(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសច្បាស់ៗថា វ៉ាក់សាំងស៉ីណូហ្វាម ដែលជាវ៉ាក់សាំងរបស់ប្រទេសចិន ប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ នឹងមកដល់ប្រទេសកម្ពុជានៅខែកុម្ភៈ ហើយសម្ដេចនឹងចេញទៅទទួលវ៉ាក់សាំងនេះ ដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញផ្ទាល់តែម្ដង។

ក្នុងឱកាសអញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ម្ជុលដូសទី១ នៃវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ចិននេះ គឺសម្ដេចជាអ្នកចាក់មុនគេបង្អស់ ហើយសម្ដេចសង្ឃឹមថា ថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀត នឹងចាក់វ៉ាក់សាំងនេះជាបន្ដបន្ទាប់ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «វ៉ាក់សាំងស៉ីណូហ្វាម នឹងមកដល់លើកដំបូងក្នុងខែកុម្ភៈនេះ ហើយខ្ញុំសូមប្រកាសថា នៅពេលវ៉ាក់សាំងមកដល់ព្រលានយន្ដហោះពោធិ៍ចិនតុង ខ្ញុំនឹងចេញទៅទទួលខ្លួនឯង នូវវ៉ាក់សាំងនេះ ព្រោះនេះយើងចាត់ទុកជាទំនិញយុទ្ធសាស្ដ្រ និងជាសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា»

ជាថ្មីម្ដងទៀត សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានប្រកាសថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩នេះ នឹងចាក់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដោយឥតគិតថ្លៃ ហើយគ្មានការបង្ខំនោះទេ ពោលអ្នកណាចង់ចាក់ក៏បាន អ្នកណាមិនចង់ចាក់ក៏បាន។ ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ធ្វើជំរឿនចាប់ពីពេលនេះ ដើម្បីកំណត់អំពីចំនួនច្បាស់លាស់ អ្នកដែលត្រូវការចាក់ និងអ្នកណាដែលមិនត្រូវការចាក់។

ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន បង្ហាញការជឿជាក់ថា ពិភពលោកនឹងដើរដល់ចំណុចមួយ ដែលទាមទារនូវការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជាមួយនឹងវិញ្ញាបនត្រច្បាស់លាស់ ទើបអាចធ្វើដំណើរឆ្លងកាត់ ប្រទេសផ្សេងៗទៀតបាន។ មូលហេតុ ដែលសម្ដេចហ៊ានគិតបែបនេះ ដោយសារបទពិសោធន៍ផ្ទាល់ខ្លួនរបស់សម្ដេច នៅពេលទៅអាហ្វ្រិច គឺទាមទារឲ្យចាក់វ៉ាក់សាំងការពារជំងឺគ្រុនបាញ់លឿងជាមុនសិន។

សម្ដេចបានអះអាងទៀតថា នៅថ្ងៃខាងមុខ ប្រសិនបើកម្ពុជាចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាជនបានច្រើនហើយនោះ គឺត្រូវទាមទារឲ្យអ្នកដែលចូលមកប្រទេសកម្ពុជា ត្រូវចាក់វ៉ាក់សាំងនេះជាមួយដូចគ្នាផងដែរ។ សម្ដេចថា នេះជាគោលការណ៍ស្ម័គ្រចិត្តក៏ពិតមែន ប៉ុន្ដែប្រទេសនីមួយៗអាចមានតម្រូវការ ហើយបើកម្ពុជាចាក់វ៉ាក់សាំងបានច្រើន លំហូរទាក់ទាញអ្នកវិនិយោគមកកម្ពុជា ក៏កាន់តែប្រសើរដូចគ្នាផងដែរ។

ផ្ទុយទៅវិញ ប្រសិនបើកម្ពុជា មិនបានចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនបានច្រើននោះទេ អ្នកវិនិយោគច្បាស់ជាមើលឃើញថា កម្ពុជា ជាប្រទេសមួយដែលមានហានិភ័យ ក្នុងការឆ្លងជំងឺកូវីដ-១៩ ហើយធ្វើឲ្យគេនឹងមិនមកវិនិយោគ នោះឡើយ ដូច្នេះវ៉ាក់សាំង មិនត្រឹមតែការពារប្រជាពលរដ្ឋពីការឆ្លងជំងឺរាតត្បាតនោះទេ ប៉ុន្ដែវ៉ាក់សាំងក៏ជាផ្នែកមួយនៃការទាក់ទាញវិនិយោគពីបរទេសដែរ។ នេះជាការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងដម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំរូបនេះ បានសង្កត់ធ្ងន់បន្ថែមថា មូលហេតុទាំងអស់នេះហើយ ដែលទាមទារឲ្យសម្ដេចស្វះស្វែងក្នុងការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ មកចាក់ដោយឥតគិតថ្លៃជូនប្រជាជនកម្ពុជា។ សម្ដេចអះអាងថា ការងារមិនមែនសម្រេចតែសម្ដេចម្នាក់ឯងនោះទេ គឺមានការពិភាក្សាច្បាស់លាស់ណាស់។

ព្រមពេលជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើង ការរកវ៉ាក់សាំងកូវីដ-១៩ នេះ សម្តេចប្រើច្រក៣ រួមមាន៖ ទី១៖ ច្រកកូវ៉ាក់ ដែលជាច្រកអង្គការសុខភាពពិភពលោក, ទី២៖ ជាមួយប្រទេសជាមិត្ត និងទី៣៖ ចរចាផ្ទាល់ជាមួយក្រុមហ៊ុន។ យ៉ាងណាមិញ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំពឹងថា មុនពេលចូលឆ្នាំខ្មែរ វ៉ាក់សាំងកូវីដ-១៩ នឹងចាក់ជូនប្រជាពលរដ្ឋបាន៥០ម៉ឺននាក់។

គួរជម្រាបថា លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ស៊ីណូហ្វាម គឺជាវ៉ាក់សាំងមួយ ដែលមានកម្រិតប្រសិទ្ធភាពរហូតដល់ទៅ ៧៩.៣៤ភាគរយ។ បច្ចុប្បន្នវ៉ាក់សាំងនេះ ត្រូវបានដាក់ឲ្យអង្គការសុខភាពពិភពលោក (WHO) ហើយអាចនឹងមានការវាយតម្លៃ និងអនុញ្ញាតឱ្យប្រើប្រាស់នាពេលខាងមុខផងដែរ។

លោកស្រី បានបន្ថែមថា ដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់ការចាក់វ៉ាក់សាំងនេះ តម្រូវឲ្យចាក់ចំនួនពីរដូស ហើយគម្លាតរយៈពេលពីដូសទី១ ទៅដូសទី២ មានរយៈ ២១ថ្ងៃ។ បើតាមលោកស្រី ឱ វណ្ណឌីន បច្ចុប្បន្នវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម ត្រូវបានប្រើប្រាស់ជាង ២២៣លានដូសហើយ នៅលើប្រទេសជាច្រើននៅលើពិភពលោកទាំងនៅតំបន់អាស៊ី មជ្ឈឹមបូព៌ា អាហ្វ្រិក អាមេរិកឡាទិន និងអឺរ៉ុបផងដែរ។

កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឲ្យដឹងថា រដ្ឋាភិបាលចិន តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជា បានប្រកាសវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម មកដល់កម្ពុជាចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋចំនួន ៥០ម៉ឺននាក់៕