(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងកត់សម្គាល់ថា ពេលនេះ បើនិយាយអំពីស្ថានភាពនយោបាយសហរដ្ឋអាមេរិក បន្ទាប់ពីលោក ដូណាល់ ត្រំា ធ្វើឲ្យពិភពលោកផ្អើលប្រមាណ ២ខែមកនេះ គឺបានធ្វើឲ្យពិភពលោកមើលឃើញនឹងចោទប្រទេសមហាអំណាចមួយនេះ ដែលតំាងខ្លួនជាបិតាលទ្ធិប្រជាធិបតេយ្យនោះ គឺបានរំលោភលើលទ្ធិប្រជាធិបតេយ្យយ៉ាងជាក់ស្ដែងតែម្តង។

ក្នុងនោះ លោក រ័ត្ន សណ្តាប់ បានលើកហេតុផល ៣ ចំណុច មកពន្យល់រួមមាន៖

១៖ ក្រោយថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាថ្ងៃទី៣ វិច្ឆិកា លោក ត្រំា ប្រកាសមិនទទួលស្គាល់លទ្ធផល ហើយបានបង្កើតក្រុមមេធាវីឲ្យប្ដឹងរដ្ឋអំណាចនៃរដ្ឋជាច្រើន ថាមានកេងបន្លំសន្លឹកឆ្នោត។ តែពាក្យបណ្ដឹងទំាងនេះ ត្រូវបានតុលាការតាមរដ្ឋនីមួយៗទាត់ចោលទំាងអស់ ដែលទំាងនេះបានធ្វើឲ្យប្រទេសក្នុងពិភពលោក ដែលសហរដ្ឋអាមេរិកបានបង្រៀន ឬក៏ដែលបានថ្កោលទោសគេថាគេមិនគោរពលទ្ធិប្រជាធិបតេយ្យ នាំគ្នាហួសចិត្តយ៉ាងខ្លាំង។

២៖ នៅថ្ងៃទី៦មករាថ្មីៗនេះ ពេលដែលសភាទំាងពីរ ដែលទទួលខុសត្រូវអំណាចនីតិបញ្ញាតិ បាននិងកំពុងប្រជុំពេញអង្គ ដើម្បីប្រថាប់ត្រាទទួលស្គាល់ជោគជ័យរបស់លោក ចូ ប៉ៃដិន ជាប់ជាប្រធានាធិបតី ពួកអ្នកគំាទ្រលោក ត្រំា បានធ្វើព្យុះហយាត្រាទំាងកំរោល ដោយប្រើហិង្សា ទៅវាយលុកវិមានរដ្ឋកាពីតូល រហូតដល់ប៉ះទង្គិចអាវុធនឹងអាវុធ បណ្ដាលឲ្យមានស្លាប់មនុស្ស៥នាក់ ដែលអំពើនេះកាន់តែធ្វើឲ្យពិភពលោក គេថ្កោលទោសសហរដ្ឋអាមេរិកម្ដងទៀត ហើយគេបានចោទប្រកាន់លោក ត្រំា ទំាងស្រុងថាជាអ្នកនំាគេបំបះបំបោរ។ ទង្វើទំាងនេះមិនបង្អង់យូរសភាតំណាងរាស្រ្ដ បានកោះប្រជុំបន្ទាន់នាថ្ងៃទី១៣ មករា ប្រកាសចោទប្រកាន់ប្រធានាធិបតីត្រំា ថាដឹកនំារំលោភច្បាប់ បំបះបំបោរឲ្យមានការវាយប្រហារលើស្ថាប័នរដ្ឋ ដែលសេចក្ដីសម្រេចនេះលោក ត្រំា ធ្វើព្រងើយ។

៣៖ នៅថ្ងៃទី២០មករានេះ ដែលជាថ្ងៃផ្ទេរតំណែង នេះផងដែរ គឺលោក ត្រំា មិនឈឺក្បាលនឹងទៅចូលរួមទៅទៀត ដែលរយ:ពេលជាង១៥០ឆ្នំាកន្លងមកហើយ មិនដែលមានរឿងដូច្នេះកើតទ្បើងទាល់តែសោះ។

លោក រ័ត្ន សណ្ដាប់ បន្ដថា ស្ថិតក្នុងបរិការទំាងអស់នេះ ដែលជាហេតុការណ៍បានកើតទ្បើងនៅលើប្រទេសមហាអំណាចកំពូល ដែលមនុស្សរាប់ជំនាន់នៅលើពិភពលោកមិនដែលជួបប្រទះ ខ្លះនំាគ្នាបារម្ភ តែខ្លះទៀតនំាថ្កោលទោស។ កុំថាតែពិភពលោក សូម្បីតែប្រជាជនអាមេរិកំាងខ្លួនឯងក៏មានការភ្ញាក់ផ្អើលដែរ។

ត្រង់ចំណុចនេះលោក រ័ត្ន សណ្ដាប់ បញ្ជាក់ថា ចូលដល់បរិបទថ្មីនេះ អាមេរិកមានប្រធានាធិបតីថ្មី គឺលោក ចូ ប៉ៃដិន ខាងគណបក្សប្រជាធិបតេយ្យ។ ថ្ងៃទី១ នៃភារកិច្ចរបស់លោក ក្នុងឋាន:ជាប្រធានាធិបតីថ្មី លោកបានស្ដារទ្បើងវិញនូវអ្វីៗ ដែលលោកប្រធានាធិបតីចាស់បានដើរខុសបរិបទ ធ្វើឲ្យគេផ្អើលពេញពិភពលោក។

លោក បៃដិន បានទាត់ចោលសេចក្ដីសម្រេចទំាងអម្បាលមាណដែលលោក ត្រំា បានសម្រេចបង្កើតឲ្យមានចម្រូងចម្រាសកន្លងមក មានជាដូចជាការការពារទប់ទល់នឹងមេរោគកូវីដ-១៩ ការចូលរួមសកម្មឡើងវិញក្នុងការអនុវត្ដសន្ធិសញ្ញាការប្រែប្រួលបរិយាកាស ការសម្របសម្រួលទ្បើងវិញនូវទំនាក់ទំនងជាមួយប្រទេសនានាលើឆាកអន្ដរជាតិ ការរៀបចំឲ្យជនអន្ដោប្រវសន៍បានចូលសញ្ជាតិប្រមាណ២លាននាក់។ល។

ទន្ទឹមគ្នានេះដែរ លោក ចូ ប៉ៃដិន បានរុញសមាជិករដ្ឋាភិបាលថ្មីរបស់លោក ដែលសំខាន់ៗ ដូចជារដ្ឋមន្រ្ដីការពារជាតិ រដ្ឋមន្រ្ដីការបទេស រដ្ឋមន្រ្ដីរតនាគារ។ល។ ឲ្យព្រឹទ្ធសភា អនុម័តជាបន្ទាន់។

បើដូច្នេះទាំងអស់នេះហើយ ជាការងារសប្ដាហ៍ទីមួយរបស់ប្រធានាធិបតីថ្មី នៃប្រទេសមហាអំណាចកំពូលមួយនេះ ដោយគេមិនគិតខ្វាយខ្វល់ជាមួយនឹងលោក ដូណាល់ ត្រំា ទៀតទ្បើយ៕