(តាកែវ)៖ បន្ទាប់ពីមានជម្លោះផ្ទៃ​ក្នុងរវាងលោកប្រធាន និងអនុប្រធានមន្ទីរ រួមនិងមន្រ្តីមន្ទីរ​ការងារ​មួយចំនួន រហូតដល់មាន​ការ​ផ្ដិតមេដៃ​ចំនួន ២៤នាក់ ក្នុងចំណោម​បុគ្គលិក ៣០នាក់របស់មន្ទីរ​ការងារខេត្ត​​តាកែវ ស្នើសុំឲ្យលោក​រដ្ឋមន្រ្តីក្រសួង​ការងារជួយ​អន្តរាគមន៍​ដកហូតតំ​ណែង​លោកប្រធាន​មន្ទីរ ព្រមទាំងមាន​ការប្ដឹងប្ដល់​គ្នាដល់​តុលាការខេត្តតាកែវថែមទៀតនោះ ត្រូវបានដោះ​​ស្រាយបញ្ចប់​ទាំងស្រុងហើយ តាមរយៈការ​សម្របសម្រួល និងដោះស្រាយពី​សំណាក់​លោកអភិបាល​ខេត្តតាកែវ ឡាយ វណ្ណៈ នៅចុងសប្ដាហ៍កន្លងទៅនេះ។

នៅក្នុងការចុះទៅសម្របសម្រួលជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ដែលអូស​បន្លាយអស់រយៈ​ពេលជិតកន្លះឆ្នាំមកនេះ លោកអភិបាល​ខេត្តតាកែវ បានស្នើសុំឲ្យភាគីទាំង​សង​ខាងពិចារណា​​ក្នុងការដកពាក្យ​បណ្ដឹងនៅ​តុលាការ ព្រោះការប្ដឹង​ផ្ដល់គ្នាវាគ្មាន​បានផលប្រយោជន៍ ឬផលចំណេញ​អ្វីនោះទេ ក្រៅតែពីធ្វើឲ្យកិត្តិយសមន្ទីរខ្លួនឯងអាប់មុខអាប់មាត់តែប៉ុណ្ណោះ។ លោកបន្តថា រាល់បញ្ហាកើតឡើងនៅក្នុងមន្ទីរ ទាំងប្រធាន និងអនុប្រធានមន្ទីរទាំងអស់ ត្រូវរួមគ្នាដោះស្រាយ ដើម្បីឲ្យការងារនៅក្នុងមន្ទីរដំណើរការទៅដោយរលូន។

បន្ទាប់ពីមានការសម្របសម្រួលពីលោកអភិបាលខេត្ត ភាគីទាំងពីរ គឺលោក ម៉ឹង វីរីយ៉ា ដែលទើបតែឡើងកាន់តំណែងជាប្រធានមន្ទីរការងារខេត្តតាកែវ មិនទាន់ទាំងបានមួយឆ្នាំស្រួលបួលផងនោះ និងលោកអនុប្រធានមន្ទីរ បានយល់ព្រមសសេរជាលិខិតសុំដកពាក្យបណ្ដឹងពីតុលាការ ដើម្បីបិទបញ្ចប់ជម្លោះដ៏រាំរ៉ៃ។

ក្រោយភាគីទាំងពីរបានយល់ព្រមដកពាក្យបណ្ដឹងគ្នាទៅវិញទៅមក លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានផ្ដាំផ្ញើឲ្យ លោកប្រធាន​មន្ទីរ និងអនុប្រធានមន្ទីរ ជាពិសេសមន្រ្តីរាជការ​នៅក្នុងមន្ទីរ​ការងារ​ទាំងអស់ ត្រូវចេះធ្វើការរួបរួម​សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីធ្វើយ៉ាងណាអោយការងារនៅក្នុងមន្ទីរទទួលបានជោគជ័យ។ ម្យ៉ាងទៀតមន្រ្តីរាជការទាំងអស់ត្រូវធ្វើការគោរពគ្នាទៅវិញទៅមក តាមតួនាទី និងថនានុក្រមចេះគោរពមេកើយរបស់ខ្លួន ហើយប្រធាន​មន្ទីរត្រូវចេះស្រលាញ់​មន្រ្តីក្រោមឱវាទ​ប្រៀបដូចជាបងប្អូន​កូនចៅនៅក្នុង​ក្រុមគ្រូសារតែមួយ។

លោក ម៉ឹង វីរីយ៉ា បានថ្លែងប្រាប់ Fresh News ថា បញ្ហាទាំងអស់រវាងរូបលោក និងអនុប្រធានមន្ទីរ និងបុគ្គលិកមួយចំនួន ត្រូវបានបញ្ចប់រួចរាល់អស់ហើយ។ ដោយឡែកបញ្ហាប្ដឹង​គ្នាទៅវិញ​ទៅមក​នៅ​តុលាការ​ក៏ភាគីទាំងសងខាងយល់ព្រម​ដកពាក្យបណ្ដឹង​ផងដែឬ បន្ទាប់ពីមានការចុះទៅសម្របសម្រួលដោះស្រាយពីសំណាក់លោកអភិបាលខេត្តតាកែវ។

គួបញ្ចាក់ថា បន្ទាប់ពីឡើងកាន់តំណែងជាប្រធានមន្ទីរការងារបានប្រមាណបីបួនខែ លោក ម៉ឹង វិរីយ៉ា ត្រូវបានកូនចៅចំនួន ២៤នាក់ នាំគ្នាសសេរលិខiតផ្ញើជូនលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ដោយបានចោទ​ប្រកាន់លោក ម៉ឹង វីរីយ៉ា ១០ចំណុចរួមមាន៖

១. ការដឹកនាំដោយប្រើអំណាច គំរាមកំហែង ប្រមាថមន្ត្រីថ្នាក់ក្រោម ការញុះញុងមន្ត្រីថ្នាក់ក្រោមឲ្យឈ្លោះគ្នា មិនទុកចិត្តគ្នា បំបែកបំបាក់សាមគ្គីរបស់មន្ត្រីរហូត ដល់មានមន្ត្រីខ្លះបានប្តឹងផ្តល់គ្នា ទៅតុលាការ ហើយលោក មឹង វីរិយ៉ា ប្រធានមន្ទីរបានតាំងខ្លួនធ្វើជា សាក្សីឲ្យមន្ត្រីដើមបណ្តឹង។

២. បានគំរាមមន្ត្រីក្នុងអង្គប្រជុំថា គាត់មានលុយចំនួន ៥,០០០$ (ប្រាំពាន់ដុល្លារអាមេរិក) សម្រាប់ប្តឹងមន្ត្រីណាម្នាក់ ហ៊ាននិយាយរឿង ប៉ះពាល់ដល់កិត្តិយសរបស់គាត់ គាត់នឹងប្តឹងឲ្យជាប់គុករយៈពេល ០២ខែ ទៅ០៣ខែ មិនតែប៉ុណ្ណោះ ថែមទាំងនិយាយគំរាមថា គាត់ មានបងប្អូនជាអ្នកធ្វើការធំ និងជាតុលាការ សម្រាប់ជួយគាត់ផង។

៣. បានហៅមន្ត្រីថ្នាក់ក្រោមទៅគំរាមថា ក្នុងមន្ទីរការងារមានបីបក្ស បក្សដែលមានអំណាច គឺបក្ខពួករបស់គាត់ ដូច្នេះបើមន្ត្រីណាចង់រស់បានយូរ ឬចង់មានលុយចាយ ត្រូវចូលជាបក្សពួកគាត់ បើមន្ត្រីណាមានបក្សផ្សេងៗពីគាត់ គាត់ឲ្យងាប់គឺត្រូវតែងាប់។

៤. គាត់បានប្រកាសក្នុងអង្គប្រជុំថា គាត់បានជ្រើសរើសមនុស្សជំនិតរបស់គាត់ ដែលហៅថា សេនាដៃស្តាំ និងសេនាដៃឆ្វេង និងមានគិញដាក់គ្រប់ការិយាល័យទាំងអស់ ដូច្នេះបើមន្ត្រីណាធ្វើអ្វី ក៏គាត់ដឹងដែរ សូម្បីតែចាប់មួយក្បាល ហើរចូលក៏គាត់ដឹងដែរ។

៥. បានគម្រាមដល់មន្ត្រីថ្នាក់ក្រោមទាំងអស់ថា បើអ្នកណាម្នាក់ ហ៊ានប៉ះពាល់មនុស្សរបស់គាត់ គឺគាត់មិនឲ្យអ្នកនោះ មានសេចក្តីសុខឡើយ តែបើហ៊ានត្រូវឆ្លងកាត់គាត់សិន។
៦. ការងារបក្ខពួកនិយម មន្ត្រីដែលមិនមែនជាបក្សពួក របស់ពួកគាត់ គាត់ចង់ដក ឬដាក់ តាមអំពើចិត្ត ហើយធ្វើអ្វីតែងតែត្រូវបានស្តីបន្ទោស និងមិនត្រូវបានយកចិត្តទុកដាក់ឡើយ។

៧. បានប្រាប់ទៅមន្ត្រីសរុបរបាយការណ៍ថា បើចង់បានរបាយការណ៍ពីបក្សពួកគាត់ ចាំគាត់សរសេរជំនួសឲ្យ។

៨. គាត់នឹងយកមនុស្សពីក្រៅ ឬពីក្រសួងមកធ្វើជាអនុប្រធានមន្ទីរ ឬប្រធានការិយាល័យ។

៩. គ្មានទំនួលខុសត្រូវក្នុងនាមជា អ្នកដឹកនាំបន្តវេនការងារអនុវត្តឆ្នាំចាស់ នៅពេលសវនកម្មមកពិនិត្យ គាត់បែរជានិយាយថា ពីរនាក់ហ្នឹងកុំតែគាត់ជួយ កុំអីជាប់គុក។

១០. គាត់បាននិយាយអួតថា គាត់មិនចង់មកធ្វើជាប្រធានមន្ទីរទេ តែដោយមានគេបង្ខំ ចាញ់នៅឯភ្នំពេញ មួយខែគាត់រកបាន ១៨០០ដុល្លារអាមេរិក៕