(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៉ីប្រចាំនៅកម្ពុជា លោក អាណាតូលី បូរ៉ូវីក នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានជួបសំណេះសំណាលជាមួយលោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News។ ជំនួបនេះបានធ្វើឡើងនៅឯស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ក្នុងរាជធានីភ្នំពេញ។

ក្នុងកិច្ចសំណេះសំណាលនោះ ភាគីទាំងពីរបានសាកសួរសុខទុក្ខគ្នាទៅវិញទៅមក។ បន្ថែមលើនេះឯកអគ្គរដ្ឋទូត បានចែករំលែកពីស្ថានភាពផ្សេងៗនៅសហព័ន្ធរុស្ស៉ី ព្រមទាំងស្ថានភាពជំងឺកូវីដ១៩ ឲ្យលោកអគ្គនាយកអង្គភាពព័ត៌មាន Fresh News បានជ្រួតជ្រាបផងដែរ។

លោក បូរ៉ូវីក ថែមទាំងបានចាប់អារម្មណ៍ពីស្ថានភាពកូវីដ១៩ នៅកម្ពុជា និងបានសរសើរវិធានការរាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ការរីករាលដាលជំងឺនេះ យ៉ាងមានប្រសិទ្ធភាព។ នៅចំពោះមុខលោក លឹម ជាវុត្ថា លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញពីឆន្ទៈរបស់ខ្លួនឲ្យសារព័ត៌មានរុស្ស៉ី និងកម្ពុជា ធ្វើការជាមួយគ្នាដោយ ជិតស្និទ្ធបន្ថែមទៀតផង លើសពីនោះលោកចង់ឲ្យអង្គភាពព័ត៌មាន Fresh News បន្តជួយផ្សព្វផ្សាយព័ត៌មាននានាពាក់ព័ន្ធនឹងរុស្ស៉ីបន្ថែមទៀត។

បន្ថែមពីនោះលោកឯកអគ្គរដ្ឋទូតបានថ្លែងថា ប្រសិនបើអង្គភាពព័ត៌មាន Fresh News មានសំណួរ ឬចង់ដឹងអំពីអ្វីដែលជាពាក់ព័ន្ធសហព័ន្ធរុស្ស៉ី លោករីករាយក្នុងការឆ្លើយតប និងផ្តល់នូវព័ត៌មានពិតប្រាកដជូនអង្គភាពព័ត៌មាន Fresh News ដើម្បីផ្សព្វផ្សាយជូនពលរដ្ឋកម្ពុជាបានជ្រាប។

លោក លឹម ជាវុត្ថា បានថ្លែងអំណរគុណលោក បូរ៉វីក ដែលបានចំណាយពេល និងផ្តល់កិត្តិយសឲ្យលោកបានជួបសំណេះសំណាល។ លោកថ្លែងថា Fresh News បានផ្សារភ្ជាប់ទំនាក់ទំនងជាមួយស្ថានទូតសហព័ន្ធរុស្ស៉ីនៅកម្ពុជាជាយូរមកហើយ ហើយលោកអគ្គនាយកប្រតិបត្តិ ក៏បានបង្ហាញក្តីរីករាយ ក្នុងការបន្តការសហការជាមួយស្ថានទូតរុស្ស៉ីនៅកម្ពុជាបន្ថែមទៀតផងដែរ៕