(ភ្នំពេញ)៖ ប៉ូលិសដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹង ចំនួន៧គោលដៅទៀត ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីសុវត្ថិភាពចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ នៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ចាប់ពីម៉ោង៩ ដល់ម៉ោង៣ទៀបភ្លឺ។

ប្រធាននាយកដ្ឋាននគរបាល​ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រលប់ថ្ងៃនេះថា ប៉ុស្តិ៍ត្រួតពិនិត្យ ៧ទីតាំង ក្នុងនោះមាន ៥ទីតាំង ស្ថិតក្នុងរាជធានីភ្នំពេញ មានភូមិសាស្រ្តដូចជា៖

ស្ថិតក្នុងខណ្ឌច្បារអំពៅ, ខណ្ឌមានជ័យ, ខណ្ឌទួលគោក , ខណ្ឌឫស្សីកែវ និងនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី។ ចំណែក២ទីតាំងទៀត នៅជាយក្រុង គឺនៅតាមបណ្តាយផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥។

គួរបញ្ជាក់ថា នៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ សមត្ថកិច្ចបានឃាត់ខ្លួន អ្នកបើកបរស្រវឹងចំនួន១១នាក់ ក្នុងប្រតិបត្តិការ ត្រួតពិនិត្យអ្នកបើកបរ ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង នេះបើយោងតាមរបាយការណ៍លទ្ធផល នៃការត្រួតពិនិត្យ របស់នគរបាលចរាចរណ៍៕