(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានដឹកនាំកងកម្លាំងទាំង៣ស្ថាប័ន អញ្ជើញជួបសំណេះសំណាល និងជូនដំណើរពលករ១៣៥នាក់ ដែលត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញ ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

អភិបាលខេត្តបន្ទាយមានជ័យ បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ ពេលត្រឡប់ទៅផ្ទះវិញ ត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្តទៀត និងត្រូវតាមដានសុខភាពរបស់ខ្លួនជាប្រចាំ ហើយបើមានអាការៈមិនស្រួលត្រូវទាក់ទងទៅកាន់ ក្រុមគ្រូពេទ្យជាបន្ទាន់។

ជាមួយគ្នានេះ អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី រស់ សុផានី អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ កងកម្លាំងចម្រុះខេត្ត ក៏បានអញ្ជើញចុះពិនិត្យ និងរៀបចំចាត់ចែងដឹកជញ្ជូនបងប្អូនពលករឲ្យបានត្រឡប់ទៅកាន់ លំនៅដ្ឋានតាមបណ្តាខេត្ត ស្រុកនានាតាមរយៈរថយន្តដឹកជញ្ជូនកងទ័ពផងដែរ៕