(កោះកុង)៖ កប៉ាល់នេសាទធំៗប្រើឧបករណ៍ភ្លើងហ្វា និងអួនក្រឡាញឹកល្មើសច្បាប់ធ្វើសកម្មភាពនេសាទអូសបំផ្លាញមច្ឆជាតិ និងជីវចម្រុះគ្រប់ប្រភេទនៅក្នុងដែនសមុទ្រ ត្រូវបានប្រជានេសាទអះអាងថា កើតមានជាយូរឆ្នាំមកហើយ មិនដែលឃើញសមត្ថកិច្ចជំនាញណាមួយ ចេញបង្ក្រាបឱ្យមានប្រសិទ្ធភាពម្ដងណាឡើយ។

ក្នុងដំណើរឆ្ពោះទៅកាន់តំបន់កោះស្ដេច ខេត្តកោះកុង កាលពីចុងសប្ដាហ៍កន្លងទៅរបស់ក្រុមនាយខ្វែក ដើម្បីជិះទូកស្ទូចត្រីពេលយប់កំសាន្តលេង បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈមើលទៅឯនាយសមុទ្រមានភ្លើងពណ៌ភ្លឺចិញ្ចាចចិញ្ចែង ពេញផ្ទៃទឹកស្ទើរតែដូចទីក្រុងព្រះសីហនុពេលរាត្រី គេមើលពីកណ្ដាលសមុទ្រមកដូច្នោះដែរ។ ប៉ុន្តែម្ចាស់ទូក ជួលបានប្រាប់ថា ភ្លើងពណ៌ភ្លឺចែងចាំងគួរឱ្យគយគន់ នៅកណ្ដាលសមុទ្រនោះ មិនមែនជាទីក្រុង ឬភ្លើងបំភ្លឺចេញពីកប៉ាល់ទេសចរណ៍ធុនយគ្សនោះទេ តាមពិតវាជាហ្វូងកប៉ាល់នេសាទល្មើសច្បាប់ប្រើឧបករណ៍ភ្លើងហ្វាបាញ់ចូលសមុទ្រ ធ្វើឱ្យមច្ឆជាតិគ្រប់ប្រភេទ ជាពិសេសត្រី មឹក បង្គា ក្ដាម...ខ្វាក់គ្រាប់ភ្នែកហែលលែងរួច ហើយគេប្រើអួនហ៊ុំព័ទ្ធចាប់ យកតែម្ដង។

ម្ចាស់ទូកជួលខាងលើបានបន្តថា ឧបករណ៍នេសាទខាងលើនេះ មិនត្រឹមតែបំផ្លាញមច្ឆជាតិនៅក្នុងសមុទ្រប៉ុណ្ណោះទេ សូម្បីតែផ្កាថ្ម រុក្ខជាតិនៅបាតមុទ្រ និងជីវចម្រុះ ផ្សេងៗក៏ត្រូវបំផ្លាញខ្ទេចខ្ទីគ្មានសល់ដែរ។ នេះនៅជិតផង (ទូកនៅតំបន់ហ៊ិនដាត) មើលទៅឃើញភ្លើងភ្លឺប៉ុណ្ណឹងហើយ បើចេញទៅកណ្ដាលទៀត សាកទៅដល់តំបន់ខៃដ ម្ដុំកោះឆ្លាម នៅសមុទ្រជ្រៅវិញ ពេលយប់ឡើងភ្លើងភ្លឺចេញពីទូកនេសាទប្រើភ្លើងហ្វា ល្មើសច្បាប់កាន់តែច្រើនជាងនេះ។

អ្នកនេសាទម្នាក់ដែលចតទូកនៅក្បែរកោះស្ដេចបាននិយាយរបៀបលាក់លៀមប្រាប់នាយខ្វែកថា បច្ចុប្បន្ននេះការនេសាទពិបាកណាស់ ព្រោះទូកនេសាទតូចៗមិនហ៊ានចេញទៅ កណ្ដាលសមុទ្រឆ្ងាយៗទេ ព្រោះខ្លាចរលក នេសាទបានតែនៅក្បែរកោះឬនៅតំបន់ ដែលមានថ្មនៅបាតសមុទ្រច្រូងច្រាងប៉ុណ្ណោះ តំបន់ដែលគ្មានថ្មដុះងាយស្រួលអូសអួនគឺត្រូវបាន ពួកកប៉ាល់ល្មើសច្បាប់ទាំងអស់នោះវាទទីនេសាទគ្មានសល់។

ចំណែកទូកយើងតូចៗ ពេលនេសាទជួបទូកល្មើសច្បាប់ធំៗ ត្រូវតែប្រញាប់បើកទូកគេច បើមិនដូច្នោះទេប្រឈមមុខ ទៅនឹងគ្រោះថ្នាក់ដោយសារតែទូកល្មើសច្បាប់ធំៗ វាបើកកៀរ ឬបុក ព្រោះកប៉ាល់នេសាទល្មើសច្បាប់ ត្រូវការទីតាំងផ្ទៃសមុទ្រដែលមិនមានថ្មក្នុងទ្រង់ទ្រាយធំ សម្រាប់ដាក់អួនហ៊ុំព័ទ្ធ អូសយកត្រី មឹកបង្គាជាដើម។

អ្នកនេសាទខាងលើបានត្អូញត្អែរថា ពីមុននៅតាមកោះឬក្បែរៗកោះនៅកណ្ដាលសមុទ្រសំបូរតែជនល្មើសប្រើគ្រាប់បែកបោកដើម្បីចាប់ត្រីប៉ុណ្ណោះ តែបច្ចុប្បន្នត្រីនៅជិតឆ្នេរ ឬក្បែរកោះកាន់តែខ្សត់ទៅៗ។ ឥឡូវមកសំបូរទូកប្រើភ្លើងហ្វា អូសអួនល្មើសច្បាប់បន្ថែមទៀតកាន់តែ ធ្វើឱ្យត្រីក្ដាម បង្គា មឹកស្ទើតែអស់ទៅហើយ ពេលខ្លះ ពួកគាត់នេសាទរកលក់់មិនចង់រួចថ្លៃប្រេងផងនោះទេ។

អ្នកលក់គ្រឿងសមុទ្រនៅកោះស្ដេចមួយរូប ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានបង្ហើបថា នៅកោះស្ដេចបច្ចុប្បន្នពិបាករកគ្រឿងសមុទ្រធម្មជាតិលក់ណាស់ ព្រោះតែកប៉ាល់នេសាទ ល្មើសច្បាប់ទាំងអស់នោះ ពេលពួកគេនេសាទ បានមិនបានយកមកលក់ឱ្យប្រជាជនខ្មែរយើងហូបឡើយ គឺគេដឹកយកទៅស្រុកគេអស់ៗ (ថៃ)។

អ្នកលក់ខាងលើបានបន្តថា កប៉ាល់នេសាទល្មើសច្បាប់ភាគច្រើនមិនមែនជារបស់ខ្មែរទេ គឺជារបស់ថៅកែថៃ ព្រោះកប៉ាល់ និងឧបករណ៍នេសាទល្មើសច្បាប់មួយគ្រឿងៗ តម្លៃរហូតដល់រាប់លានបាត អ្នកនេសាទខ្មែរយើងគ្មាន លទ្ធភាពទិញនេសាទឡើយ។

ខាងលើនេះ គ្រាន់តែជាព័ត៌មានស្ដីពីកង្វល់ របស់ប្រជាពលរដ្ឋខ្លះៗ ដែលត្រូវបានសាកសួរដោយនាយខ្វែក ទៅលើម្ចាស់ទូកជួលសម្រាប់ស្ទូចត្រី និងអ្នកនេសាទអ្នកលក់គ្រឿងសមុទ្រនៅ តំបន់កោះស្ដេចត្រួសៗតែប៉ុណ្ណោះ។ ដូច្នេះ សូមមន្ត្រីមានសមត្ថកិច្ចមេត្តាជួយពិនិត្យមើល និងមានវិធានការបង្ក្រាបផង ជាពិសេសរដ្ឋបាលជលផលក្រសួងកសិកម្មតែម្ដង តើទូកនេសាទប្រើភ្លើងហ្វាភ្លឺដូចទីក្រុងដូចឃើញជាក់ស្ដែងនេះ ជាកប៉ាល់នេសាទល្មើសច្បាប់ឬស្របច្បាប់។

រូបភាពនេះត្រូវបានថតដោយទូរស័ព្ឌដៃរបស់នាយខ្វែកផ្ទាល់ កាលពីរាត្រីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ គឺថតពីតំបន់ហ៊ិនដាតទៅ ហើយក៏ជាភស្តុតាងល្មើសច្បាស់ជាក់ស្ដែងផងដែរ៕