(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅម៉ាឡេស៉ី បានអន្តរាគមន៍ជួយពលករខ្មែរ ៦នាក់ និងទារិកាម្នាក់ ឲ្យបានធ្វើមាតុភូមិនិវត្តន៍វិញ នៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ។ នេះបើតាមការបញ្ជាក់ពីលោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោក កុយ គួង បានឲ្យដឹងថា ដោយមានកិច្ចអន្តរាគមន៍របស់ស្ថានទូត ពលករ ពលការិនីខ្មែរចំនួន០៦នាក់ និងទារិកា០១នាក់ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះ អាកាសចរណ៍សិង្ហបូរីលេខ SQ5008 នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៥៖៣៥នាទីល្ងាច។

បើតាមលោក កុយ គួង, ស្ថានទូតបានជួយរៀបចំឯកសារទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៉ី ជូនទៅធ្វើតេស្ត កូវីដ១៩ ព្រមទាំងបានចាត់មន្រ្តី ជូនពលករ ពលការិនី និងទារិកាខាងលើ ទៅអាកាសយានដ្ឋាន អន្តរ ជាតិ KLIA ផងដែរ៕