(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចុះត្រួតពិនិត្យដោយផ្ទាល់ ក្នុងការប្រឡងលើកទី៣៥ តាមប្រព័ន្ធអនឡាញ សម្រាប់វគ្គ FSI Connect លើកទី៣៥ តាមប្រព័ន្ធអនឡាញ។

ការប្រឡងវគ្គ FSI Connect នេះមានសិក្ខាកាមចូលរួមប្រឡងចំនួន៨៥រូប ដែលក្នុងនោះមានមន្ត្រីចំនួន១០រូប បានបញ្ចប់កម្រិតខ្ពស់មន្ត្រីចំនួន៨រូប បានបញ្ចប់កម្រិតមធ្យម និង៣រូបបានបញ្ចប់កម្រិតបឋម។

វគ្គសិក្សាតាមប្រព័ន្ធអនឡាញនេះ ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ នៃធនាគារសម្រាប់ការទូទាត់អន្តរជាតិ (Bank for International Settlement - BIS) ដែលមានស្នាក់ការកណ្តាលនៅប្រទេសស្វ៊ីស ហើយមានធនាគារកណ្តាល និងស្ថាប័នហិរញ្ញវត្ថុសាធារណៈជាង៣០០ នៅលើពិភពលោក។

សូមបញ្ជាក់ថា វគ្គសិក្សា NBC-FSI Connect ជាវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ក្នុងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ដែលត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមរបស់ លោក ជា ចាន់តូ ក្នុងគោលបំណងធ្វើឯកទេសកម្មផ្នែកត្រួតពិនិត្យធនាគារ ដើម្បីឆ្លើយតបទៅតាមការប្រែប្រួលនៃ និម្មាបនកម្មហិរញ្ញវត្ថុ និងនិយាមអន្តរជាតិ និងសម័យកាលរីកចម្រើននៃ ប្រព័ន្ធធនាគារនាពេលបច្ចុប្បន្ន៕