(ភ្នំពេញ)៖ សួនកំសាន្តឌ្រីមលែន៍ បានចេញសេចក្តីប្រកាសថា៖ នឹងបិទដំណើរការអាជីវកម្មរបស់ខ្លួន នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦នេះតទៅ។ ទន្ទឹមនឹង​ការប្រកាស​បិទដំណើរការនេះ សួនកំសាន្តឌ្រីមលែនឌ៍ នឹងប្រកាសលក់ឧបករណ៍កំសាន្តនានា និងសំភារៈការិយាល័យជាច្រើនផងដែរ។

ការប្រកាសបិទអាជីវកម្មនេះ ក្នុងគោលបំណងដើម្បីត្រៀមសាងសង់អគារកម្ពស់៥០០ម៉ែត្រ ស្មើនឹង ១៣៤ជាន់ ដែលនឹងចំណាយទុនវិយោគប្រមាណ១០០០លានដុល្លារ ជាគម្រោងស្ថិតក្រោម​ការវិនិ​យោគ​​រួមរវាង​ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ខូអិលធីឌី និងក្រុមហ៊ុន​សាងសង់​របស់ចិន នេះបើយោងតាមលិខិតរបស់មន្ទីររៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ ដែលអង្គភាព​យើងខ្ញុំទើប​ទទួលបាន។

គម្រោងដំណើរការសាងសង់អគារភ្លោះនេះ នឹងចាប់ផ្តើមនៅឆ្នាំ២០១៦នេះ លើផ្ទៃដីទំហំ ៥ហិកតា ហើយនឹងចំណាយពេលសាងសង់រយៈ ពេល ៣ឆ្នាំ ដោយបញ្ចប់ក្នុងឆ្នាំ ២០១៩។ អគារខ្ពស់កប់​ពពកនេះ គេរំពឹងថាជាអគារខ្នាត​យក្សក្នុងតំបន់​អាស៊ី ដែលវានឹងស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទល់មុខ ណាហ្គាវើល។ អគារឈ្មោះដែលមាននាមថា «អគារភ្លោះមជ្ឈម​ណ្ឌល​ពាណិជ្ជកម្មថៃ ប៊ុនរ៉ុង»៕