(ភ្នំពេញ)៖ លោក ជាង សុខា ជាអ្នកសារព័ត៌មានល្បីឈ្មោះមួយរូប និងបានចូលបម្រើការងារក្នុងអាជីពមួយនេះជាង២០ឆ្នាំមកនោះ បានទទួលមរណភាពដោយរោគាពាធ កាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្នុងជន្មាយុ ៤៣ឆ្នាំ។

លោក ជាង សុខា បានតស៊ូជាមួយជំងឺរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានខែមកនេះ ចាប់តាំងពីលោកបានចាប់ផ្តើមធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងបន្តបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅប្រទេសថៃ។ ក្រោយស្ថានភាពជំងឺនៅតែមិនធូរស្បើយ ក្រុមគ្រួសារ និងសាច់ញាតិ ក៏សម្រេចបញ្ជូនលោកមកប្រទេសកម្ពុជា និងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី បានមួយរយៈក៏ទទួលមរណភាពតែម្តង។

តាមប្រវត្តិខ្លះៗលោក ជាង សុខា បានចូលប្រឡូកអាជីពជាអ្នកសារព័ត៌មានកាលពីជាង២០ឆ្នាំមុន ហើយត្រូវបានគេស្គាល់លោកច្រើន ពេលចូលបម្រើការងារនៅសារព័ត៌មានភ្នំពេញប៉ុស្តិ៍។ ក្រោយចាកចេញពីសារព័ត៌មានភ្នំពេញប៉ុស្តិ៍ លោក ជាង សុខា បានចូលទៅបម្រើការងារនៅកាសែត Khmer Times ក្នុងតួនាទីជានិពន្ធនាយកផងដែរ។

ក្រៅពីមានអាជីពខាងលើនេះ លោក ជាង សុខា ក៏មានតួនាទីជាទីប្រឹក្សាក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់នៅក្នុងសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅថា សសសក ផងដែរ។

សពលោក ជាង សុខា ត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានរបស់លោក មានអាសដ្ឋាន ផ្ទះ លេខ 28J ស្ថិតនៅភូមិព្រះពន្លា សង្កាត់ ព្រែក ប្រា ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។ នេះចាត់ទុកជាដំណឹង គោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូន ញាតិមិត្ត ជិតឆ្ងាយ និងភ្ញៀវកិត្តិយសទាំងអស់អញ្ជើញចូលរួម ជ្រាបជាដំណឹង និងចូលរួមបច្ច័យតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។

ការបាត់បង់ជីវិតរបស់លោក ជាង សុខា បានបន្សល់ទុកឲ្យភរិយាក្លាយជាស្រ្តីមេម៉ាយ ត្រូវរ៉ាប់រងចិញ្ចឹមកូនតូចៗចំនួន៣នាក់ (ប្រុស២នាក់ និងស្រីម្នាក់)៕