(ព្រះវិហារ)៖ ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែង ស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចជំនាញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី ធ្វើការបង្ក្រាប ជាមួយនឹងការដកហូតវត្ថុតាងមួយចំនួនធំ បញ្ជូនទៅចាត់ការទៅតាមច្បាប់។

លោក វុធ សាវី បានថ្លែងប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះថា ក្រោមការសម្របសម្រួល និងណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ នៅរសៀលថ្ងៃនេះ លោកបានដឹកនាំកម្លាំងមន្ត្រីនគរយុត្តិធម៌ មាននាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត នាយសង្កាត់រដ្ឋាបាលព្រៃឈើកន្ទួត ចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែងនៅទីតាំងខាងលើ។

ជាលទ្ធផល បានរឹបអូសវត្ថុតាងរួមមាន៖ ម៉ាស៊ីនវាលតាបឈូស និងឈើគ្រប់ប្រភេទជាច្រើនម៉ែត្រគូបទៀត រួចបញ្ជូនទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ដើម្បីចាត់ការទៅតាមច្បាប់។

លោក វុធ សាវី បានថ្លែងបញ្ជាក់ថា ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែងដែលធ្វើការបង្រ្កាបនេះ គឺឈ្មួញជួលធ្វើប្រជាពលរដ្ឋធ្វើ។ ស្របពេលដែលលោកដឹកនាំកម្លាំងចុះទៅ គឺឈ្មួញបានសម្រាកបណ្តោះអាសន្ន ដោយបន្សល់ទុកនូវសម្ភារនិងឈើចម្រុះជាច្រើនប្រភេទ។

លោក វុធ សាវី បានថ្លែងបញ្ជាក់យ៉ាងដូច្នេះទៀតថា «ទីតាំងសិប្បកម្មកែច្នៃឈើនៅកន្លែងណាក៏ដោយ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ គឺត្រូវតែធ្វើការបង្រ្កាបហើយរួមនិងទីតាំងល្បែងស៊ីសងខុសច្បាប់ផ្សេងៗ ទៀត ទោះមានខ្នងបង្អែកប៉ុណ្ណាក៏ដោយ»