(ព្រះវិហារ)៖ កាំជណ្តើរឡើងភ្នំត្បែងមានជ័យ នៅក្នុងខេត្តព្រះវិហារ ប្រមាណ២០០កាំ ដែលបានរងការបាក់ស្រុតខូចខាតដោយជំនន់ទឹកភ្លៀងកាលពីរដូវវស្សាកន្លងមក ពេលនេះត្រូវបានចាប់ផ្តើមដំណើរសាងសង់ជួសជុលឡើងវិញហើយ ដោយបានរៀបចំពិធីសែនក្រុងពាលីសុំអ្នកតាម្ចាស់ទឹក ម្ចាស់ដី ព្រៃភ្នំ ដើម្បីសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ និងត្រូវចំណាយថវិកា ប្រមាណ ១៤ម៉ឺនដុល្លារអាមេរិក។

ពិធីក្រុងពលីនេះ ប្រព្រឹត្តធ្វើឡើងក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើនរូបទៀត។

បើតាមលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលជាអ្នកទទួលការសាងសង់កាំជណ្តើរឡើងភ្នំត្បែងមានជ័យនេះ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកនេះថា៖ «កាំជណ្តើរឡើងភ្នំត្បែងមានជ័យ ដែលបាក់ស្រុតរងការខូចខាតដោយជំនន់ទឹកភ្លៀងកាលពីរដូវវស្សាកន្លងមក ពេលនេះបានចាប់ផ្តើមសាងសង់ឡើងវិញហើយ ដោយធ្វើអំពីដែកដូចដែលក្រុមជាងបានធ្វើជាគំរូស្រាប់ ដោយចំណាយថវិកាចំនួន ១៤មុឺនដុល្លារ ហើយគ្រឿងមួយចំនួនទៀតគឺមានការកុម្មង់ទិញពីប្រទេសចិន លោកថាបើយើងកែច្នៃពីដែកសុទ្ធ គឺត្រូវចំណាយអស់ថវិកាច្រើន ហើយមានការលំបាកទៀត»

លោក សំ លាងទ្រី បានរំឮកឱ្យដឹងទៀតថា ភ្លាមៗនៃការបាក់ស្រុតកាំជណ្តើរឡើងភ្នំត្បែងមានជ័យនេះ បានធ្វើឱ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជិតឆ្ងាយ មានការពិបាកក្នុងការឡើងភ្នំខ្លាំងណាស់។ ដូច្នេះ ដើម្បីសម្រួលដល់ការធ្វើដំណើរឡើងភ្នំ របស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរឱ្យមានភាពងាយស្រួល និងជៀសផុតពីគ្រោះថ្នាក់ផ្សេងៗនោះ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះទៅពិនិត្យផ្ទាល់ដល់ទីតាំង និងបានណែនាំឱ្យរៀបចំផ្លូវវាងជាបណ្តោះអាសន្ន ដើមសម្រួលដល់ការធ្វើដំណើរ។

ប្រធានមន្ទីរសាធារណការខេត្តព្រះវិហាររូបនេះ បានគូសបញ្ជាក់ថា ថវិកាសម្រាប់សាងសង់កាំជណ្តើរឡើងភ្នំត្បែងមានជ័យនេះ គឺបានមកពីការដង្ហែរអង្កឋិនទានសាមគ្គី ក្រោមគំនិតផ្តួចផ្តើមរបស់លោកទេសរដ្ឋមន្ត្រី មាស សុភា និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ហើយថវិកានេះ នៅមិនទាន់គ្រប់គ្រាន់សម្រាប់ការកសាងកាំជណ្តើរនោះទេ ប៉ុន្តែទោះជាយ៉ាងណាលោកអភិបាលខេត្តព្រះវិហារប្តេជ្ញា និងគៀងគររកថវិកាបន្ថែមទៀត ដើម្បីសាងសង់កាំជណ្តើរនេះឱ្យរួចរាល់ជាស្ថាពរ។

សូមបញ្ជាក់ថាភ្នំត្បែងមានជ័យ ស្ថិតក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ភ្នំត្បែងមានជ័យ គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយនៅលើកំពូលភ្នំ ដែលមានភាពទាក់ទាញ ដោយសារនៅលើកំពូលភ្នំត្បែង មានវត្តថ្ម៣ដុំ វត្តដំបូកខ្មៅក្របៅជ្រុំ មានទឹកជ្រោះ ក៏ដូចជាតំបន់ជាច្រើនទៀត ដែលមានទំនាក់ទំនង និងបារមីលោកតា «សួង» អ្នកសច្ចាំងភ្នំត្បែង ដ៏ពូកែស័ក្កសិទ្ធរបស់ខ្មែរយើងពីបុរាណកាលមក៕