(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ជាង សុខា ដែលជាអ្នកសារព័ត៌មានល្បីឈ្មោះមួយរូប ដែលបានទទួលមរណភាព នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្នុងជន្មាយុ៤៣ឆ្នាំ ដោយរោគាពាធ។ សពលោក ជាង សុខា ត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានដែលមានអាសយដ្ឋាន ផ្ទះលេខ 28J ស្ថិតនៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រវត្តិខ្លះៗ លោក ជាង សុខា បានចូលប្រឡូកអាជីពជាអ្នកសារព័ត៌មានកាលពីជាង២០ឆ្នាំមុន ហើយត្រូវបានគេស្គាល់លោកច្រើន ពេលចូលបម្រើការងារនៅសារព័ត៌មានភ្នំពេញប៉ុស្តិ៍។ ក្រោយចាកចេញពីសារព័ត៌មានភ្នំពេញប៉ុស្តិ៍ លោក ជាង សុខា បានចូលទៅបម្រើការងារនៅកាសែត Khmer Times ក្នុងតួនាទីជានិពន្ធនាយកផងដែរ។

ក្រៅពីមានអាជីពខាងលើនេះ លោក ជាង សុខា ក៏មានតួនាទីជាទីប្រឹក្សាក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់នៅក្នុងសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅថា ស.ស.ស.ក ផងដែរ។

នៅដំណាក់កាលចុងក្រោយនេះ លោកបានតស៊ូជាមួយជំងឺរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានខែមកនេះ ចាប់តាំងពីលោកបានចាប់ផ្តើមធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងបន្តបញ្ជូនទៅកាន់មន្ទីរពេទ្យនៅប្រទេសថៃ។ ក្រោយស្ថានភាពជំងឺនៅតែមិនធូរស្បើយ ក្រុមគ្រួសារ និងសាច់ញាតិក៏សម្រេចបញ្ជូនលោកមកប្រទេសកម្ពុជា និងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ីបានមួយរយៈ ក៏ទទួលមរណភាពនៅថ្ងៃម្សិលមិញតែម្តង។

ការបាត់បង់ជីវិតរបស់ លោក ជាង សុខា បានបន្សល់ទុកឲ្យភរិយាក្លាយជាស្រ្តីមេម៉ាយ ត្រូវរ៉ាប់រងចិញ្ចឹមកូនតូចៗចំនួន៣នាក់ (ប្រុស២នាក់ និងស្រីម្នាក់)៕