(សេអ៊ូល)៖ អ្នកដឹកនាំនយោបាយសេដ្ឋកិច្ចជាន់ខ្ពស់កូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បាននិយាយថា រដ្ឋាភិបាលនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងឲ្យបានខ្លាំងក្លា ដើម្បីស្វែងរកគ្រប់វិធី កាត់បន្ថយឥទ្ធិពលអវិជ្ជមាន ដែលអាចទៅរួច ចំពោះសេដ្ឋកិច្ច ដែលកើតឡើងដោយសារការបង្កហេតុរបស់កូរ៉េខាងជើង ដូចជាការធ្វើតេស្តគ្រាប់បែកអ៊ីដ្រូសែន និងបាញ់បង្ហោះគ្រាប់រ៉ុក្កែតជាដើម។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៦។

លោក យូ អ៊ីលហូ (Yoo Il-ho) ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការងារសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ថែមទៀតនោះ បានប្រាប់ជនបរទេសទាំងអស់ នៅក្នុងទីក្រុងសេអ៊ូលថា រដ្ឋាភិបាល នឹងបំពេញការងារក្នុងកម្រិតខ្ពស់បំផុត ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារកូរ៉េខាងជើង។ វាជាបញ្ហាសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ដូច្នេះ ក្រុមតាមដានការវិវឌ្ឍនានា មានការប្រុងប្រយ័ត្នជាទីបំផុត។

គួរបញ្ជាក់ថា ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងរូបនេះ បានកើតឡើងបន្ទាប់ពីមានការវិភាគមួយចំនួន លើកឡើងពីភាពដែលអាចទៅរួច ដែលកូរ៉េខាងជើង អាចធ្វើតេស្តសព្វាវុធនានាបន្ថែមទៀត នៅក្នុងឆ្នាំ ២០១៦ នេះ ដែលពិត ណាស់ថានឹងបង្កផលអវិជ្ជមានមកលើសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង៕