុសពីក្នុងដី ត្រូវបានប្រជាពលរដ្ឋភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ប្រទះឃើញ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧កន្លងមក។ បច្ចុប្បន្ននេះគណៈកម្មាធិការវត្ត និងប្រជាពលរដ្ឋ បានរៀបចំកន្លែងទុកដាក់យ៉ាងប្រយ័ត្នប្រយែងជាទីបំផុត ដោយធ្វើពីបេតុងផ្សារដែក៣ជាន់ហ៊ុមព័ទ្ធជុំវិញយ៉ាងរឹងមាំ តម្កល់ទុកក្នុងវត្តប្រាសាទ ស្ថិតក្នុងភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីទុកគោរពបូជាទៅតាមជំនឿ ដោយសារតែទេវរូបមួយព្រះអង្គនេះ ពូកែសក្តិសិទ្ធិ ហើយរាល់ថ្ងៃក៏មានប្រជាពលរដ្ឋមកពីទីជិតឆ្ងាយ ទៅបន់ស្រន់មិនដែលដាច់នោះឡើយ។

លោកតាបានឲ្យដឹងទៀតថា ទេវរូប១ព្រះអង្គនេះ ត្រូវបានគណៈកម្មាធិការ និងពុទ្ធបរិស័ទចំណុះជើងវត្តប្រាសាទ បាននាំគ្នាធ្វើអាសនៈថ្មយ៉ាងរឹងមាំ ដោយបានផ្សារដែកវ៉េ ៣ជាន់ព័ទ្ឋជុំវិញតាំងពីលើដំបូល និងក្រោមដី ដើម្បីការពារកុំឲ្យចោរលួចបាន។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ និងគណៈកម្មការវត្ត បានធ្វើទុយោបង្ហូរទឹកពីលើតួអង្គទេវរូប នៅពេលចាក់ទឹកទៅ ទឹកនោះបានស្រោចស្រពលើប្រកេស និងរាងកាយរបស់ព្រះអង្គ បន្ទាប់ពីទឹកនោះបានហូរចេញមកក្រៅវិញតាមទុយោ ប្រជាពលរដ្ឋបាននាំគ្នាត្រងយកទឹកមន្តដ៏សក្កិសិទ្ធិនោះ ទៅប្រើប្រាស់តាមជំនឿរៀងៗខ្លួន។

លោកតាបានបញ្ជាក់ទៀតថា ដោយបានកំណត់ចំណាំឃើញថា ទេរូបស្រីអង្គនេះពិតជាមានឬទ្ធិបារមីពូកែសក្តិសិទ្ធិមែននោះ រាល់ថ្ងៃមានប្រជាពលរដ្ឋមកពីទីជិតឆ្ងាយដែលបានដឹងរឿងនេះ ក៏បាននាំគ្នាមកអុជធូបបន់ស្រន់សុំសេចក្តីសុខ និងសេចក្តីចម្រើនតាមការប៉ងប្រាថ្នាផ្សេងៗ ដែលភាគច្រើនតែងបានជោគជ័យដូចបំណង ហើយក៏បានយកដង្វាយមកថ្វាយលាមាត់លាក ស្ទើរតែរៀងរាល់ថ្ងៃ។ លោកតាក៏សូមអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋដែលមានទុក្ខភ័យ ហើយមានជំនឿលើព្រះអង្គ អាចអញ្ជើញមកបន់ស្រន់ ទៅតាមការប្រាថ្នារបស់ប្រជាពុទ្ធបរិស័ទ សាកល្បងមើលក្រែងទទួលបានសក្កិសិទ្ធិ ដូចអ្វីដែលប្រជាពុទ្ធបរិស័ទប៉ងប្រាថ្នា ដូចពាក្យចាស់មួយឃ្លាលោកបានពោលថា «អាគំផ្សំអាយ៉ូស»

ដោយឡែកលោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង កន្លងមកធ្លាប់បាននិយាយឲ្យក្រុមអ្នកយកព័ត៌មានដឹងថា ទេវរូបស្រីអង្គនេះមានទម្ងន់ ជាង៤០គីឡូក្រាម កសាងពីថ្មភក់ក្នុងសតវត្សទី១១តាមរចនាបថបាពួន ត្រូវបានកុមារី២នាក់ ម្នាក់ឈ្មោះ យ៉ាន់ វ៉ាន់ និងឈ្មោះ សល់ ចិន្តា ទៅឃ្វាលគោក្រោយភូមិ ហើយបានប្រទះឃើញកាលពីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ ក្រោយពេលមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងរួចមក។ លោកបន្តថា បន្ទាប់មកប្រជាពលរដ្ឋក៏បាននាំគ្នាទៅធ្វើកិច្ចនិមន្តដង្ហែរយកទេវរូបអង្គនេះ មកតម្កល់ទុកគោរពបូជានៅក្នុងវត្តប្រាសាទនេះរហូតមក។

កាលណោះលោក សុខ ធួក បានបញ្ជាក់ទៀតថា មន្ទីរវប្បធម៌ខេត្ត ក៏ធ្លាប់បានស្នើសុំយកទេវរូបបុរាណដែលមានតម្លៃមហាសាល មិនអាចកាត់ថ្លៃបានជាសម្បត្តិវប្បធម៌របស់ជាតិមួយនេះ មករក្សាទុកក្នុងសារមន្ទីរជាតិផងដែរ ប៉ុន្តែប្រជាពលរដ្ឋមិនព្រមប្រគល់ឲ្យតាមការស្នើសុំឡើយ។ កាលណោះដែរ ដោយពិនិត្យឃើញប្រជាពលរដ្ឋមានជំនឿស៊ុបទៅលើទេវរូបមួយអង្គនេះ ដូចនេះទើបថ្នាក់លើសម្រេចទុកឲ្យប្រជាពលរដ្ឋរក្សាទុកទេវរូបនេះ នៅក្នុងវត្តប្រាសាទមួយរយៈសិន។ ប៉ុន្តែគណៈកម្មការ និងប្រជាពលរដ្ឋក៏បានចុះកិច្ចសន្យាធានាគ្រប់គ្រងថែរក្សាការពារទេវរូបអង្គនេះ ដោយមិនឲ្យបាត់បង់ជាមួយមន្ទីរវប្បធម៌ខេត្តផងដែរ៕