(ភ្នំពេញ)៖ ថ្មីៗនេះបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិខ្មែរចំណាកស្រុកសម្តេចតេជោ សែន បានជួបពិភាក្សាការងារមួយចំនួនជាមួយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

កិច្ចពិភាក្សាផ្តោតទៅលើការវិលត្រឡប់របស់ពលករខ្មែរចំណាកស្រុកមកពីប្រទេសថៃ និងដើម្បីពង្រឹងការអនុវត្តវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលក្នុងការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបញ្ជាក់ថា ការវិលត្រឡប់របស់ពលករខ្មែរចំណាកស្រុកមិនជាប់ទាក់ទងនឹងការផ្ទុះជំងឺកូវីដ-១៩ នោះទេ។ ឆ្លងតាមបទពិសោធន៍របស់លោក ជាអតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ជារៀងរាល់ឆ្នាំពលករខ្មែរចំណាកស្រុកតែងតែវិលត្រឡប់មកស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសាររបស់ពួកគាត់នារដូវបុណ្យទានធំៗ ដូចជា ចូលឆ្នាំសកល ចូលឆ្នាំចិន ចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌជាដើម។

ទន្ទឹមនឹងនេះ ពលករខ្មែរចំណាកស្រុកដែលភាគច្រើនជាគ្រួសារកសិករផងនោះ ពួកគាត់តែងត្រឡប់មកស្រុកកំណើតនៅរដូវកាលធ្វើស្រែទឹកសម្រក និងរដូវកាលប្រមូលផលស្រូវប្រាំងជាដើម។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាពរបស់ប្រជាជនគ្រប់រូប ជាពិសេសពលករខ្មែរចំណាកស្រុក ដោយសម្តេចបានចាត់ក្រុមមន្រ្តីនៃក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន សម្តេចតេជោ (TYDA) ចុះប្រចាំការនៅតាមគោលដៅដែលបានត្រៀមសម្រាប់ទទួលពលករចំណាកស្រុកនៅតាមច្រកទ្វារព្រំដែនអន្តរជាតិសំខាន់ៗ ចំនួន៣ គឺ ច្រកអូស្មាច់ ច្រកដូង និងច្រកប៉ោយប៉ែត ដោយមានរៀបចំទីកន្លែងធ្វើតេស្តកូវីដ-១៩ នៅពេលមកដល់ និងទីតាំងសម្រាប់ធ្វើចត្តាឡីស័ក នៅតាមព្រំដែន និងតាមភូមិ ឃុំ ជាប់ព្រំដែនផងដែរ។

ដោយឡែក អ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះ គឺអាជ្ញាធរមានសមត្ថកិច្ចពិបាកក្នុងការគ្រប់គ្រងទិន្នន័យ និងរក្សាសុវត្ថិភាពជូនពលករខ្មែរចំណាកស្រុកដែលលួចឆ្លងដែនចេញ-ចូល ដោយខុសច្បាប់នៅតាមច្រករបៀងតូចៗ (ឬហៅថា ច្រករបៀងស្រមោច)។

បន្ទាប់ពីបានពិភាក្សាការងាររួចរាល់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានជូនលោកបណ្ឌិត សុខ សុក្រឹត្យា ទស្សនកិច្ចជុំវិញបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ក្រោមការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ និងការបែងចែកភារកិច្ចទទួលខុសត្រូវការងារតាមផ្នែកនីមួយៗបានល្អ។ ជាពិសេស ការរៀបចំត្រៀមទប់ស្កាត់កូវីដ-១៩ ដែលរួមមាន ទីកន្លែងសម្រាប់ការធ្វើចត្តាឡីស័ក កន្លែងសម្រាប់អ្នកជំងឺសម្រាកព្យាបាល គ្លីនិកត្រួតពិនិត្យសុខភាពកងរាជអាវុធហត្ថ គ្លីនិកពិនិត្យព្យាបាលធ្មេញ ហើយរាល់ការចេញចូលបញ្ជាការដ្ឋានមានការត្រួតពិនិត្យត្រឹមត្រូវដោយគ្រប់មន្ត្រីបម្រើការនៅទីនោះ និងភ្ញៀវទាំងអស់សុទ្ធតែត្រូវបានត្រួតពិនិត្យកម្តៅ លាងដៃនឹងអាល់កុល បាញ់ថ្នាំសម្លាប់មេរោគជុំវិញឡានមុននឹងអនុញ្ញាតឱ្យចូលក្នុងបរិវេណបញ្ជាការដ្ឋាន៕