(ភ្នំពេញ)៖ បើយោងតាមលទ្ធផលចុងក្រោយនៃការធ្វើជំរឿនទូទៅប្រជាជនកម្ពជា ឆ្នាំ២០១៩ បានឱ្យដឹងថាក្នុងចំណោមរាជធានី ខេត្តទាំងអស់ រាជធានីភ្នំពេញ មានប្រជាជនច្រើនជាងគេគឺ ២,២៨១,៩៥១នាក់ ឬ១៤,៧% តាមពីក្រោយដោយខេត្តកណ្តាល ១,២០១,៥៨១នាក់ (៧,៧%), ខេត្តព្រៃវែង ១,០៥៧,៧២០នាក់ (៦,៨%) ខេត្តសៀមរាប ១,០១៤,២៣៤នាក់ (៦,៥%), ខេត្តបាត់ដំបង ៩៩៧,១៦៩នាក់ (៦,៤%), ខេត្តតាកែវ ៩០០,៩១៤នាក់ (៥,៨%) និងខេត្តកំពង់ចាម ៨៩៩,៧៩១ នាក់(៥,៨%) ខណៈខេត្តកែបវិញ មានប្រជាជនទាបបំផុតគឺ ៤២,៦៦៥នាក់ (០,៣%) ប៉ុណ្ណោះ។

បន្ថែមពីនេះបើតាមលទ្ធផលជំរឿនដដែល បានឱ្យដឹងដែរថា សម្រាប់ដង់ស៊ីតេប្រជាជនក្នុងមួយគីឡូម៉ែត្រក្រឡាបានកើនឡើងពី ៧៥នាក់ នៅឆ្នាំ២០០៨ ទៅ ៨៧នាក់ នៅឆ្នាំ២០១៩។ ដង់ស៊ីតេនេះប្រជាជនកម្ពុជានៅទាបជាងច្រើន បើធៀបនឹងដង់ស៊ីតេប្រជាជននៃបណ្តាប្រទេស នៅអាស៊ីអាគ្នេយ៍។

ដោយឡែករាជធានីភ្នំពេញ ជាតំបន់ប្រមូលផ្តុំដោយមជ្ឈមណ្ឌល ពាណិជ្ជកម្ម សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលជាប្រភពទាក់ទាញស្រូបយកការធ្វើចំណាកស្រុកមកពីបណ្តាខេត្តផ្សេងទៀតដោយសារផ្តល់ប្រភពការងារ និងការរីកចំរើនវិស័យឧស្សាហកម្មកាត់ដេរ សំណង់ សណ្ឋាគារ ទេសចរណ៍ និងអប់រំ។ល។

នៅរាជធានីភ្នំពេញមានដង់ស៊ីតេប្រជាជនខ្ពស់បំផុតគឺ ៣,៣៦១នាក់ ក្នុងផ្ទៃដីមួយ គីឡូម៉ែត្រការ៉េ។ ខេត្តកោះកុង និងខេត្តមណ្ឌលគីរី ជាខេត្តមានដង់ស៊ីតេប្រជាជនទាបបំផុត (១២នាក់ និង៦នាក់) ក្នុងផ្ទៃដីមួយគីឡូម៉ែត្រការ៉េ៕

ខាងក្រោមនេះជាក្រាបចំនួនប្រជាជនកម្ពុជា នៅតាមបណ្តរាជធានី-ខេត្តទាំង២៥៖