(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ឲ្យបានជ្រាបថា រដ្ឋបាលរាជធានី និងមន្ទីរសាធារណៈការដឹក ជញ្ជូនរាជធានីភ្នំពេញ បានធ្វើការជួសជុល និងពង្រីកផ្លូវ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើចរាចរណ៍ឆ្លងកាត់ ដោយចំណាយពេលអនុវត្តការងាររយះពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ តទៅ។

ដូចនេះ ដើម្បីឲ្យការងារខាងលើប្រព្រឹត្តទៅដោយរលូន ស្នើបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងដើម្បីបញ្ជៀសការធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើ ដោយធ្វើដំណើរវាងទៅផ្លូវ ៥៩៨ ឫផ្លូវ ជា សុផារ៉ា ជាបណ្ដោះអាសន្នវិញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ពីព្រោះក្រុមការងារត្រូវប្រើប្រាស់គ្រឿងចក្រ និងរថយន្ដធន់ធ្ងន់ សម្រាប់ស្ថាបនាផ្លូវ។

នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខណ្ឌឫស្សីកែវ ដែលអ្នកយកព័ត៌មានអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១៕