(មណ្ឌលគិរី)៖ បើតាមលោក ចាន់ ឡាលី មន្ត្រីអង្គការ CIRD បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងដំណើរបេសកកម្មព័ត៌មាន នៅក្នុងសហគមន៍អបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ឱ្យដឹងថា ទឹកឃ្មុំព្រៃនៃសហគមន៍មណ្ឌលគិរី ត្រៀមចុះបញ្ជី ដើម្បីក្លាយជាផលិតផលសម្គាល់ភូមិសាស្ត្រ មិនឱ្យផលិតផលទឹកឃ្មុំកន្លែងផ្សេងមកបន្លំយកឈ្មោះទឹកឃ្មុំមណ្ឌលគិរីនោះទេ។

របររកទឹកឃ្មុំព្រៃ ជារបរទី២ របស់ប្រជាកសិករ ក្រៅទំនេរ ពីការងារធ្វើស្រែចម្ការ ហើយមុខរបរមួយនេះ អាជ្ញាធរ និងអង្គការដៃគូណែនាំទៅដល់ប្រជាសហគមន៍ឱ្យអនុវត្ត និងធ្វើតាមលក្ខណៈបច្ចេកទេស ជៀសវាងកុំសម្លាប់ឃ្មុំទាំងសំបុក។

បើតាមលោក ចាន់ ឡាលី បានបន្ថែមយ៉ាងដូច្នេះថា «នៅពេលនេះយើងបានត្រៀមឯកសាររួចរាល់ជិត ១០០ភាគរយហើយ ដើម្បីចុះបញ្ជីសម្គាល់ភូមិសាស្ត្រ នៅក្រសួងពាណិជ្ជកម្ម។ ចុះបញ្ជីការទឹកឃ្មុំព្រៃ មានកម្មសិទ្ធិបញ្ញាត្រឹមត្រូវនេះ ដើម្បីរួមគ្នាថែរក្សា កេរ្តិ៍ឈ្មោះរបស់សហគមន៍»

លោកបានបន្តថា បងប្អូនជនជាតិដើមភាគតិច នៅតាមតំបន់នីមួយៗ នៅតែបន្តប្រកបរបររកឃ្មុំព្រៃ ដើម្បីលក់បានប្រាក់ចំណូល សម្រាប់ដោះស្រាយជីវភាពបន្ទាប់ពីមុខរបរធ្វើស្រែចម្ការ និងបានរួមគ្នាថែរក្សាអត្តសញ្ញាណមុខរបរពីដូនតាមក។

បើតាមលោក កើញ បូផាត់ ប្រធានក្រុមអ្នកប្រមូលឃ្មុំព្រៃជនជាតិដើមភាគតិចព្រៃរបាង បានគូសបញ្ជាក់ថា៖ «ក្នុង១ឆ្នាំ ជាទូទៅប្រមូលចូលក្នុងសហគមន៍ ចាប់ពី២០តោន ទៅ៣០តោន បូករួមទាំងហូរចេញទៅខាងក្រៅវិញ ចូលទៅ៧០តោន បើនិយាយទូទាំងខេត្តមណ្ឌលគិរី ហើយទឹកឃ្មុំដែលសហគមន៍របស់លោកប្រមូល គឺទឹកឃ្មុំចង្អេរទាំងអស់»

លោកបានឱ្យដឹងថា ទឹកឃ្មុំរបស់សហគមន៍ មានទីផ្សារនៅភ្នំពេញ, ខេត្តសៀមរាប ខេត្តព្រះសីហនុ និងលក់តាម Online។ លោកក៏បានបង្ហាញក្តីរំភើបថា បច្ចុប្បន្ននេះ ចរន្តនៃការប្រើប្រាស់ទឹកឃ្មុំព្រៃធម្មជាតិសុទ្ធ១០០ភាគរយនេះ គឺមានកំណើនយ៉ាងខ្លាំង ខណៈក្នុង១ថ្ងៃ សហគមន៍របស់លោកលក់ទឹកឃ្មុំបានចាប់ពី៥០ ទៅ១០០លីត្រ។ សម្រាបទឹកឃ្មុំព្រៃ ដែលប្រជាសហគមន៍ប្រមូល គឺចាប់ផ្តើមពីខែ៣ ដល់ខែ៦ ខណៈនៅឆ្នាំ២០២០ សហគមន៍របស់លោកបានបង្កើតឱ្យក្រុមប្រមូលឃ្មុំព្រៃចំនួន ១១ក្រុម និងមានសមាជិក ៥១៦នាក់ ទូទាំងខេត្តមណ្ឌលគិរី។

លោក កើញ បូផាត់ បានបន្ថែមថា សហគន៍អបួនលើ គឺបានបង្កើតឡើងរយៈពេល១៣ឆ្នាំមកហើយ ដោយឡែកការបង្កើតជាសហគមន៍នេះ គឺបានកាត់បន្ថយជាច្រើនចំពោះការកាប់ព្រៃឈើ ព្រោះប្រជាពលរដ្ឋមិនទានយល់ដឹងពីសារៈសំខាន់នៃព្រៃឈើ។ ដូច្នេះ តាមរយៈការចងក្រងជាសហគមន៍នេះឡើងបានបង្វែរអារម្មណ៍របស់ប្រជាពលរដ្ឋឱ្យរក្សាព្រៃឈើ ដោយសារតែពួកគាត់អាចរកចំណូលបានតាមរយៈរកទឹកឃ្មុំព្រៃមកលក់ឱ្យអតិថិជន ដែលមានតម្លៃសមរម្យជាដើម។

លោក កើញ បូផាត បានបញ្ជាក់ថា ដើម្បីជួយសម្រួលជីវភាពរបស់បងប្អូនជនជាតិភាគតិច ដែលប្រមូលចងក្រងជាសហគមន៍ លោកប្រមូលទិញពីពួកគាត់ដើម្បីស្វែងរកទីផ្សារសម្រាប់ពួកគាត់ជួយសម្រួលជីវភាពពួកគាត់កាន់តែប្រសើឡើង។

លោកបានបញ្ជាក់ថា ឃ្មុំព្រៃបច្ចុប្បន្ន មិនសូវសម្បូរទេ ដោយសារខ្វះជម្រកហើយសកម្មភាពយកឃ្មុំនេះ ក៏មានអ្នកខ្លះបានប្រើភ្លើងដុតសម្លាប់វាទាំងសំបុក។ របៀបយកឃ្មុំព្រៃនេះ ពួកគាត់បានប្រើភ្លើងគុប ដើម្បីបន្លាចឱ្យសត្វឃ្មុំហើរចេញពីសំបុក ទើបយើងខ្វារយក ទឹករបស់វា ក្នុងឃ្មុំមួយអាចបានទឹកពីមួយលីត្រ ឬទៅដល់ ៥លីត្រក៏មាន ទៅតាមឃ្មុំតូចធំ៕