(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកា ចំនួន៨២៣លានដុល្លារ ក្នុងគម្រោងថវិកាត្រៀមអន្ដរាគមន៍សរុបចំនួន១៦៦៤លានដុល្លារ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ក្នុងឆ្នាំ២០២០កន្លងមក។

នេះបើតាមបញ្ជាក់ឲ្យដឹង ពីលោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ។

លោក វង្សី វិស្សុត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងចាយអស់ប្រមាណ៩៦ភាគរយនៃច្បាប់ យើងបានផ្លាស់ប្ដូរ ការចំណាយបានល្អ តម្រង់ទិសទៅការទ្រទ្រង់ជីវភាពប្រជាជន សេដ្ឋកិច្ច ធុរកិច្ច និងការទប់ទល់ជំងឺកូវីដ-១៩ គឺយើងធ្វើបានល្អ [...] អ្វីយើងគ្រោង១៦៦៤លានដុល្លារ ជាអន្ដរាគមន៍ យើងបានចាយអស់៨២៣លានដុល្លារ»

លើសពីនោះទៀត លោក វង្សី វិស្សុត ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ក្នុងឆ្នាំ២០២០កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា ប្រមូលចំណូលក្នុងស្រុក បានប្រមាណ៥,៧០០លានដុល្លារអាមេរិក សម្រេចក្នុងផែនការបាន៨៨ភាគរយ បើទោះបីជាជួបវិបត្ដិសេដ្ឋកិច្ច យ៉ាងណាក្ដីក៏ដោយ។

លោក វង្សី វិស្សុត បានបន្ដថា «អ្វីដែលយើងគ្រោង១០០ភាគរយ ជាចំណូលក្នុងស្រុក ឥឡូវរកចំណូលបាន៨៨ភាគរយហើយ ដូច្នេះការរកចំណូលក្នុងស្រុក មានការធ្លាក់ចុះតែ១២ភាគរយប៉ុណ្ណោះ នៅក្នុងផែនការ ដែលធ្វើឲ្យស្ថានភាពថវិការបស់យើង មានភាពកាន់តែរឹងមាំ»

សម្រាប់ការចំណាយក្នុងឆ្នាំ២០២០វិញ ត្រូវបានលើករដ្ឋលេខាធិការបញ្ជាក់ថា កម្ពុជាចាយអស់តែ៩៦ភាគរយនៃច្បាប់ថវិកា ដោយបានផ្លាស់ប្តូរលើការបែងចែកមុខចំណាយឡើងវិញ ដោយតម្រង់ទិសទៅរកការទ្រទ្រង់ជីវភាពប្រជាជន ការទ្រទ្រង់សេដ្ឋកិច្ច ធុរកិច្ច និងការទប់ទល់នឹងជំងឺ។

មន្ដ្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច បានលើកឡើងថា នៅក្នុងឆ្នាំ២០២០ ក្រៅពីជំងឺកូវីដ-១៩ កម្ពុជាក៏បានរងគ្រោះនូវបញ្ហាទឹកជំនន់ និងបញ្ហាទឹកទាប ដែលធ្វើឲ្យប៉ះពាល់ ដល់វិស័យកសិកម្ម ធ្វើឲ្យកំណើនមានការធ្លាក់ចុះផងដែរ។

លោក វង្សី វិស្សុត បានឲ្យដឹងទៀតថា កម្ពុជាធ្វើបានល្អ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្រោមដឹកនាំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដែលមេដឹកនាំមួយរូប មានភាពឈ្លៀសវៃ រហ័ស គិតត្រូវ សម្រេចត្រូវ និងធ្វើអ្វីទាន់ពេលវេលា។

សូមជម្រាបថា ក្រោយជួបវិបត្ដិសកល នូវជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ដ្រជាបន្ដបន្ទាប់ ដើម្បីសំដៅធ្វើយ៉ាងណា ស្ដារសេដ្ឋកិច្ចជាតិ ឲ្យមានកំណើនកើតឡើងវិញ និងបានត្រៀមថវិកា សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះនូវជំងឺនេះផងដែរ៕