(បាត់ដំបង)៖ ដោយមើលឃើញពីការលំបាក និងការខ្វះទីជម្រករបស់អតីតយុទ្ធជនក្នុងខេត្តនោះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា បានកៀរគរសប្បុរសជននៅក្នុងខេត្តជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនក្នុងខេត្ត បានចំនួន ៧០ខ្នង។

លោក ងួន រតនៈ បានប្រាប់ Fresh News នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះថា ដោយសារតែក្តីអាណិតអាសូរ ចំពោះការខ្វះខាត និងជាការតបគុណចំពោះគុណបំណាច់របស់អតីតយុទ្ធជនក្នុងបុព្វហេតុជាតិមាតុភូមិពីអតីតកាល មានសប្បុរសជនជាច្រើន ដែលមានជីវភាពធូរធា បានស្ម័គ្រចិត្តបរិច្ចាគផ្ទាល់ខ្លួនជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនខ្វះទីជម្រកនេះ។

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលកំពុងស្នាក់នៅខេត្តបាត់ដំបូង ដើម្បីប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជនក្នុងខេត្តនៅថ្ងៃទី២២ ខែមករា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តលោក ងួន រតនៈ ចំពោះការស្វះស្វែងជួយដោះស្រាយការលំបាករបស់អតីតយុទ្ធជន។

លោកទេសរដ្ឋមន្ត្រី បានចាត់ទុកទឹកចិត្ត និងកាយវិការរបស់លោក ងួន រតនៈ ចំពោះអតីតយុទ្ធជន និងក្រុមគ្រួសារ ជាកាយវិការគំរូមួយ។

លោក គន់ គីម ដែលជាសេនាធិការរបស់សម្តេចតេជោ លើការងារអតីតយុទ្ធជន ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីផ្តល់ជម្រកកក់ក្តៅដល់អតីតយុទ្ធជនកម្ពុជា។

លោក គន់ គីម បានលើកឡើងដូច្នេះ «នេះជាកាយវិការមួយល្អណាស់សម្រាប់ជាការតបស្នងសងគុណបងប្អូនអតីតយុទ្ធជនយើង ដែលពួកគាត់សុទ្ធតែមានគុណបំណាច់សម្រាប់សង្គមជាតិយើង។ ព្រោះតែការលះបង់ក្នុងបុព្វហេតុជាតិនេះហើយ ទើបរក្សាបាននូវសុខសន្តិភាព និងផ្តល់ឱកាសល្អសម្រាប់ការរកស៊ី ការវិនិយោគរហូតមានជីវភាពល្អ។ ដូច្នេះយើងត្រូវចេះតបស្នងសងគុណពួកគាត់»។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសមាគមអតីតយុទ្ធជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជនកម្ពុជា។ រាជរដ្ឋាភិបាល បានផ្តល់ជាដីសម្រាប់សង់លំនៅឋាន ដីសម្រាប់បង្កបង្កើនផល ប្រាក់បៀវត្សរ៍ និងប្រាក់គោលនយោបាយផ្សេងៗមួយចំនួនទៀត។

តាមរយៈការគិតគូរនេះ បានធ្វើឱ្យជីវភាពរបស់ក្រុមគ្រួសារអតីតយុទ្ធជន បានកាន់តែល្អប្រសើរ។ លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលជាអ្នកប្រតិបត្តិផ្ទាល់លើការងារអតីតយុទ្ធជននេះ តែងតែបានពិនិត្យដោយផ្ទាល់ដល់កន្លែងរស់នៅរបស់អតីតយុទ្ធជន ដើម្បីស្វែងយល់ពីការរស់នៅ និងសុខទុក្ខរបស់អតីតយុទ្ធជន។

លោក គន់ គីម ក៏បានដាក់ចេញ និងចង្អុលបង្ហាញនូវការងារអាទិភាពមួយចំនួនដល់មន្ត្រី និងអ្នកពាក់ព័ន្ធ ដើម្បីលើកកម្ពស់ជីវភាព និងការរស់នៅរបស់អតីតយុទ្ធជនឱ្យបានល្អប្រសើរ៕