(កណ្តាល)៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារទទួលបន្ទុកចលនាយុវជន ស្រុកខ្សាច់កណ្តាល បានថ្លែងថា គ្រូបង្រៀនជាសេចក្តីសង្ឃឹមរបស់សិស្ស និងអាណាព្យាលបាលរបស់សិស្ស ដែលបានផ្ញើរអណាគត់កូនៗឱ្យក្លាយជាសិស្សពូកែ មានចំណេះដឹង ជំនាញច្បាស់លាស់ ដូចនេះលោកគ្រូ អ្នកគ្រូ ត្រូវបន្តការអានសៀវភៅ ធ្វើការស្រាវជ្រាវឱ្យបានច្រើន ដើម្បីទទួលបានចំណេះដឹងថ្មីៗ និងដើរទាន់ការវិវត្តន៍ របស់ពិភពលោក។

លោក កៅ ថាច បានបញ្ជាក់យ៉ាងដូចនេះនាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសដែលលោកតំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្តាល ទទួលបន្ទុកស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ អញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសំណេះសំណាលជាមួយ នាយក នាយិកា នាយករង នាយិការង លោកគ្រូ និងអ្នកគ្រូទាំងអស់ក្នុងវិទ្យាល័យទាំង៤ ក្នុងស្រុកខ្សាច់ កណ្តាលសរុបចំនួន ៣២៤នាក់។

លោក កៅ ថាច ក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដោយស្មោះស្ម័គ្រ និងគារគោរពដឹងគុណ ដល់លោកគ្រូ អ្នកគ្រូទាំងអស់ និងបានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសូងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។

លោក កៅ ថាច បានឱ្យដឹងថា តាមរយៈកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសការពង្រឹងលើប្រព័ន្ធអប់រំនៅកម្ពុជា ក្នុងមួយរយៈកាលចុងក្រោយនេះកម្មវិធី សិក្សាអប់រំបានកែប្រែយ៉ាងខ្លាំង សិស្សានុសិស្សបានខិតខំពង្រឹងខ្លួនទាំងសមត្ថភាព និងចំណេះដឹង ជាក់ស្តែងលទ្ធផលនៃការប្រឡងបាក់ឌុបក្នុងឆ្នាំកន្លងមក ជាសក្ខីភាព បង្ហាញពីភាពជោគជ័យនៃកំណែទម្រង់ប្រព័ន្ធអប់រំ តាមរយៈពាក្យស្លោក អ្នកចេះគឺជាប់។ ចំពោះឆ្នាំសិក្សា២០២០ ក្នុងបរិបទកូវីដ១៩ ប្រព័ន្ធអប់រំត្រូវបានកែប្រែយ៉ាងខ្លាំង ដោយសិស្សត្រូវប្តូរពីការរៀនក្នុងសាលា ទៅរៀនតាមប្រព័ន្ធអនឡាញវិញ ដែលការណ៍នេះជាបរិបទថ្មី ដែលលោកគ្រូ អ្នកគ្រូ ត្រូវតាមឱ្យទាន់ និងមានភាពបទ បែន ខ្ពស់ចំពោះការវិវត្តនេះ។

លោកក៏បានសំណូមពរដល់ លោកគ្រូ អ្នកគ្រូ ត្រូវជួយបណ្តុះបណ្តាលទាំងជំនាញទន់ និងជំនាញរឹង និងជួយបណ្តុះស្មារតីសិស្សឱ្យចេះស្រលាញ់កីឡា ស្រលាញ់ការងារ សង្គមជាតិ បណ្តុះឥរិយាបឱ្យមានសុជីវធម៌ គុណធម៌ និងមានសីលធម៌ខ្ពស់។ ជាពិសេសជួយបណ្តុះឱ្យសិស្សមានភាពម្ចាស់កាល និងឯករាជ្យក្នុងសិក្សាស្រាវជ្រាវ និងបណ្តុះការអានសៀវភៅឱ្យបានច្រើន និងសុំឱ្យសាលារៀបចំបណ្ណាល័យឱ្យបានស្អាត នៅតាមវិទ្យាល័យ និងដាក់សៀវភៅអានឱ្យបានច្រើន និងគ្រប់គ្រាន់ ដើម្បីជួយដល់សិស្សឱ្យមានសមត្ថភាពក្នុងការស្រាវជ្រាវ។

លោក កៅ ថាច ក៏បានពាំនាំថវិកាដ៏ថ្លែថ្លារបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបត្ថម្ភជូនដល់លោកគ្រូ អ្នកគ្រូ បង្រៀនបំប៉នសិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុបឆ្នាំសិក្សា ២០១៩ ២០២០ កន្លងមក ចំនួន ១៥លានរៀល និងលោកគ្រូ អ្នកគ្រូចំនួន ៣២៤នាក់ ដែលមានវត្តមានក្នុងកម្មវិធី ក្នុងម្នាក់ៗចំនួន ៤ម៉ឺនរៀល និងឧបត្ថម្ភដល់សាលាស្រុកចំនួន ១លានរៀលផងដែរ៕