(ភ្នំពេញ)៖ លោក ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានថ្លែងថា ច្បាប់វិនិយោគថ្មីដែលរាជរដ្ឋាភិបាល កំពុងមមាញឹកក្នុងការរៀបចំនោះ អាចនឹងដាក់ឲ្យដំណើរនៅខែមេសា ឆ្នាំ២០២១ខាងមុខនេះ ដែលច្បាប់នេះនឹងផ្ដល់ភាពងាយស្រួលដល់អ្នកវិនិយោគ មិនឲ្យឈឺក្បាលដូចច្បាប់ចាស់។

ការថ្លែងយ៉ាងដូច្នេះរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ធ្វើឡើងក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ។

លោកបានបញ្ជាក់ថា សម្រាប់ច្បាប់វិនិយោគថ្មីនេះ គឺបានបញ្ចប់ទាំងស្រុងរួចហើយ និងប្រហែលជានៅក្នុងខែកុម្ភៈខាងមុខនេះ នឹងមានការពិភាក្សាគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយបន្ទាប់ទៅនឹងត្រូវដាក់ចូលគណៈរដ្ឋមន្ត្រី។ ប្រសិនបើមានភាពរលូន គឺប្រហែលជានៅខែមេសាឆ្នាំនេះ ច្បាប់ថ្មីនេះនឹងទៅដល់រដ្ឋសភា និងព្រឹទ្ធសភា ហើយនឹងអាចដាក់ចេញឲ្យប្រើប្រាស់ផងដែរ។

លោកបញ្ជាក់ទៀតថា «ការសុំច្បាប់វិនិយោគរបស់អ្នកវិនិយោគិនលើកមុន (ច្បាប់ចាស់) ពួកគាត់មានរឿងឈឺក្បាលច្រើន ដូច្នេះនៅពេលមានច្បាប់វិនិយោគថ្មីនេះ គឺយើងនឹងជួយដោះស្រាយពួកគាត់ មិនឲ្យឈឺក្បាលដូចមុនទេ។ ឧទាហរណ៍ថា នៅច្បាប់ចាស់ គាត់សុំគម្រោងវិនិយោគអ្វីមួយ យើងឲ្យគាត់តាមការស្នើសុំនោះតែមួយផ្នែក តែសម្រាប់ច្បាប់វិនិយោគថ្មីនេះ គឺយើងជូនគាត់ទាំងអស់តែម្ដង»

លោកថ្លែងឲ្យដឹងថា សម្រាប់ច្បាប់ថ្មីនេះ ពាក់ព័ន្ធរឿងពន្ធ គឺកាលពីពេលនៅច្បាប់ចាស់ អ្នកវិនិយោគត្រូវបង់លើពន្ធអាករខ្លះៗ ពាក់ព័ន្ធឧបករណ៍ប្រើប្រាស់មួយចំនួនក្នុងគម្រោង តែចំពោះច្បាស់ថ្មីនេះ គាត់មិនចាំបាច់បង់ទេ ក្នុងការនាំចូលទាំងឡាយណា ដែលជាធាតុចូលក្នុងផលិតកម្ម។

លោកថ្លែងបន្តថា ច្បាប់ចាស់ និងច្បាប់ថ្មីនេះ មានលក្ខណខុសគ្នា ដូចជាក្នុងពេលបច្ចុប្បន្ន យើងគិតអំពីការជំរុញការវិនិយោគឲ្យឡើងខ្ពស់ជាងមុន ទាំងធនធានមនុស្ស និងបច្ចេកទេស ហើយច្បាប់ថ្មីនេះ មានការបែងចែកប្រភេទឧស្សាហកម្មច្បាស់លាស់។

លោកថា នៅពេលដែលច្បាប់ថ្មីនេះ បានដាក់ចេញទៅ គឺអាចធ្វើឲ្យបរិយាកាសការវិនិយោគ មានភាពរឹតតែល្អប្រសើរ ហើយបន្ទាប់ពីបរិយាកាសវិនិយោគល្អ និងមានការកាត់បន្ថយលើចំណាយផ្សេងៗទៀត នោះនឹងធ្វើឲ្យការវិនិយោគនៅប្រទេសកម្ពុជា មានភាពទាក់ទាញកាន់តែខ្លាំង៕