(ព្រះវិហារ)៖ អង្គភាពពន្ធនាគារខេត្តព្រះវិហារ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានរៀបចំកម្មវិធីទស្សនាទាន អប់រំសីលធម៌ ដល់ទណ្ឌិតទាំងពីរភេទ ក្រោមវត្តមានលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ យន់ ម៉ានី ប្រធានពន្ធនាគារខេត្តព្រះវិហារ លោកហួន គា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងមានការនិមន្តចូលរួមពីព្រះគ្រូបញ្ញាសីលញាណ នាត សុផានិត ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជកិត្តិឧទ្ទេសបណ្ឌិតទេព វង្ស ព្រះសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជឧទ្ទេសបណ្ឌិតនន្ទ ង៉ែត សម្តេចព្រះនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តប្រាសាទព្រះខ័ន ស្ថិតក្នុងឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះដែរព្រះគ្រូ នាត សុផានិត បានមានសង្ឃដីកាលើកយកនូវមាគ៍ាទាំង៥ ដែលជាមូលដ្ឋានគ្រឹះដ៏ធំបំផុតនៅក្នុងក្រមសីលធម៌ ដែលធ្វើអោយមនុស្សមានភាពថ្លៃថ្នូរ និងមានជីវិតរស់នៅក្នុងសង្គម ប្រកបដោយចេតនាល្អ គួរជាទីរាប់អាន។ សីលធម៌ទាំង៥ ឫសីល៥ ដែលព្រះសម្មាសម្ពុទ្ធទ្រង់បានសំដែងរួមមាន៖ទី១.បាណាតិបាតា វេរមណី គឺវៀរចាកការសម្លាប់សត្វទោះប្រព្រឹត្តដោយខ្លួនឯងឫប្រើអ្នកដទៃ ទី២.អទិន្នាទានា វេរមណីគឺវៀរចាកការមិនលួចទ្រព្យសម្បត្តិអ្នកដទៃទោះប្រព្រឹត្តដោយខ្លួនឯង ឫប្រើអ្នកដទៃក៏ដោយ ទី៣.កាមេសុមិច្ឆាចារា វេរមណីគឺវៀរចាកការមិនរំលោភប្រពន្ធកូនអ្នកដទៃ ទី៤.មុសាវាទា វេរមណីគឺវៀរចាកការនិយាយភូតកុហក់ និងទី៥.សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី គឺវៀរចាកគ្រឿងស្រវឹង គ្រឿងញៀន ដូច្នេះត្រូវស្វែងយល់អំពីធម៌សំខាន់ទាំង៥នេះ ដែលឃុំគ្រងអោយមនុស្សជៀសផុតពីអកុសល អោយមនុស្សមានតម្លៃ មានជីវិតថ្លៃថ្នូរក្នុងសង្គម។

ព្រះគ្រូ នាត សុផានិត បានមានសង្ឃដីកាយ៉ាងដូច្នេះទៀតថា ទង្វើឯណាមួយរបស់បុគ្គលដែលបានប្រព្រឹត្តខុសមិនមែនជាចេតនាកើតឡើង ពីបុព្វហេតុខាងដើម វាជាកម្មផលរបស់មនុស្ស។ដូច្នេះហើយសូមទណ្ឌិតទាំងអស់កុំទាន់អស់សង្ឃឹម កុំបាក់ទឹកចិត្ត ផ្ទុយទៅវិញត្រូវខំប្រឹងហាត់ពត់លត់ដំកែប្រែខ្លួនឡើងវិញ។មនុស្សធ្វើខុសកែខ្លួនដូចជាខែដែលមានពពកបាំង ពេលកែខ្លួនហើយដូចជាពពករសាត់នៅសល់តែខែភ្លឺដដែល ចឹងជីវិតមនុស្សនៅមានជម្រើសកែសម្រួលអោយបានល្អ ថ្វីបើឈើនោះបាក់ ពុក នៅតាមផ្លូវ គេជិះជាន់ គេស្តោះទឹកមាត់ដាក់ គេមិនអោយតម្លៃមែន ប៉ុន្តែបើយើងយកឈើនោះមកកែឆ្នៃជាគ្រឿងសក្ការះបូជាវិញ អាចធ្វើអោយយើងថ្វាយបង្គំគ្រប់គ្នា? មនុស្សគេមិនដែលយកទោសទៅសងកំហុសទេ បើខុសហើយមានតែយកទៅកែអប់រំ។

ព្រះគ្រូ នាត សុផានិត ក៏បានមានសង្ឃដីកាណែនាំអោយទណ្ឌិតទាំងអស់ត្រូវតែមានសង្ឃឹមក្នុងជីវិត ព្រោះម្នាក់ៗមានគ្រួសារ មានកូន មានឪពុក ម្តាយ មានញាតិមិត្ត ចាំផ្តល់នូវស្នាមញញឹមជានិច្ច ចឹងពេលត្រឡប់ទៅវិញត្រូវអប់រំចិត្តធម៌៤យ៉ាងគឺ៖ មេត្តា ករុណា មុទិតា និងឧបេក្ខា ជារៀងរាល់ថ្ងៃ និងបន្ថែមអាហារដល់មេត្តាជារឿយៗ មានមេត្តាលុះត្រាតែយើងស្តាប់ការអប់រំ ដោយស្ងប់ស្ងៀម អត់ធ្មត់ និងបដិបត្តិដោយខ្លួនឯង ពាក្សថាមេត្តានេះធំណាស់ បើអ្នកទាំងអស់ខ្វះមេត្តា អ្នកនឹងមានបុព្វហេតុបែបនេះមិនខាន។

អ្វីដែលប្លែកគឺកើតជាមនុស្សមិនដែលខុស គឺមិនមានទេ? ភេទជាព្រះសង្ឍក៏នៅមានខុសដោយពាក្សសំដី និងឥរិយាបទណាមួយ បើខុស ត្រូវកែ ត្រូវអប់រំខ្លួនអោយក្លាយជាពលរដ្ឋល្អក្នុងសង្គម។ ជីវិតដែលខុសនេះ មិនមែនមកពីអ្នកណាបង្ខំទេ គឺមកពីតម្រូវការជីវិតប្រចាំថ្ងៃ ហើយក៏គ្មានអ្នកណាបង្កើតសាលាអោយខុសដែរ?តែនេះមកពីយើងដើរគន្លងក្រឡាច់ចូល ចឹងបើដឹងហើយថាគន្លងមិនល្អយើងត្រូវលះបង់ និងជៀសអោយឆ្ងាយទើបជាការប្រសើរបំផុត៕