(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលបញ្ចប់ករណីវិវាទរវាងក្រុមហ៊ុន CCCC Third Harbour Engineering Co.,Ltd ម្ចាស់ម៉ៅការសំណង់ និងក្រុមហ៊ុន Fujian Jianlong Engineering Consulting Co.,Ltd ដែលជាអ្នកអភិវឌ្ឍន៍ផ្សារសេនជូរីផ្លាហ្សា នៅក្នុងការដ្ឋានសារសង់ផ្សារទំនើបសេនជូរីផ្លាហ្សា ដែលមានជាន់ក្រោមដី ២ជាន់ និងកម្ពស់ឡើងលើ ៦ជាន់ ដែលស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀល ថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។

កិច្ចប្រជុំសម្របសម្រួលបញ្ចប់ករណីវិវាទរវាងក្រុមហ៊ុនទាំងពីរខាងលើនេះ ធ្វើឡើងនារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

ដើមឡើយ ក្រុមហ៊ុន CCCC Third Harbour Engineering Co.,Ltd បានទទួលម៉ៅការសំណង់ពីក្រុមហ៊ុន Fujian Jianlong Engineering Consulting Co.,Ltd នៅក្នុងការដ្ឋានសារសង់ផ្សារទំនើបសេនជូរីផ្លាហ្សា ដែលមានជាន់ក្រោមដី ២ជាន់ និងកម្ពស់ឡើងលើ ៦ជាន់ ដែលស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយក៏កើតមានជម្លោះជាមួយគ្នា។

ជម្លោះនេះក៏បានធ្វើឲ្យសំណង់ផ្សារត្រូវបានផ្អាកជាបណ្តោះអាសន្នជាច្រើនខែ ដែលបានធ្វើឲ្យអាជីវករទាំងអស់មានអារម្មណ៍មិនល្អ ចំពោះគម្រោងនៃការសាងសង់ផ្សារទំនើសេនជូរីផ្លាហ្សានេះ និងបានធ្វើឲ្យសំណង់នេះមិនអាចបញ្ចប់តាមកិច្ចសន្យាដែលបានកំណត់ និងម្យ៉ាងទៀត ក៏បានធ្វើឲ្យអាជីវករខកខានក្នុងការលក់ដូរផងដែរ។

នាឱកាសនោះ លោកស្រី ម៉ែន សំអន បានឱ្យដឹងថា កន្លងមក ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចាត់គណៈប្រតិភូចុះអង្កេតស្រាវជ្រាវដល់មូលដ្ឋានទំនាស់ និងមានការប្រជុំសម្របសម្រួលជាបន្តបន្ទាប់។

ដោយឡែក នៅរសៀលថ្ងៃនេះ ក្រោមការដឹកនាំកិច្ចប្រជុំសម្របសម្រួលបញ្ចប់វិវាទនៅចំពោះមុខលោកស្រី ម៉ែន សំអន គូភាគីទាំងសងខាងបានសម្តែងនូវការសប្បាយចិត្ត ដោយករណីវិវាទត្រូវបានដោះស្រាយបញ្ចប់ ដោយឈរលើគោលការណ៍តម្លាភាព ភាតរភាព និងយុត្តិធម៌ ហើយគ្រប់ភាគីសុទ្ធតែឈ្នះ ស្របតាមវិធីសាស្រ្តឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសភាគីទាំងអស់ក៏បានឯកភាព និងសន្យាអនុវត្តយ៉ាងម៉ឺងម៉ាត់តាមស្មារតីកិច្ចប្រជុំនារសៀលនេះ ក្នុងការបញ្ចប់ទំនាស់ និងបន្តការសាងសង់បញ្ចប់។

ចាប់ពីពេលនេះតទៅ ក្រុមហ៊ុន CCCC Third Harbour Engineering Co.,Ltd ម្ចាស់ម៉ៅការសំណង់ និងក្រុមហ៊ុន Fujian Jianlong Engineering Consulting Co.,Ltd ដែលជាអ្នកអភិវឌ្ឍន៍ផ្សារសេនជូរីផ្លាហ្សា ក៏បានប្រគល់ការដ្ឋានសំណង់ជូនលោកស្រីឧកញ៉ា ចាន់ សុទ្ធា អគ្គនាយិកា ក្រុមហ៊ុនសេនជូរីហ្គ្រុប បន្តសាងសង់បញ្ចប់ ដើម្បីឲ្យភាគីក្រុមហ៊ុនបានប្រគល់ជូនដល់អាជីវករជាង ១,២០០តូប អាចធ្វើការលក់ដូរជាធម្មតាវិញនៅក្នុងផ្សារ ក្នុងពេលឆាប់ៗខាងមុខនេះ។

លោកស្រី ម៉ែន សំអន សង្ឃឹមយ៉ាងម៉ុតមាំថា ក្រុមហ៊ុននឹងបន្តបញ្ចប់ការសាងសង់ ដោយគោរពតាមបទដ្ឋាននៃសំណង់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍរាជធានីភ្នំពេញបន្ថែមមួយកម្រិតទៀត៕