(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់ខេត្តកែប» នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលមានការចូលរួមជាវាគ្មិនពី តំណាងរបស់ខេត្តកែប ដឹកនាំដោយលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត។

សន្និសីទសារព័ត៌មាននេះ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្ដការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ជាប្រវត្តិសាស្ដ្ររបស់កម្ពុជា និងផ្សព្វផ្សាយពីសមិទ្ធផល ដែលរដ្ឋបាលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងបំពេញការងារសម្រេចបាន ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឃុំ សង្កាត់។

បន្ទាប់ពីបង្ហាញនូវអ្វីដែលជាការរីកចម្រើន និងសម្រេចបានហើយនោះ លោក សំ សារីន ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា បញ្ហាធនធានមនុស្សជាដើម ដែលពុំទាន់ឆ្លើយតបទៅនឹងទំហំការងារ ការផ្តល់សេវា និងការអភិវឌ្ឍន៍។ បញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍នៅតែកើតមាន ការអភិវឌ្ឍន៍នៅមិនទាន់ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

លោកបន្ដថា ទោះបីមានចំណុចខ្វះខាតមួយចំនួន រដ្ឋបាលខេត្តអនុវត្តសម្រេចបានលទ្ធផលគួរជាទីមោទនៈ ដោយរក្សាបានសុខសន្តិភាព ជូនឥស្សរជនជាតិ អន្តរជាតិ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ បង្កើន មុខរបរ សេដ្ឋកិច្ច ជីវភាព កាត់បន្ថយចំណាកស្រុក។

ទំហំសេដ្ឋកិច្ចរបស់ខេត្តកែបសរុបប្រមាណ ២០៥,៥២៦.៨លានរៀល (ពីររយប្រាំពាន់ប្រាំរយម្ភៃប្រាំមួលាន និងប៉ែតសិបម៉ឺនរៀលគត់) គិតជាដុល្លារ ៥០.៧លានដុល្លារ ស្មើនឹង០,២០% នៃសេដ្ឋកិច្ចជាតិសរុប ចំណូលសម្រាប់មនុស្សម្នាក់មានចំនួន ១,២១៧ដុល្លារ និងបានកាត់បន្ថយអត្រាភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅក្នុងខេត្តពី១៦.៤៩% នៅឆ្នាំ២០១២ មកត្រឹម៣.១៨% នៅឆ្នាំ២០២០៕