(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា បានបង្ហាញក្ដីព្រួយបារម្ភជាខ្លាំង ចំពោះការបោះបង់អាជីពរបស់ភ្នាក់ងារទេសចរណ៍ អ្នកជំនាញទេសចរណ៍ ទៅប្រកបមុខរបរផ្សេងៗ ដើម្បីដោះស្រាយជីវភាពគ្រួសារ ក្នុងពេលដែលកម្ពុជា ក៏ដូចជាពិភពលោកកំពុងប្រឈមនឹងជំងឺកូវីដ១៩ ធ្វើឲ្យមិនមានភ្ញៀវទេសចរមកទេសចរណ៍នៅកម្ពុជា និងមិនអាចរកចំណូលបាន។

ក្ដីព្រួយបារម្ភរបស់ប្រធានសមាគមរូបនេះ បានបង្ហាញពីភាពប្រឈមចំពោះការបាត់បង់ អ្នកជំនាញទេសចរណ៍នៅថ្ងៃណាមួយ ប្រសិនបើវិស័យទេសចរណ៍នៅតែបន្ដភាពតានតឹង។

ថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ លោកស្រី ឆាយ ស៊ីវលីន បានឲ្យដឹងថា «កម្ពុជាអាចប្រឈមការខ្វះខាត អ្នកជំនាញផ្នែកទេសចរណ៍នៅថ្ងៃណាមួយ ដោយសារតែការអត់ទុនបម្រុង ម្ចាស់សហគ្រាសទាំងអស់ ដែលធ្លាប់ទំនុកបម្រុង អ្នកជំនាញទេសចរណ៍កន្លងមក បានឈប់ទំនុកបម្រុងបន្ដទៀត។ កត្តាទាំងនេះធ្វើឲ្យអ្នករកស៊ីលើវិស័យនេះ បែកខ្ញែកគ្នាទៅបម្រើការងារផ្សេងជាច្រើនទៀតដូចជា ធ្វើសំណង់, លក់ដីឡូតិ៍ និងបំពេញការងារផ្សេងៗជាដើម»។

លោកស្រី ឆាយ ស៊ីវលីន បានបន្ដថា ជាការបារម្ភមួយ ព្រោះមិនបានដឹងថា អ្នកជំនាញទេសចរណ៍ទាំងនោះ ទៅបំពេញការងារនៅឯណាខ្លះ។ មួយវិញទៀតបើពួកគាត់ ជាប់ជាមួយការងារថ្មីហើយ ច្បាស់ណាស់វិស័យទេសចរណ៍ នឹងបាត់បង់អ្នកជំនាញទាំងនោះ ព្រោះថាអ្នកជំនាញមួយចំនួន នឹងមិនអាចត្រឡប់មកបម្រើ លើវិស័យទេសចរណ៍វិញទេ។

លោកស្រីឲ្យដឹងទៀតថា «ខ្ញុំបារម្ភថានៅពេលណា ដែលស្ថានការណ៍ប្រសើរឡើង កម្ពុជាមិនមានអ្នកជំនាញទេសចរណ៍ ក្នុងការប្រតិបត្តិ ព្រោះវិស័យទេសចរណ៍ទាមទារអ្នកជំនាញមកប្រតិបត្តិ ប្រសិនបើមិនមានអ្នកជំនាញទេ តើកម្ពុជាមានអ្វីទៅអូសទាញប្រកួតប្រជែង ប្រទេសក្នុងអាស៊ាន?»

លោកស្រីបន្ដថា «ក្នុងនាមសមាគមកន្លងមកបានរិះរកការគាំទ្រពី អង្គការក្រៅរដ្ឋាភិបាលជាច្រើន ដើម្បីផ្ដល់ការងារដល់អ្នកជំនាញផ្នែកទេសចរណ៍ ទោះបីជាការងារផ្សេងក៏ដោយ ប៉ុន្ដែមិនមានការឆ្លើយតបណាមួយជាវិជ្ជមាននោះទេ ដោយសារតែអង្គការក្រៅរដ្ឋាភិបាល ប្រតិបត្តិការជាគម្រោងដែលរៀបចំឡើងម្ដងមួយឆ្នាំ មិនអាចរៀបចំបន្ទាន់ៗបានឡើយ»

លោកស្រីបញ្ជាក់ថា «តំណាងឲ្យវិស័យឯកជន ខ្ញុំចង់បានការចេញវិធានការបន្ទាន់ណាមួយ ស្នើសុំដល់រាជដ្ឋាភិបាលជួយ ដល់អ្នកជំនាញផ្នែកទេសចរណ៍នេះ ព្រោះថាអ្នកជំនាញផ្នែកទេសចរណ៍ ទម្រាំងបានចេញមកបម្រើការងារដូចបច្ចុប្បន្ននេះ គឺពួកគាត់ទទួលបានការបណ្ដុះបណ្ដាល និងការសិក្សាអស់រយៈពេលជាច្រើនឆ្នាំ។ នេះជាក្ដីលំបាកមួយប្រសិនបើ ចង់រកអ្នកជំនាញដែលមានជំនាញច្រើនឆ្នាំ មកបំពេញការងារ»