(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រារព្ធពិធីបើកវគ្គហ្វឹកហាត់ក្បាច់គុនការ៉ាតេ ដល់មន្ត្រីអន្តរាគមន៍សរុបចំនួន៥០នាក់ (ស្រី៤នាក់) ដោយត្រូវហ្វឹកហាត់រយ:ពេល៦ខែ ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ សាមឺឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

វគ្គនេះក៏មានការចូលរួមពីលោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យជំនាញ និងលោកអធិការខណ្ឌទាំង១៤ផងដែរ។ ក្នុងពិធីបើកវគ្គនេះដែរ ក៏មានសម្តែងបង្ហាញក្បាច់គុណការ៉ាតេដូ ដោយលោកគ្រូបង្វឹកចំនួន៥នាក់ ជូនដល់គណ:អធិបតី និងភ្ញៀវកិត្តិយសទាំងអស់ដើម្បីបានទស្សនា។

មុននឹងមានចូលរួមមតិលោក សាមឺឌី ស៊ីវឌ្ឍនា បានឡើងប្រគល់សញ្ញាប័ត្រខ្សែក្រវ៉ាត់ខ្មៅ ៣ដាន់ ជូនដល់ឧត្តមសេនីយ៍ឯក ស ថេត។ លោក ស៊ីសាមឺឌី ស៊ីវឌ្ឍនា បានបង្ហាញអំពីប្រវត្តិខ្លីៗនៃដំណើរការករកើតកីឡាការ៉ាតេដូ ដោយលោកបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអស់ដែលតែងតែយកចិត្តទុកដាក់ ទទួលស្គាល់នូវសមត្ថភាព និងបានអនុញ្ញាតឲ្យបង្កើតជាសាលាការ៉ាតេដូនៅកម្ពុជា ដែលជាសមាជិកការ៉ាតេដូពិភពលោក ជាពិសេសគឺមានការទទួលស្គាល់ពីប្រទេសជប៉ុន។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ស ថេត បានថ្លែងអំណរគុណដល់លោកអនុប្រធានសហព័ន្ធការ៉ាតេដូកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីជួយដឹកនាំលោក លោកស្រីគ្រូបហ្វឹកមកជួយហ្វឹកហាត់ កងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យមានសុខភាពល្អ ការពារខ្លួន ក៏ដូចជាងាយស្រួលក្នុងការចេញប្រតិបត្តិការណ៍បង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសស្នងការ បានគោរពថ្លែងអំណរគុណដល់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ ដែលបានផ្តល់មតិផ្តួចផ្តើមដើម្បីឲ្យមានការរៀបចំនូវការហ្វឹកហាត់នេះ ។

លោកស្នងការ បានផ្តល់មតិណែនាំបន្ថែមដល់សិក្ខាកាមទាំងអស់ត្រូវគោរពវិន័យ និងខិតខំស្តាប់ ហ្វឹកហាត់តាមការណែនាំរបស់លោកលោកស្រីគ្រូបហ្វឹក ដើម្បីទទួលបាននូវលទ្ធផលល្អប្រសើរ៕