(ភ្នំពេញ)៖ លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យ និងជាប្រធានក្រុមហ៊ុន Property 78 បានលើកឡើងថា នៅដើមឆ្នាំ២០២១ ចាប់ពីខែមករាតទៅ វិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា នឹងមានការកម្រើកឡើងវិញ ប៉ុន្តែត្រូវផ្អែកលើស្ថានភាពវ៉ាក់សាំង។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងពិធីចុះកិច្ចព្រមព្រៀង អនុស្សរណៈយោគយល់គ្នា និងកម្មវិធីសន្និសីទសារព័ត៌មាន រវាង Spring CJW Development- Property 78 (Cambodia) and Spring CJW Development- CIA First International School នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។

លោក ឃាង ពុទ្ធី បានឲ្យដឹងថា ឆ្នាំ២០២០ គឺជាពេលដ៏លំបាក សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក៏ដូចជាវិស័យអចលនទ្រព្យនៅកម្ពុជា ក៏ដូចជាសាកល លោកទាំងមូល ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឲ្យមានផលប៉ះពាល់ សឹងតែគ្រប់វិស័យ លើកលែងតែវិស័យកសិកម្មចំណីអាហារ -ល-។

លោកថា នៅដើមឆ្នាំ២០២១នេះ បើតាមការលើកឡើង របស់បណ្តាអ្នកជំនួញ និងអ្នកជំនាញជាច្រើន បានបង្ហាញពីក្តីរំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងចាប់ផ្តើមកម្រើកឡើងវិញ ដែលក្នុងនោះ វិស័យចលនទ្រព្យ ក៏អាចមានភាពល្អប្រសើរឡើងវិញ ជាបណ្តើរៗផងដែរ។

ជាមួយនឹងក្តីរំពឹងទុក ដូចការលើកឡើងខាងលើនេះ លោកបានអង្កេតឃើញថា ទីផ្សារអចលនទ្រព្យ អាចល្អ ឬមិនល្អ គឺវាអាស្រ័យទៅលើស្ថានការណ៍ជាក់ស្តែង នៃភាពប្រឈមទៅនឹងវិបត្តិនៃជំងឺ ប៉ុន្តែអចលនវត្ថុនៅតំបន់ខ្លះ ដែលមានសក្តានុពល គឺនៅតែបន្តមានទីផ្សារ និងមានការទិញលក់ធម្មតា។

បន្ថែមពីនោះទៀត លោកថា វាបន្តមានដំណើរការល្អ ឬមិនល្អ គឺត្រូវមើលទៅលើភាពថមថយ នៃជំងឺកូវីដ-១៩ ដែលអ្នកវិទ្យាសាស្ត្រ កំពុងរកឃើញវ៉ាក់សាំង ហើយប្រទេសធំៗជាច្រើន ក៏កំពុងតែអនុម័តឲ្យប្រជាជនគេប្រើប្រាស់ ការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់។

លោក ឃាង ពុទ្ធី បានលើកឡើងទៀតថា សម្រាប់វិស័យចលនទ្រព្យនៅកម្ពុជា នៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ ឃើញថា មានការទិញលក់ និងបង្កើនសង្វាក់ ផលិតកម្មមួយចំនួន មានដំណើរការឡើងវិញ ជាបណ្តើរៗ ដូច្នេះរូបភាពនេះ ជាសញ្ញាបង្ហាញចរន្តសេដ្ឋកិច្ច មានសកម្មភាពឡើងវិញ។

លោកបញ្ជាក់ថា «លើសពីនេះទៅទៀត ដើម្បីឲ្យវិស័យអចលនទ្រព្យ អាចល្អប្រសើរឡើងបន្តទៅទៀត ក៏ត្រូវពឹងផ្អែកទៅលើវិស័យផ្សេងៗ ពោលគឺទាល់តែមាន សកម្មភាពទិញ លក់ ជួល និងសាងសង់ជាដើម»

ដូច្នេះបើគិត ក្នុងស្ថានភាពទីផ្សារឆ្នាំ២០២១នេះ លោក ឃាង ពុទ្ធី សង្ឃឹមថា ចាប់ពីខែទី៤ នៃឆ្នាំ២០២១ ដែលស្ថិតនៅក្នុងត្រីមាសទី២ ទើបយើងឃើញសញ្ញាល្អ និងអាចដំណើរការឡើងវិញបាន។

លោកថា «តាមការអង្កេត និងវិភាគរបស់ខ្ញុំ ក៏អាចនិយាយបានថា ប្រទេសយើង នៅដើមឆ្នាំ២០២១ ចាប់ពីខែមករាទៅ នឹងមានការកម្រើកឡើងវិញ នូវវិស័យអចលនទ្រព្យ ប៉ុន្តែត្រូវផ្អែកលើស្ថានភាពវ៉ាក់សាំង»

ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យ បានគូសបញ្ជាក់ថា យើងទាមទារពេលវេលា ចាប់ពីខែ២ ទៅខែ៣ ជាពេលមួយ ដែលយើងអាចរៀបចំ ឲ្យជោគជ័យនៃសកម្មភាពសេដ្ឋកិច្ច នៅខាងដំណើរការដោយរលូន ប្រសិនបើមិនមានការគំរាមកំហែង ពីវិបត្តិនៃជំងឺសាជាថ្មី៕