(កំពង់ឆ្នាំង)៖ សួនច្បាររង្វង់មូលទូក ដែលបានកសាងឡើងនៅតំបន់អភិវឌ្ឍន៍ថ្មី នៃខេត្តកំពង់រឆ្នាំង បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោយពីបានសាងសង់រួចរាល់។ ពិធីឆ្លងសមិទ្ធិផលថ្មីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមទាំងក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត។

ពិធីឆ្លងសួនច្បាររង្វង់មូល បានធ្វើឡើងតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយបាននិមន្តមន្រ្តីសង្ឃខេត្ត ស្រុក ជយន្តោចម្រើនសិរីសួស្តី និងពិធីរាប់បាត្រព្រះសង្ឃ១១៧អង្គ។ ពិធីសែនក្រុងពលីចប់ហើយ នឹងត្រូវដាក់ឲ្យដំណើរការសួនច្បាររង្វង់មូលទូកមាសនេះចាប់ពីថ្ងៃនេះទៅ។

នៅក្នុងឱកាសនោះលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា សួនច្បាររង្វង់មូលទូកនេះ បានកសាងឡើងក្នុងអំឡុងបុណ្យទន្លេ លើកទី៥នៅខេត្តកំពង់ឆ្នាំង ដែលសួនច្បារនេះ សង់នៅ ភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ជាកន្លែងអភិវឌ្ឍន៍ថ្មីរបស់ខេត្ត។ រង្វង់មូលនេះ មានផ្លូវប្រសព្វទាំងតូចទាំងធំចំនួន៨ សាងសង់នៅលើផ្ទៃដីដ៏ធំ មានចំណតរថយន្តធំទូលាយ និងបំពាក់ដោយភ្លើងចម្រុះពណ៌នាពេលរាត្រីទៀតផង។

លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ការដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវសួនច្បារថ្មីនាពេលនេះ បានបង្ហាញសារជាថ្មី នៃដំណើរការ ក្នុងការអភិវឌ្ឍន៍របស់ខេត្តកំពង់ឆ្នាំង ដែលកំពុងបោះជំហានពីមួយថ្ងៃទៅមួយថ្ងៃ ស្របតាមកម្មវិធីនយោបាយរបស់រាជរាជរដ្ឋាភិបាល។

សួនច្បារថ្មីនេះ នឹងក្លាយជាកន្លែងថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋមកលេងកម្សាន្ត និងហាត់ប្រាណដើម្បីសុខភាព ព្រោះតំបន់នេះមានបរិយាកាសល្អប្រសើរ និងមានខ្យល់អាកាសធម្មជាតិផងដែរ។

លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតំបន់នោះ ត្រូវចូលរួមថែរក្សាសមិទ្ធិផលមួយនេះ ឲ្យបានគង់វង្ស ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា និងត្រូវពិនិត្យមើលលើបញ្ហាអនាម័យ បរិស្ថាន និងសន្តិសុខ ធ្វើយ៉ាងណាឲ្យសួនច្បារង្វង់មូលទូកក្លាយជាតំបន់គោលដៅថ្មីសម្រាប់ប្រជាពលរដ្ឋមកលេងកម្សាន្ត និងមកលំហែកាយ រួមទាំងការហាត់ប្រាណផង៕