(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងថា អនាម័យស្អាត បរិស្ថានស្អាត ទីក្រុងស្អាត ផ្ដើមចេញពីយើងទាំងអស់គ្នា ដូច្នេះលោកអំពាវនាវមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ អាជីវករ សិស្សានុសិស្ស កម្មករ កម្មការនី និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសំអាតបរិស្ថានទាំងអស់គ្នា។

ការថ្លែងរបស់អភិបាលខេត្តព្រៃវែង យ៉ាងដូច្នេះនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ នាឱកាសដឹកនាំក្រុមការងារធ្វើសកម្មភាពសម្អាតបរិស្ថាន ក្នុងបរិវេណគល់ស្ពានលេខ១ និងផ្លូវក្រវ៉ាត់ក្រុង ផ្លូវក្នុងក្រុង ផ្លូវតាមមាត់ទន្លេ និងកីឡាដ្ឋានបាល់ទាត់ខេត្ត ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយក/នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី មន្ទីរអង្គភាពនានាជុំវិញខេត្ត ជាមួយលោកគ្រូ អ្នកគ្រូគរុសិស្ស និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

លោក ជា សុមេធី បានបន្តថា ចំពោះសកម្មភាពនេះ មានគោលបំណងដើម្បីជំរុញ និងលើកកម្ពស់កិច្ចគាំពារបរិស្ថាន សំដៅធ្វើឲ្យក្រុងព្រៃវែង និងទីប្រជុំជន នៃខេត្តឲ្យកាន់តែមានសោភ័ណភាព ស្រស់បំព្រង គឺគ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវ តាមទីផ្សារ តាមទីប្រជុំជន តាមសួនច្បារ និងតាមទីសាធារណៈនានា ក្នុងក្រុងព្រៃវែង ធានាបាននូវសុខមាលភាពរបស់ប្រជាពលរដ្ឋឲ្យបានប្រសើរ។

លោកបានបញ្ជាក់ថា «ទីក្រុងស្អាតល្អ គឺផ្តើមចេញពីយើងទាំងអស់គ្នា ដោយយើងគ្រប់រូបនាំគ្នាចូលរួមអនុវត្តរក្សាសម្អាតអនាម័យ បរិស្ថានល្អគ្រប់ពេលវេលា គ្រប់ទីកន្លែង ហេតុនេះការរស់នៅក្នុងជីវភាពគ្រួសារម្នាក់ៗ យើងបានអនុវត្តជាប្រចាំជាយូរមកហើយ ដោយបានហូបស្អាត ផឹកទឹកស្អាត និងរស់នៅស្អាត យើងគ្រាន់តែបន្តការថែទាំនៅតាមទីសាធារណ:បន្ថែមទៀត ដើម្បីឲ្យទីក្រុងយើង ជាទីក្រុងពណ៌បៃតង បរិស្ថានល្អ ទីក្រុងស្អាត ជាមុខមាត់របស់ប្រជាពលរដ្ឋខេត្ត យើងទាំងអស់គ្នា»។

ជាមួយគ្នានេះ លោក ជា សុមេធី បន្ដអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តព្រៃវែង ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តតាមវិធានការពារទប់ស្កាត់របស់ ក្រសួងសុខាភិបាលនៅជំងឺឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍ ក៏ដូចជាប្រទេសយើងទាំងមូលផងដែរ ដោយមិនត្រូវភ្លេចខ្លួន និងធ្វេសប្រហែសនោះទេ៕