(ប៉ៃលិន)៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរពលករម្នាក់ទៀតទៅលំនៅដ្ឋានវិញ ក្រោយពីបានឆ្លងកូវីដ១៩ ហើយទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ ក្នុងការព្យាបាល រហូតទទួលបានជាសះស្បើយ។

ក្នុងឱកាសសំណេះសំណាល និងជូនដំណើរនេះ លោកស្រី បាននាំការអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនបងប្អូននាពេលនេះផងដែរ។

ក្នុងនាមលោកស្រីផ្ទាល់ សូមសំដែងទឹកចិត្តត្រេកអរជាមួយបងស្រី និងបានផ្តាំផ្ញើថា ទោះបីពេលនេះប្អូនៗទទួលបានជាសះស្បើយក្តី តែពេលត្រឡប់ទៅផ្ទះវិញ ក៏ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត ដើម្បីជាការបង្ការបន្ថែម ហើយបើមានអាការៈប្រែប្រួលណាមួយ សូមប្រញាប់ទំនាក់ទំនងមកក្រុមគ្រូពេទ្យ និងកុំភ្លេចញ៉ាំថ្នាំឲ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ។ លោកស្រីបានកោតសរសើរ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមគ្រូពេទ្យជំនាញ ដែលបានខិតខំអស់កម្លាំងកាយចិត្ត លះបង់ពេលវេលាទាំងយប់ទាំងថ្ងៃ ក្នុងការមើលថែអ្នកជំងឺយ៉ាងយកចិត្តទុកដាក់រហូតបានជាសះស្បើយ។

លោកស្រីបានបញ្ជាក់បន្ថែមថា ក្នុងដំណាក់កាលព្យាបាល និងការស្នាក់នៅហូបចុក គឺជាការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ដោយមិនទុកឲ្យបងប្អូនពលករខ្មែរយើងណាម្នាក់ ជួបទុក្ខលំបាកដោយសារកូវីដ៩ ដោយលោកមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។

លោកស្រីបានស្នើឲ្យបងស្រី បើមានសាច់ញាតិដែលត្រូវត្រឡប់មកស្រុកកំណើតវិញ សូមមកតាមសម្រួល និងត្រូវផ្តល់ព័ត៌មានពិតជូនកងកម្លាំងការពារ និងក្រុមគ្រូពេទ្យជំនាញ រួចស្ម័គ្រចិត្តចូលខ្លួនធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕