(សៀមរាប)៖ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ដែលជាថ្ងៃទី២ នៃកិច្ចប្រជុំពេញអង្គលើកទី២៧ និងកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំសហប្រធានបារាំង និងជប៉ុន អង្គការយូណេស្កូ អ្នកជំនាញការអាដហុក មន្ត្រីស្ថានទូតមួយចំនួន អ្នកជំនាញអន្តរជាតិ និងសហការីអាជ្ញាធរជាតិអប្សរា ចុះត្រួតពិនិត្យ និងជិះកង់សាកល្បងលើផ្លូវកង់ដែលជាសមិទ្ធផលទេសចរណ៍ថ្មីនៅរមណីយដ្ឋានអង្គរ។

លោក ហង់ ពៅ បានឱ្យដឹងថា ការស្ថាបនាផ្លូវកង់នេះឡើងក្រោមទស្សនៈគិតគូរវែងឆ្ងាយរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា។ គោលបំណងសំខាន់គឺដើម្បីជួយសម្រួលចរាចរណ៍ និងធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋ សិស្សានុសិស្សដែលជិះកង់ក្នុងតំបន់។

ពិសេសលើសពីនេះ ផ្លូវកង់នេះក៏បានចូលរួមចំណែកថែរក្សាបរិស្ថានក្នុងតំបន់អង្គរ និងទាក់ទាញទេសចរដែលចូលចិត្តជិះកង់កម្សាន្ត អ្នកជិះកង់ហាត់ប្រាណដើម្បីសុខភាពទទួលបានអារម្មណ៍រីករាយស្រស់ថ្លា មិនភ័យភ័យខ្លាចពីគ្រោះថ្នាក់ ឬការរំខានពេលកំពុងជិះកង់។

សូមជម្រាបថា ផ្លូវកង់នេះមានទទឹង ២ ម៉ែត្រ និងបណ្តោយ ២៣ គីឡូម៉ែត្រ ចាប់ពីកន្លែងលក់សំបុត្រចាស់កាត់តាមក្រោយប្រាសាទអង្គរវត្តបន្តទៅប្រាសាទក្រវាន់ រួចកាត់ខាងត្បូងប្រាសាទបន្ទាយក្តី បត់ទៅខាងជើងប្រាសាទតាព្រហ្ម ឆ្ពោះទៅស្ពានប្រាសាទកែវ។ ផ្លូវកង់នេះស្ថាបនាឡើងនាឆ្នាំ២០២០ ដោយការបង្ហាប់ដី និងស្រោចកៅស៊ូពីលើ បត់បែនតាមចន្លោះដើមឈើ ដែលស្ថិតនៅមិនឆ្ងាយ និងស្របនឹងផ្លូវធំដែលអាចមើលគ្នាឃើញ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពដល់អ្នកជិះកង់៕