(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក Asad Yaqub ប្រធាន សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំប្រទេសកម្ពុជានៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក Asad Yaqub បានលើកឡើងថា លោកមានគោលបំណង ស្វែងយល់អំពីវឌ្ឍនភាព នៃបញ្ហាប្រឈម និងឱកាសនានា ក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ព្រមទាំងពិភាក្សាពីទស្សនៈក្នុងការបន្តកិច្ចសហប្រតិបត្តិការ របស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៅក្នុងប្រទេសកម្ពុជា។

លោក វង្សី វិស្សុត បានវាយតម្លៃខ្ពស់ ចំពោះតួនាទី និងការរួមចំណែករបស់ IFC ក្នុងការទ្រទ្រង់ដល់ការអភិវឌ្ឍ វិស័យឯកជននៅកម្ពុជា ក្នុងពេលកន្លងមក ទាំងតាមរយៈការផ្តល់ហិរញ្ញប្បទាន និងទាំងតាមរយៈការផ្តល់ប្រឹក្សា និងជំនួយបច្ចេកទេស។

ជាមួយគ្នានេះដែរ លោក វង្សី វិស្សុត ក៏បានជម្រាបជូនដល់លោក Asad Yaqub បានជ្រាបផងដែរ អំពីស្ថានភាព នៃសេដ្ឋកិច្ចកម្ពុជា ដោយលោកបានគូសបញ្ជាក់ថា តាមការប៉ាន់ស្មាន ជារួមកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២០ មានស្ថានភាពល្អប្រសើរ ជាងការរំពឹងទុក ទោះបីមានការថមថយក្តី។

លោកថា «សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២១នេះ ត្រូវបានព្យាករណ៍ថា នឹងងើបឡើងវិញ ដោយសារការរំពឹងទុក នៃការកើនឡើងដោយសន្សឹមៗ នៃវិស័យគាំទ្រកំណើនមួយចំនួន និងប្រសិទ្ធភាព នៃការអនុវត្តវិធានការ គោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសកំណើន នៃការនាំចេញ តាមរយៈការទាញប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន, កិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) និង ទីផ្សារអង់គ្លេស ព្រមទាំងការប្រកាស អំពីកញ្ចប់ជំរុញកំណើនសេដ្ឋកិច្ច ដ៏ធំសម្បើម របស់រដ្ឋបាលថ្មីអាមេរិក ដែលជាទីផ្សារដ៏សំខាន់របស់កម្ពុជា។ កំណើននេះ ក៏ផ្អែកលើការរំពឹងទុកថា វ៉ាក់សាំងជំងឺកូវីដ-១៩ នឹងត្រូវបានចាប់ផ្តើម ចែកចាយក្នុងឆ្នាំ២០២១ នេះផងដែរ»

លោកបានបន្តថា ការអូសបន្លាយ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ គឺមិនល្អនោះទេ ទាំងសម្រាប់កម្ពុជា ក៏ដូចជា សម្រាប់ពិភពលោកទាំងមូល ព្រោះវាបានបង្អាក់ និងដាក់សម្ពាធយ៉ាងខ្លាំង ដល់ដំណើរការសេដ្ឋកិច្ច ពិសេសសកម្មភាពផលិតកម្ម។ ស្ថានភាពនេះបានធ្វើឱ្យប្រទេសជាច្រើន ពិសេសបណ្តាប្រទេសអភិវឌ្ឍន៍ បានប្រើប្រាស់នូវឧបករណ៍ គោលនយោបាយ ទាំងផ្នែកសារពើពន្ធ និងរូបិយវត្ថុមិនធ្លាប់មានពីមុនមក ពិសេសការបោះពុម្ភក្រដាសប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់រ៉ាប់រង ដល់អ្នកបាត់បង់ការងារ ឬមិនអាចទៅធ្វើការងារបាន ដោយសារវិធានការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ប្រការនេះ អាចនឹងធ្វើឱ្យស្ថានភាព សេដ្ឋកិច្ចពិភពលោកកាន់តែអាក្រក់ថែមទៀត នៅក្នុងរយៈពេលមធ្យមខាងមុខ។ ដូច្នេះការចែកចាយ និងការទទួលបាននូវវ៉ាក់សាំងជំងឺកូវីដ-១៩ ប្រកបដោយគុណភាព និងសមធម៌ សម្រាប់គ្រប់ប្រទេសទាំងអស់ ពិសេសបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ គឺមានភាពចាំបាច់ណាស់សម្រាប់ពិភពលោកទាំងមូល។

លោកក៏បានជម្រាបផងដែរ អំពីផែនការចែកចាយ និងចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសអំពីភាពចាំបាច់ នៃការចាក់វ៉ាក់សាំងនេះ ដើម្បីអាចទប់ស្កាត់ ការរីករាលដាលជំងឺផង និងដើម្បីអាចដំណើរការសេដ្ឋកិច្ច បានពេញលេញឡើងវិញផង ព្រមទាំងក៏ដូចជា ដើម្បីបង្កើនទំនុកចិត្ត ក្នុងការទាក់ទាញការវិនិយោគ និងទេសចរណ៍។

នៅក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត បានស្នើដល់ IFC ឱ្យពង្រីកប្រតិបត្តិការ និងផ្តល់ឥណទានឱ្យបានកាន់តែច្រើនថែមទៀត ដល់វិស័យឯកជនរបស់កម្ពុជា ពិសេសនៅក្នុងដំណាក់កាល នៃការជំរុញ និងស្តារសេដ្ឋកិច្ចកម្ពុជា នៅក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ ដោយបន្តផ្តោតលើវិស័យ មួយចំនួនបន្ថែមទៀត ដូចជា កសិកម្ម, ឡូជីស្ទីក និងឌីជីថលជាដើម។

ជាមួយគ្នានេះ លោកក៏បានស្នើដល់ IFC ឱ្យបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធការរៀបចំគោលនយោបាយសេដ្ឋកិច្ច, ហិរញ្ញវត្ថុ, ពាណិជ្ជកម្ម, ឌីជីថល និងវិនិយោគ ព្រមទាំងកសាងប្រព័ន្ធអេកូឡូស៊ី សម្រាប់ការលើកកម្ពស់ សហគ្រិនភាពនៅកម្ពុជា។

គួរបញ្ជាក់ដែរថា IFC គឺជាស្ថាប័នមួយ នៃធនាគារពិភពលោក (World Bank Group) ដែលផ្តោតលើវិស័យឯកជន នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ស្ថាប័ននេះ ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៥៦។ គិតចាប់ពីឆ្នាំ២០០០ មក IFC បានវិនិយោគ និងកៀរគរទឹកប្រាក់ប្រមាណជាង ១ប៊ីលានដុល្លារនៅកម្ពុជា ដោយផ្តោតសំខាន់លើវិស័យហិរញ្ញវត្ថុ, ហេដ្ឋារចនាសម្ព័ន្ធ, កសិពាណិជ្ជកម្ម និងវិស័យអប់រំនៅកម្ពុជា៕