(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះ បានប្រកាសបើកឲ្យប្រើប្រាស់ជាផ្លូវការនៃ កម្មវិធីទូទាត់អេឡិចត្រូនិកឈ្មោះថា Retail Pay។

លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក‍‍‍‍‍‍‍‍‍ Retail Pay បានផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់វិស័យធនាគារ និងអ្នកប្រើប្រាស់ ព្រោះប្រព័ន្ធទូទាត់នេះ ប្រើប្រាស់ដោយទូលំទូលាយ មានភាពងាយស្រួល និងប្រើប្រាស់បានពិសេសដល់អាជីវករ ប្រកបអាជីវកម្មផ្សេងៗ។

ការលើកឡើងបែបនេះ របស់លោកស្រី ជា សិរី ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធី ដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទូទាត់អេឡិចត្រូនិក ‍‍‍‍‍‍‍‍‍Retail Pay នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

លោកស្រី ជា សិរី បានឲ្យដឹងថា «ការប្រើប្រាស់ប្រព័ន្ធទូទាតអេឡិចត្រូនិក ‍‍‍‍‍‍‍‍‍Retail Pay ផ្ដល់អត្ថប្រយោជន៍ច្រើន ទាំងវិស័យធនាគារ និងអតិថិជន ការទូទាត់តាម ‍‍‍‍‍‍‍‍‍Retail Pay អាចគ្រប់គ្រង់អំពីចំណូលចំណាយរបស់ខ្លួនបាន។ ចំណែកឯសម្រាប់ធនាគារនឹងងាយស្រួល ក្នុងការដឹងព័ត៌មានពី អតិថិជនរបស់ខ្លួន។ ដូច្នេះហើយបានជាធនាគារជាតិនៃកម្ពុជា ជំរុញឲ្យមានការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក ក្នុងការទូរទាត់ ឬចំណាយ»

លោកស្រីបានបន្ថែមថា ការប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក មានភាពងាយស្រួល ជាងការចាយវាយជាក្រដាស់ប្រាក់ព្រោះថា ការចាយក្រដាស់ប្រាក់ហុចពី ដៃមួយទៅដៃមួយ ធ្វើឲ្យមានមេរោគកខ្វក់ជាប់ក្រដាស់ប្រាក់ និងគ្មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ជាស្ដែងដូចក្នុងបរិបទនៃជំងឺកូវីដ១៩នេះ។ មួយវិញទៀតការផលិតក្រដាស់ប្រាក់មានតម្លៃថ្លៃ ពិបាកក្នុងការប្រមូលក្រដាស់ប្រាក់ចាស់ៗមកវិញ និងជំនួសដោយក្រដាស់ប្រាក់ថ្មី។

លោកស្រី បន្ថែមថា «អត្ថប្រយោជន៍ផ្ដល់ជូនទាំងអតិថិជន និងធនាគារជាតិនៃកម្ពុជា ព្រមទាំងធនាគារ និងគ្រឹះស្ថានផ្សេងៗទៀត។ ចំណេញសម្រាប់ធនាគារជាតិត្រង់ថា ការបោះផ្សាយការចំណាយទាប ចំណែកឯចំណេញសម្រាប់ធនាគារ និងគ្រឹះស្ថានផ្សេងត្រង់ ស្គាល់អតិថិជនរបស់ខ្លួនកាន់តែច្បាស់។ ដូច្នេះការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក «បាគង់» និង‍‍‍‍‍‍‍‍‍ ‍‍‍‍‍‍‍‍‍Retail Pay ឬប្រព័ន្ធផ្សេងៗគឺផ្ដល់ភាពចំណេញច្រើន»

សូមជម្រាបថា កន្លងមកធនាគារជាតិនៃកម្ពុជា ធ្លាប់បានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់ តាមអេឡិចត្រូនិកនេះឈ្មោះថា «បាគង» ដើម្បីកុំឲ្យយល់ច្រឡំរវាងប្រព័ន្ធទូទាត់តាមអេឡិចត្រូនិក បាគង និង Retail Pay លោកស្រី ជា សិរី បានពន្យល់យ៉ាងក្បោះក្បាយថា៖
* ប្រព័ន្ធបាគង ជាការផ្ទេរប្រាក់ ពីកាបូបលុយអេឡិចត្រូនិកមួយទៅមួយទៀត។
ប្រព័ន្ធបាគង អាចឲ្យក្រុមហ៊ុនផ្ទេរប្រាក់នានាអាចក្លាយជា សមាជិកបានដោយសារតែ ការប្រើប្រាស់តាមកាបូបលុយអេឡិចត្រូនិក ។
ប្រព័ន្ធបាគង អតិថិជនអាចប្រើប្រាស់បានលុះត្រាតែមានទូរស័ព្ទទំនើបៗ។

* ចំណែកប្រព័ន្ធ Retail Pay គឺផ្ទេរផ្ទាល់ពីគណនីក្នុងធនាគារមួយទៅគណនីធនាគារមួយទៀត។ Retail Pay មិនអនុញ្ញាតឲ្យក្រុមហ៊ុនផ្ទេរប្រាក់នានា ក្លាយជាសមាជិកខ្លួនបានឡើយ ព្រោះមិនអាចបើកគណនីសន្សំបាន។
Retail Pay អតិថិជនអាចប្រើប្រាស់បានដោយសេរី ទោះបីគ្មានទូរស័ព្ទដៃទំនើបក៏ដោយ។

លោកបណ្ឌិត អ៉ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា និងជាប្រធាននាយកប្រតិបត្តិ ធនាគារអេស៉ីលីដា បានឲ្យដឹងថា ប្រព័ន្ធទូទាតអេឡិចត្រូនិក ‍‍‍‍‍‍‍‍‍Retail Pay បានផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់ធនាគារជាសមាជិកចំនួន២២ និងផ្ដល់អត្ថប្រយោជន៍ច្រើនអតិថិជន តាមរយៈមធ្យោបាយ៣រួមមាន៖
១៖ អាចផ្ទេរភ្លាមៗពីគណនីមួយទៅគណនីមួយទៀត ដោយមិនតម្រូវថា អតិថិជនត្រូវមានគណនីគ្រប់ធនាគារ។
២៖ ផ្ទេរបានតាមទូរស័ព្ទចល័ត។
៣៖ ផ្ទេរប្រាក់តាម QR Code។

លោកបណ្ឌិតបន្ដថា ប្រព័ន្ធទូទាតអេឡិចត្រូនិក ‍‍‍‍‍‍‍‍‍Retail Pay ជួយដល់ធនាគារក្នុងការបម្រើអតិថិជន ក្នុងការផ្ទេរប្រាក់ពីគណនីមួយ ទៅគណនីមួយបានលឿនរហ័ស និងមានសុវត្ថិភាព តបតាមតម្រូវការអតិថិជន។ Retail Pay នេះជាចំណុចកណ្ដាលមួយក្នុងការតភ្ជាប់ រវាងធនាគារ និងធនាគារ រវាងធនាគារ និងគណនីរបស់អតិថិជននៅធនាគារផ្សេងៗ។

លោកបណ្ឌិតបានបន្ថែមថា «ប្រព័ន្ធទូទាតអេឡិចត្រូនិក Retail Pay បានចូលរួមកាត់បន្ថយការប្រើប្រាស់ ក្រដាសប្រាក់កាន់តែតិច និងចំណាយទាប ព្រមទាំងជំរុញការលូតលាស់សេដ្ឋកិច្ចកម្ពុជា លូតលាស់សេដ្ឋកិច្ចត្រង់ថា ប្រសិនបើយើងរួមគ្នាកាត់បន្ថយការប្រើប្រាស់ក្រដាស់ប្រាក់ ដូច្នេះធនាគារជាតិនៃកម្ពុជា មិនចាំបាច់បោះពុម្ពក្រដាស់ប្រាក់ច្រើននោះឡើយ ទាំងនេះជាការចូលរួមសន្សំសំចៃថវិកាជាតិ។ កត្តាមួយទៀតគឺការចាយវាយក្រដាស់ប្រាក់ អាចបង្ករជាការឆ្លងមេរោគផ្សេងៗ ជាក់ស្ដែងដូចជំងឺកូវីដ១៩ជាដើម។ មួយវិញទៀតការទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិចច្រើន ការចំណាយប្រតិបត្តិការទាប កាលណាចំណាយទាបចំណូល នឹងទទួលបានខ្ពស់សម្រាប់សហគ្រិន និងអ្នកប្រើប្រាស់ទូទៅ»