(ពោធិ៍សាត់)៖ មួយរយៈពេលថ្មីៗនេះ គេសង្គេតឃើញមានបទល្មើសនេសាទជាច្រើនកន្លែង កំពុងតែកើតមានយ៉ាងពេញទំហឹង នៅចំណុចកដបលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាប់នឹងព្រំប្រទល់ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា អ្នកដែលនៅពីក្រោយបទល្មើសនេសាទទាំងអស់នោះ ត្រូវបានគេស្គាល់ឈ្មោះថា ឌុល សំអាត និងឈ្មោះ ចិន សុខ អ្នកទាំង២នាក់នេះ គឺជាអ្នករត់ការឱ្យមន្ត្រីជំនាញជលផលគ្រប់ជាន់ថ្នាក់។

ក្រុមបទល្មើសនេសាទ មានគ្នាសរុបប្រមាណ១០នាក់ ដែលក្នុងចំណោមនោះ មានម្នាក់ឈ្មោះ ឃីម (ជនល្មើស) រស់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងការិយាល័យ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យ និងធ្វើការបង្ក្រាបបាន ក្បាលបរ៦ក្បាល, ឡុក៦ក្បាល, របាំងសាច់អួន១២០០ម៉ែត្រ, បង្គោលឈើ៨០០ម៉ែត្រ, ជើងកុកបុកសាច់អួនចូលក្នុងដី ៣០០០ដើម និងខ្សែចងបង្គោល១២គីឡូក្រាម កាលពីវេលាម៉ោង ០៤៖១៦នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ កន្លងទៅ។

ពាក់ព័ន្ធនឹងបទល្មើសនេសាទ ដែលកំពុងកើតមាននៅចំណុចកដបនោះ លោក ភុន វណ្ណា នាយសង្កាត់រដ្ឋបាលជលផលក្រគរ បានប្រាប់បណ្តាញសារព័ត៌មាន Fresh News តាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះថា «គឺពិតជាមានបទល្មើសនេសាទទាំងនោះមែន! ហើយកម្លាំងជំនាញរបស់លោក នឹងខិតខំចុះបង្ក្រាបជាបន្តបន្ទាប់ តាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពគ្រប់ជាន់ថ្នាក់»

សូមបញ្ជាក់ថា ក្រោយប្រតិបត្តិការចុះពិនិត្យ និងធ្វើការបង្ក្រាបរបស់កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ កាលពីពេលកន្លងទៅនោះ គេបានលេចលឺព័ត៌មានថាឈ្មោះ ឃីម ដែលទៅរារាំងសមត្ថកិច្ច ពេលចុះប្រតិបត្តិការនោះ បានទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ឯស្រុកបរិបូណ៌ ដោយចោទប្រកាន់ថា សមត្ថកិច្ចបានវាយខ្លួនឱ្យរងរបួស។

ក្នុងនោះដែរ សមត្ថកិច្ចក៏បានច្រានចោលយ៉ាងដាច់អាហាំងការ និងសូមស្នើឱ្យលោក ឃីម (ជនល្មើស) ចូលខ្លួនមកបំភ្លឺ នៅចំពោះមុខសមត្ថកិច្ចជំនាញផងដែរ៕