(បាត់ដំបង)៖ តាមរយៈនៃការចុះពិនិត្យវាលស្រែរបស់ប្រជាកសិករ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចាប់អារម្មណ៍ចំពោះការខិតខំប្រឹងប្រែងរបស់ប្រជាកសិករ ក្រោយពីបានទទួលគ្រាប់ពូជស្រូវសែនក្រអូប និងពូជ OM54 51 ដែលជាប្រភេទស្រូវមិនប្រកាន់រដូវពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការដាំដុះក្នុងការស្តារឡើងវិញបន្ទាប់ពីរងគ្រោះដោយទឹកជំនន់នាពេលចុងរដូវវស្សាកន្លងមកនេះ។

ត្រង់ចំណុនេះលោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា ទាំងនេះគឺជាការយកចិត្តទុកដាក់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះប្រជាជនគ្រប់ៗរូប និងគ្រប់កាលៈទេសៈ ជាពិសេសនៅពេលដែលប្រជាពលរដ្ឋជួបនឹងការលំបាក ដូចជាគ្រោះទឹកជំនន់នាពេលថ្មីៗនេះ ដើម្បីជួយស្តារនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យមានភាពល្អប្រសើរឡើងវិញ។

ការចាប់អារម្មណ៍បែបនេះ របស់លោកទេសរដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីចប់កម្មវិធីប្រគល់ផ្ទះជូនដល់អតីតយុទ្ធជន ដោយមានការអមដំណើរដោយ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងមន្ត្រីពាក់ព័ន្ធខេត្ត កាលថ្ងៃទី២២ ខែមករាឆ្នាំ២០២១ បានបន្តចុះពិនិត្យវឌ្ឍនភាពនៃការងារដាំដុះដំណាំស្រូវស្តារឡើងវិញក្រោយទឹកជំនន់នាពេលកន្លងមក ស្ថិតក្នុង ឃុំព្រៃនរិន្ទ និង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បន្ទាប់ពីទទួលបានគ្រាប់ពូជស្រូវពីរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះដែរ តំណាងប្រជាកសិករ ដែលទទួលបានគ្រាប់ពូជស្រូវពីរាជរដ្ឋាភិបាល បានបញ្ជាក់ថា គ្រាប់ពូជស្រូវដែលទទួលបានកន្លងមក គឺបានដុះលូតលាស់បានល្អ និងមិនមានការបំផ្លាញពីសត្វល្អិតទេ ដែលបញ្ហានេះបានធ្វើឱ្យប្រជាកសិករមានសេចក្តីត្រេកអរ និងការជួយអន្តរាគមន៍ភ្លាមៗ ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលក្រោយពីទឹកជំនន់ ដូចជា ផ្តល់ពូជស្រូវនិងស្បៀងជាដើម ដើម្បីធ្វើការស្ដារការដាំដុះឡើងវិញបានទាន់ពេលវេលា នឹងអាចជួយកាត់បន្ថយការលំបាករបស់ពួកគាត់បានមួយផ្នែកធំផងដែរ។

លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះស្ថានភាពស្រូវទាំងអស់នោះកំពុងមានដើមដងលូតលាស់បានល្អ ហើយបញ្ហាចំពោះមុខមិនទាន់មានអ្វីចោទនោះទេ ព្រោះដំណាំស្រូវទាំងនេះចេញផ្កាផ្លែហើយ ហើយសង្ឃឹមថា ទិន្នផលស្រូវនឹងមានកំណើនខ្ពស់៕