(សៀមរាប)៖ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការផ្គត់ផ្គង់ និងបញ្ជាទិញផលិតផលកសិ-ពាណិជ្ជកម្មបន្លែ រវាងផ្សារកសិផល និងចំណីអាហារ (FAM) និងក្រុមហ៊ុន លី លី ហ៊្វូដអ៊ុនដាសទ្រី ខូ អិល ធីឌី នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យភាគីទាំងពីរសហការគ្នាដើម្បីធ្វើឱ្យដំណើរការនៃការផ្គត់ផ្គង់ និងបញ្ជាទិញផលិតផលកសិ-ពាណិជ្ជបន្លែ រក្សាឱ្យបាននូវនិរន្តរភាព ទាំងបរិមាណ និងគុណភាព។

ភាគីទាំងពីរត្រូវមានការចែករំលែកនូវព័ត៌មានជាមួយគ្នាទៅវិញទៅមក និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធនានា ដើម្បីដោះស្រាយនូវរាល់បញ្ហានានា ដែលអាចកើតមានឡើងក្នុងដំណើរការនៃការផ្គត់ផ្គង់ និងបញ្ជាទិញ និងត្រូវពិនិត្យលទ្ធភាពក្នុងការពង្រីកបន្ថែមលើមុខទំនិញកសិ-ពាណិជ្ជកម្មដទៃទៀត ព្រមទាំងគាំទ្រចំពោះផលិតផលដែលមានគុណភាព សុវត្ថិភាព ដែលកសិករផលិតបាន។

លោក ប៉ាន សូរស័ក្តិ បានបង្ហាញក្ដីសង្ឃឹមថា ការសហការគ្នាក្នុងការផ្គត់ផ្គង់ និងបញ្ជាទិញផលិតផលកសិ-ពាណិជ្ជកម្មបន្លែនឹងបង្កើតឱ្យមានការទុកចិត្តគ្នា ក្នុងការធ្វើឱ្យតម្លៃផលិតផលទាំងនេះនៅក្នុងទីផ្សារកាន់តែមានភាពរីកចម្រើនមួយកម្រិតទៀត។

លោករដ្ឋមន្ត្រីបានបន្តថា កន្លងមក ទីផ្សារបន្លែក្នុងស្រុកមានតម្រូវការខ្ពស់ ក៏ប៉ុន្តែការផ្គត់ផ្គង់ដែលមានភាពជាក់លាក់ ទាំងបរិមាណ និងគុណភាពនៅមានកម្រិត ខណៈពេលដែលកសិករជួបប្រទះនូវភាពមិនប្រាកដប្រជានៃតម្លៃកសិផលដែលផលិតបាន។

ក្រសួងពាណិជ្ជកម្មបានចាប់ផ្តើមធ្វើកិច្ចការដោយផ្ទាល់ ទាក់ទងជាមួយការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់រវាងការផលិតនឹងទីផ្សារ តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ដែលមានក្រសួងពាណិជ្ជកម្មជាស្ថាប័នអនុវត្តគម្រោង ដោយផ្តោតលើផលិតផលសំខាន់ៗចំនួន ៥មុខ រួមមាន ស្រូវក្រអូប ដំឡូងមី មាន់ស្រែ បន្លែ និងសូត្រឆៅ ហើយបាននិងកំពុងអនុវត្តន៍នៅក្នុងខេត្តគោលដៅចំនួន ១៨ ចែកចេញជា ៣ មណ្ឌលភូមិភាគ គឺមណ្ឌលភូមិភាគនិរតី មណ្ឌលភូមិភាគបូព៌ា និងឦសាន និងមណ្ឌលភូមិភាគពាយ័ព្យ ដែលខេត្តសៀមរាបស្ថិតនៅក្នុងមណ្ឌលភូមិភាគនេះ។

លោកបន្ថែមថា ផលិតផលកសិ-ពាណិជ្ជកម្មបន្លែ ជាផលិតផលដ៏មានសក្តានុពលមួយក្នុងចំណោមផលិតផលកសិ-ពាណិជ្ជកម្មសក្តានុពលទាំង ៥ របស់គម្រោង AIMS និងដោយយោងតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលលើការជំរុញផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយជំនួសការនាំចូលផលិតផលកសិ-ពាណិជ្ជកម្មពីក្រៅប្រទេស និងបង្កើនប្រាក់ចំណូលដល់កសិករផលិត។

ទន្ទឹមនឹងនេះ ប្រទេសកម្ពុជាក៏មានសក្តានុពលក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារអឺរ៉ុប អាម៉េរិក និងអាស៊ី ហើយផលិតផលដែលកែច្នៃពីផលិតផលកសិ-ពាណិជ្ជកម្មបន្លែ គឺជាផលិតផលដែលកម្ពុជាមានលទ្ធភាពក្នុងការពង្រីកបន្ថែមទៅលើបណ្តាមុខទំនិញជាច្រើន ក្រៅពីអង្ករ ម្រេច សម្លៀកបំពាក់ ស្បែកជើង កាបូប និងកង់ជាដើម។

សូមបញ្ជាក់ថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងផ្សារកសិផល និងចំណីអាហារ និងក្រុមហ៊ុន លី លី ហ្វីងអ៊ុនដាសទ្រី ខូ អិលធីរឺ នាពេលនេះ គឺជាសមិទ្ធផលមួយទៀតដែលកើតចេញពីការប្រឹងប្រែងរបស់គម្រោង AIMS ក្រសួងពាណិជ្ជកម្ម ក្នុងការតភ្ជាប់ក្រុមអ្នកផលិត អ្នកប្រមូលទិញ និងរោងចក្រកែច្នៃ ដែលជាកិច្ចការដ៏មានអត្ថប្រយោជន៍រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការបង្កើនចំណូលជូនដល់ប្រជាជននៅមូលដ្ឋាន៕