(ភ្នំពេញ)៖ កិច្ចប្រជុំលើកទី១ គណៈកម្មការចម្រុះ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កម្ពុជា-ហុងគ្រី ត្រូវបានរៀបចំឡើង រយៈពេល០២ថ្ងៃ គឺនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានបញ្ចប់ដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

កិច្ចប្រជុំនេះ មានការចូលរួមពី លោកស្រី តឹក រ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក អ៊ីស្វាន់ ចូ (István Joó) អនុរដ្ឋមន្ត្រី នៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ និងមានការអញ្ជើញចូលរួម ពីមន្រ្តីជាន់ខ្ពស់មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ និងជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិស័យអាទិភាពផ្សេងៗ ដែលត្រូវបាន ចុះហត្ថលេខា ដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Péter Szijjártó រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នាអំឡុងពេលទស្សនកិច្ចជាផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី។

ជាលទ្ធផល ក្រុមការងារនៃគណៈកម្មការចម្រុះកម្ពុជា-ហុងគ្រី បានកត់សម្គាល់ពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងកិច្ចពិគ្រោះយោបល់ជាប្រចាំ និងបន្តបេ្តជ្ញាចិត្ត លើកស្ទួយកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀត។

សម្រាប់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ភាគីទាំងពីរ បានបង្ហាញពីឆន្ទៈខ្ពស់ ក្នុងការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងការពារការវិនិយោគ រវាងរាជរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាលហុងគ្រី ដែលបានចូលជាធរមាន កាលពីខែសីហា ឆ្នាំ២០១៧ និងបានស្វាគមន៍ការចូលរួម ពីភ្នាក់ងារជំរុញការវិនិយោគហុងគ្រី (The Hungarian Investment Promotion Agency-HIPA) ក្នុងការជួយសម្រួល និងទាក់ទាញវិនិយោគិនហុងគ្រីមកកម្ពុជា ក៏ដូចជាការស្វែងយល់បន្ថែម ពីផលិតផលសក្តានុពលកម្ពុជា រួមមានកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មកែច្នៃ ដែលអាចនាំចេញទៅទីផ្សារហុងគ្រីបាន។

សម្រាប់វិស័យកសិកម្ម សន្តិសុខស្បៀង និងរុក្ខាប្រមាញ់ ភាគីទាំងពីរ បានពិភាក្សាពីកិច្ចសហប្រតិបត្តិការ ដែលមានរយៈវែង ស្តីពីការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ក្នុងការចិញ្ជឹមសត្វ និងធ្វើស្រែចំការ ឲ្យមានប្រសិទ្ធិភាពខ្ពស់ រវាង National Agricultural Research and Innovation Centre Research Institute for Fisheries and Aquaculture (NAIK HAKI) និងស្ថាប័នពាក់ព័ន្ធវិស័យវារីវប្បកម្មនៅកម្ពុជា។

សម្រាប់វិស័យគ្រប់គ្រងធនធានទឹក ភាគីទាំងពីរ បានឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនឹងការគ្រប់គ្រងអាងទន្លេ (River basin) ឆ្លើយតបនឹងផលប៉ះពាល់ នៃបម្រែបម្រួលអាកាសធាតុ លើបាតុភូតរាំងស្ងួត និងកង្វះខាតប្រភពទឹក និងការគ្រប់គ្រងធនធានទឹក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

សម្រាប់វិស័យអប់រំ យុវជន និងកីឡា ភាគីទាំងពីរ បានឯកភាពលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់អាហារូបករណ៍ និងចែករំលែកបទពិសោធន៍ ស្តីពីសកម្មភាពយុវជន យុទ្ធសាស្រ្តបណ្តុះបណ្តាលជំនាញផ្នែកវិជ្ជាជីវៈ៤.០ (VET 4.0) និងការផ្លាស់ប្តូរដំណើរទស្សនកិច្ចប្រតិភូយុវជន។ ភាគីកម្ពុជា ក៏បានថ្លែងអំណរគុណដល់ភាគីហុងគ្រី សម្រាប់ការបន្ថែមចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា ចាប់ពីឆ្នាំសិក្សា២០២១នេះតទៅ។

ក្រៅពីវិស័យសំខាន់ៗខាងលើ ភាគីទាំងពីរ បានសម្តែងចំណាប់អារម្មណ៍ និងបេ្តជ្ញាចិត្តគាំទ្រពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ វប្បធម៌ ទេសចរណ៍ អាកាសចរស៊ីវិល ផងដែរ។

បន្ថែមពីនេះ ក្រុមការងារនៃគណៈកម្មការចម្រុះ នឹងខិតខំអនុវត្តឲ្យមានប្រសិទ្ធភាព នូវអនុស្សារណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខា នាពេលកន្លងមក តាមរយៈការផ្លាស់ប្តូរមតិយោបល់ និងដំណើរទស្សនកិច្ច។

ភាគីទាំងពីរ បានពិភាក្សាអំពីលទ្ធភាពប្រើប្រាស់គម្រោងឥណទាន Tied Aid Credit Cooperation សម្រាប់គម្រោងអភិវឌ្ឍតេជោភូមិ ១០០ និងការសិក្សាលម្អិត ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីលទ្ធភាពនៃការប្រើប្រាស់ឥណទាននេះ សម្រាប់កិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាពរបស់កម្ពុជា មានដូចជា៖ កសិកម្ម សុវត្ថិភាពម្ហូបអាហារ ប្រព័ន្ធគ្រប់គ្រងធារាសាស្រ្ត បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ជាដើម។

ជាកិច្ចបញ្ចប់ភាគីទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុរួម នៃកិច្ចប្រជុំលើកទី១ គណៈកម្មការចម្រុះ នៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី នៅក្នុងបរិយាកាសដ៏ស្និទស្នាលរីករាយ និងបានព្រមព្រៀងថា នឹងគ្រោងរៀបចំកិច្ចប្រជុំលើកទី២ គណៈកម្មការចម្រុះនេះ នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី នៅពេលវេលាសមស្រម នាពេលអនាគត។

លោកស្រី តឹក រ៉េត កំរង បានគូសបញ្ជាក់ថា ក្រោយពីបញ្ចប់កិច្ចប្រជុំនេះ ជាពិសេសដំណើរទស្សនកិច្ច រវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ នឹងជួយជំរុញឲ្យសេដ្ឋកិច្ច ក៏ដូចជាទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ នឹងមានការកើនឡើង។ លើសពីនោះទៀត កម្ពុជា ក៏បានជំរុញឲ្យប្រទេសហុងគ្រី មកវិនិយោគលើវិស័យកសិកម្ម និងឧស្សាហកម្មផងដែរ។

សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១៧ រហូតត្រឹមឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេរភាគី រវាងកម្ពុជា-ហុងគ្រី សម្រេចបានក្នុងទំហំទឹកប្រាក់ សរុបជាង១៦លានដុល្លារអាមេរិក។ ខណៈពេញមួយឆ្នាំ២០២០ ទំហំពាណិជ្ជកម្ម កម្ពុជា-ហុងគ្រី សរុបជាង៤លានដុល្លារអាមេរិក៕