(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច លោក វង្សី វិស្សុត បានថ្លែងឱ្យដឹងថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ រហូតដល់ទៅ ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក្នុងនោះ ១១លានដូសជាជំនួយរបស់ប្រទេសជាមិត្ត និងអង្គការដៃគូ។

នៅក្នុងសន្និសីទព័ត៌មានស្តីពីបញ្ហាសេដ្ឋកិច្ចរបស់កម្ពុជានៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ លោក វង្ស៉ី វិស្សុត បានអះអាងថា ប្រភពវ៉ាក់សាំងដំណាក់កាលដំបូងនេះ តាមយន្តការកូវ៉ាក់ ៧លានដូស, ១លានដូសជាជំនួយរបស់ចិន ដែលដឹកមកដល់ខែកុម្ភៈ និង ៣លានដូស ជាជំនួយរបស់អូស្ត្រាលី។

ដោយឡែក ៩លានដូសទៀត បើតាមលោក វង្សី វិស្សុត អាចទទួលបានតាមរយៈជំនួយរបស់ចិន ដែលចិនផ្តល់ថវិកាយកទៅទិញ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្នើជំនួយវ៉ាក់សាំងពីរុស្ស៉ី និងថវិកាសប្បុរសជនដែលមានជាង ៥៧លានដុល្លារ។

លោក វង្សី វិស្សុត បានអះអាងថា ប្រទេសកម្ពុជា ជាប្រទេសតូច តែយន្តការចាក់វ៉ាក់សាំងនេះ អាចនឹងមានល្បឿនលឿន។ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ ក៏បានគូសបញ្ជាក់ដែរថា វ៉ាក់សាំងកូវីដ១៩ ក៏ជាយុទ្ធសាស្ត្រមួយសម្រាប់ជួយរុញសេដ្ឋកិច្ចកម្ពុជាឱ្យងើបឡើងវិញផងដែរ ដោយផ្តល់ទំនុកចិត្តសម្រាប់អ្នកវិនិយោគ និងអ្នកជំនួញ។

សូមបញ្ជាក់ថា ជំនួយវ៉ាក់សាំងកូវីដ១៩ របស់ចិន ប្រមាណជា ៣០ម៉ឺនដូស ក្នុងចំណោម ១លានដូស នឹងត្រូវមកដល់ប្រទេសកម្ពុជានៅក្នុងខែកុម្ភៈ ខាងមុខ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសទៅទទួលវ៉ាក់សាំងនេះ ដល់ព្រលានយន្តហោះ ហើយក៏នឹងចាក់វ៉ាក់សាំងនេះមុនគេផងដែរ។

បើទោះបីជាយ៉ាងណាសម្តេចតេជោ បានប្រកាសហើយ ការចាក់វ៉ាក់សាំងនឹងធ្វើឡើងក្រោមគោលការណ៍ស្ម័គ្រចិត្ត មិនបង្ខិតបង្ខំនោះឡើយ៕