(ភ្នំពេញ)៖ លោក សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ច្បាប់វិនិយោគថ្មី គឺមានភាពសាមញ្ញ ក្នុងបែបបទរដ្ឋបាល នីតិវិធីរដ្ឋបាល នៃការសុំវិនិយោគ ហើយស្រួលយល់ និងស្រួលអនុវត្ដដល់អ្នកវិនិយោគនៅប្រទេសកម្ពុជា។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក សុខ ចិន្ដាសោភា ចូលរួមក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ «ច្បាប់វិនិយោគថ្មី និងការទាក់ទាញវិនិយោគ ជំរុញស្ដារឡើងវិញសេដ្ឋកិច្ចកម្ពុជា»

ច្បាប់វិនិយោគថ្មីនេះ អាចនឹងដាក់ឲ្យដំណើរការ នៅពាក់កណ្ដាលឆ្នាំ២០២១ ខណៈដែលបច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងមមាញឹកក្នុងការរៀបចំ។

លោក សុខ ចិន្ដាសោភា បានបញ្ជាក់យ៉ាងដូច្នេះថា «ការរៀបចំច្បាប់វិនិយោគថ្មី គឺធ្វើឡើងដើម្បីឲ្យមានភាពទាក់ទាញ [...] បែបបទរដ្ឋបាល នីតិវិធីរដ្ឋបាល នៃការសុំវិនិយោគ ធ្វើឲ្យសាមញ្ញមែនទែនតែម្ដង និងកាត់បន្ថយពេលវេលា ដោយចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហើយ មិនចាំបាច់ទៅពន្ធដារ និងក្រសួងពាណិជ្ជកម្មនោះទេ»

អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ទៀតថា ការរៀបចំច្បាប់វិនិយោគថ្មីនេះ ក្នុងគោលបំណងចង់ឲ្យអ្នកវិនិយោគ មើលឃើញថា ការស្នើសុំវិនិយោគ នៅប្រទេសកម្ពុជា មានការងាយស្រួល។

លោក សុខ ចិន្ដាសោភា បានថ្លែងថា «ច្បាប់វិនិយោគថ្មី និងអនុក្រឹត ដើម្បីអនុវត្ដច្បាប់ថ្មីនេះ ខ្ញុំជឿថា នៅពេលចេញទៅ អ្នកវិនិយោគប្រហែល មិនមានតម្រូវការ ទាក់ទងសួរ ដើម្បីពន្យល់នោះទេ មើលទៅវាច្បាស់តែម្ដង»

លោក សុខ ចិន្ដាសោភា បានលើកឡើងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺជាច្រកចេញចូលតែមួយ ដើម្បីពិនិត្យសម្រេច ទៅលើគម្រោងវិនិយោគ ប៉ុន្ដែការអនុវត្ដជាក់ស្ដែង វាពុំបានជាច្រកចេញចូលតែមួយ ពេញលេញនោះទេ។ ដូច្នេះយើងនឹងធ្វើតាមរយៈច្បាប់ថ្មីនេះ ឲ្យវាពេញលេញ ជៀសវាងកុំឲ្យវាខាតពេល ចាំក្រដាសស្នាមច្រើន។

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា កាលមុនគម្រោង ដែលទទួលការឯកភាព ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវបានរួចពន្ធ លើប្រាក់ចំណេញពី៣ទៅ៩ឆ្នាំ ក្រោយមកបានចាប់ផ្ដើម បង់ពន្ធ២០ភាគរយ ប៉ុន្ដែក្រោយដាក់ឲ្យអនុវត្ដច្បាប់វិនិយោគថ្មី អ្នកវិនិយោគបង់ពន្ធឆ្នាំដំបូង តែ២៥ភាគរយ នៃ២០ភាគរយប៉ុណ្ណោះ។ សម្រាប់ឆ្នាំបន្តបន្ទាប់នឹងត្រូវបង់តាមដំណាក់ៗកាល។

បន្ថែមពីនោះទៀត លោក សុខ ចិន្ដាសោភា បានបន្ដថា ច្បាប់វិនិយោគថ្មី ក៏មានការផ្ដល់ជាការលើកទឹកចិត្ដ ដល់អ្នកវិនិយោគិនណា ដែលចំណាយទៅការបណ្ដុះបណ្ដាល ធនធានមនុស្ស, ការផ្ដល់ជូននូវមធ្យោបាយដឹកជញ្ជូន, ការធ្វើទំនើបបកម្មផលិតកម្ម និងការផ្ដល់នូវសុខុមាភាព តាមរយៈអាហារដ្ឋាន -ល-។ ជាមួយគ្នានេះ ច្បាប់វិនិយោគថ្មីនេះ ក៏នឹងមានការលើកទឹកចិត្ដពិសេស ទៅតាមវិស័យផងដែរ។

លោករដ្ឋមន្ដ្រីបានលើកឡើងទៀតថា សម័យកាលកូវីដ-១៩ បានបង្កើតនូវបញ្ហាមួយធំ សម្រាប់ពិភពលោក នៅក្នុងវិស័យសេដ្ឋកិច្ច គឺភាពមិនប្រាកដប្រជា ភាពមិនច្បាស់លាស់ ដែលជាការព្រួយបារម្ភទៅថ្ងៃខាងមុខ។

ជាមួយគ្នានេះ លោកក៏បានឲ្យដឹងទៀតថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើការខិតខំក្នុងការងារខ្លួន ដោយនៅពេលដែលអ្នកវិនិយោគមកបណ្ដាក់ទុន និងបានឯកភាពរួចរាល់ហើយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ខិតខំផ្ដល់សេវាជូនដល់អ្នកវិនិយោគឲ្យពេញចិត្ដ ដើម្បីឲ្យពួកគេពង្រីកការវិនិយោគឲ្យកាន់តែធំ។

សូមជម្រាបថា ក្នុងឆ្នាំ២០២០ កម្ពុជាទទួលបានគម្រោងវិនិយោគ សរុបចំនួន២៣៨គម្រោង សរុបទុនវិនិយោគចំនួន ជាង៨,២៥០លានដុល្លារ ធ្លាក់ចុះ១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលមាន៣១៥គម្រោង ទុនវិនិយោគ៩,៣៩៧លានដុល្លារ។

ការធ្លាក់ចុះនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ទទួលបន្ទុកការទាក់ទាញវិនិយោគចាត់ទុកថា ស្ថិតក្នុងកម្រិតដ៏ល្អមួយ ខណៈវិបត្តិកូវីដ១៩ បានធ្វើឲ្យការវិនិយោគ នៅលើពិភពលោក ធ្លាក់ចុះរហូតដល់ ៤២ភាគរយ និងតំបន់អាស៊ានធ្លាក់ចុះ ៣១ភាគរយ៕