(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអះអាងថា រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ ចំពោះការបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មធ្យោយបាយធ្វើដំណើរ/ដឹកជញ្ជូន និងមធ្យោបាយប្រាស្រ័យទាក់ទង សម្រាប់ជនមានពិការភាព។ លោក ឯម ច័ន្ទមករា ថ្លែងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការផ្សព្វផ្សាយបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព និងកម្រងឯកសារបណ្តុះបណ្តាល» នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

លោកបានបន្ថែមថា ដើម្បីជួយដល់ជនមានពិការភាពឲ្យរស់នៅ ដោយឯករាជ្យ និងចូលរួមយ៉ាងពេញលេញ ក្នុងគ្រប់ទិដ្ឋភាពនៃជីវិត រាជរដ្ឋាភិបាលបានចាត់វិធានការសមស្រប ដើម្បីធានាការបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ដោយឈរលើមូលដ្ឋានស្មើភាពគ្នា ជាមួយអ្នកផ្សេងទៀត ទទួលបាននូវបរិស្ថានរូបវន្ត មធ្យោបាយធ្វើដំណើរព័ត៌មាននិងទំនាក់ទំនង រួមទាំងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិង ទំនាក់ទំនង ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសេវាកម្មផ្សេងទៀតដែលបើកឬផ្តល់ឲ្យប្រើប្រាស់ជាសាធារណៈ ទាំងនៅទីក្រុងទាំងនៅតាមទីជនបទ។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ចរូបនេះ បានលើកឡើងថា យើងក៏ត្រូវជំរុញការវិភាគថវិកាជាតិសមស្រប តាមស្ថានភាពសេដ្ឋកិច្ចនៃប្រទេសជាតិ ដើម្បីគាំទ្រដល់ការសាងសង់ និងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈរបស់រដ្ឋ និងការជំរុញឲ្យក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់វិស័យចេញលិខិតជូនដំណឹងឲ្យមានការកែសម្រួល និងរៀបចំបង្កលក្ខណៈងាយស្រួលក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន និងបង្កើនការដាក់ផ្លាកសញ្ញាចំណតអាទិភាពសម្រាប់ជនមានពិការភាព។

លោក ឯម ច័ន្ទមករា បានបន្តទៀតថា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រ និងសកម្មភាពមួយចំនួន ដើម្បីធ្វើឱ្យមានសក្តិសិទ្ធភាព នៃការបង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាព ក្នុងនោះរួមមានការលើកកម្ពស់និងផ្សព្វផ្សាយការយល់ដឹង អំពីបទដ្ឋានបច្ចេកទេសហេដ្ឋា រចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាព ដល់ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល និងការបង្កើនការដាក់ផ្លាកសញ្ញាចំណតអាទិភាពសម្រាប់ជនមានពិការភាព។

ទន្ទឹមនេះលោករដ្ឋលេខាធិការ ឯម ច័ន្ទមករា ក៏បានជំរុញឱ្យបង្កើនការប្រើប្រាស់ភាសាសញ្ញាអក្សររត់ អក្សរប្រៃយ៍(អក្សរស្ទាប) អក្សរពុម្ពធំ សំឡេង ឲ្យបានទូលំទូលាយ ដើម្បីផ្តល់ឱកាសទំនាក់ទំនង ការបញ្ចេញមតិយោបល់ និងទទួលបានព័ត៌មានសម្រាប់ជនមានពិការភាពគ្រប់ប្រភេទ៕