(ភ្នំពេញ)៖ ក្រុមហ៊ុនចិនមួយ បាននិងកំពុងវិនិយោគចិញ្ចឹមត្រីលម្អនៅកម្ពុជា សម្រាប់នាំចេញ ដែលមានទីតាំងកសិដ្ឋាននៅក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយនៅឆ្នាំថ្មីនេះក្រុមហ៊ុនគ្រោងនាំចេញត្រីនាគ និងបបែល ក្នុងតម្លៃជាង ២លានដុល្លារទៅប្រទេសចិន។

លោក Mr. Li Xuequn អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន First Aquatic Indutrial Co., Ltd បានបញ្ជាក់យ៉ាងដូច្នេះថា កសិដ្ឋានរបស់លោកបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៧ ដោយចំណាយទុនវិនិយោគចំនួន ៤លានដុល្លារ (មិនរួម បញ្ចូលការវិនិយោគលើការកសាងហេដ្ឋរចនាសម័ន្ធសំខាន់ៗ)។ បច្ចុប្បន្នមានចិញ្ចឹមត្រីលម្អ (ត្រីនាគ) នាំពូជចូលពីប្រទេសចិន ត្រីបបែលទឹកសាប និងត្រីទឹកសាបកម្ពុជាជាច្រើនប្រភេទទៀតផងដែរ។

លោកបញ្ជាក់ទៀតថា នៅឆ្នាំដំបូងនេះ កសិដ្ឋានគ្រោងនាំចេញត្រីនាគជាង ១,០០០ក្បាល/ឆ្នាំ និងត្រីបបែលជាង ៥,០០០ក្បាល/ឆ្នាំ ទៅកាន់ទីផ្សារប្រទេសចិន ដោយគិតក្នុងតម្លៃត្រីនាគពេញវ័យលក់បាន ១,០០០ដុល្លារ/ក្បាល និងត្រីបបែល ២០០ដុល្លារ/ក្បាល (តម្លៃអាស្រ័យលើប្រភេទពូជ ពណ៌ ទំហំ និងអាយុ)។ កសិដ្ឋានប្រើកម្មករសរុប ៥០នាក់ ក្នុងនោះមានអ្នកជំនាញជលផលទាំងខ្មែរ និងចិនចំនួន ១០នាក់។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានចុះទុនវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រីលម្អ ដែលសកម្មភាពនេះ សមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងលើកទឹកចិត្តដល់វិនិយោគិនក្នុង និងក្រៅប្រទេសសំដៅលើកស្ទួយវិស័យវារីវប្បកម្ម និងការនាំចេញត្រីលម្អ ក្នុងការចូលរួមទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិផងដែរ។

លោករដ្ឋមន្ត្រីបានណែនាំថា ក្រុមហ៊ុនត្រូវត្រៀមរៀបចំឯកសារបច្ចេកទេស ពាក់ព័ន្ធដល់ការចិញ្ចឹម សម្រាប់ឈានទៅដល់ការរៀបចំពិធីសារនាំចេញត្រីលម្អ ទៅកាន់ប្រទេសចិន ដោយត្រូវសហការជាមួយរដ្ឋបាលជលផលកម្ពុជា ធ្វើការទំនាក់ទំនងជាមួយអគ្គរដ្ឋបាលគយចិន ស្នើសុំបែបបទ ឬលក្ខខណ្ឌតម្រូវចាំបាច់នានា ពីភាគីចិនជាជំហានបឋម ដើម្បីឲ្យដំណើរការនាំចេញ នាពេលខាងមុខប្រព្រឹត្តទៅដោយរលូន ចៀសវាងការកកស្ទះផលិតផល ដែលកសិដ្ឋានចិញ្ចឹមបាន។

លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនដោយបញ្ជាក់ថា ក្រសួងក៏ដូចជារដ្ឋបាលជលផលនឹងរង់ចាំសហការសម្របសម្រួល ដើម្បីឲ្យដំណើរការវិនិយោគចិញ្ចឹមត្រីលម្អ និងដំណើរការនាំចេញត្រីលម្អនេះ សម្រេចទទួលបានជោគជ័យផងដែរ៕